លោក ហែម ថុន ដែលគេចាត់ទុកថា ជាកីឡាករហែលទឹកដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជាបានស្លាប់នៅក្នុងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃច័ន្ទ ក្នុងអាយុ៧១ឆ្នាំ។
លោក ហែម គិរី កូនប្រុសរបស់លោក ហែម ថុន និងជាអនុប្រធានសម្ព័ន្ធកីឡាហែលទឹកខ្មែរបានមានប្រសាសន៍ថា ឪពុករបស់លោកដែលឈ្នះមេដាយអន្តរជាតិចំនួន១២ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង ៧០ ហើយក្រោយមកបានក្លាយជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានស្លាប់នៅម៉ោង៦និង៤៥នាទីល្ងាចម្សិលមិញ បន្ទាប់ពីពុះពារជំងឺសួត និងជំងឺថ្លើមជាយូរមកហើយ។
លោក គិរី បានមានប្រសាសន៍កាលពីម្សិលមិញអំឡុងពិធីមួយនៅផ្ទះរបស់ឪពុកលោកនៅក្នុងខណ្ឌពោធិ៍សែនជ័យថា ” ឪពុករបស់ខ្ញុំទើបតែបានធូរស្រាលពីជំងឺថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម្ដងទៀតកាលពីព្រឹកថ្ងៃសៅរ៍ ខណៈគាត់មិនស្រួលខ្លួន”។
លោកបានបន្ថែមថា ” គាត់ជាមេគ្រួសារ ដែលបានតស៊ូសម្រាប់កូនៗពេញមួយជីវិត ហើយតែងតែប្រឹងប្រែងធ្វើការក្នុងវិស័យកីឡា”។
ដោយកើតក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងឆ្នាំ១៩៤៣ ដំបូងលោក ហែម ថុន សង្ឃឹមថា នឹងក្លាយជាកីឡាបាល់ទាត់អាជីពម្នាក់ ប៉ុន្តែបានក្លាយជាកីឡាករហែលទឹកវិញនៅពេលម្ដាយរបស់លោកហាមរូបលោកមិនឲ្យធ្វើដំណើរទៅប្រទេសចិនក្នុងឆ្នាំ១៩៥៩ សម្រាប់ការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។
លោក ហែម ថុន បាននាំមុខមាត់សម្រាប់កីឡាហែលទឹកកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលទទួលបានការអបអរសាទរពីមនុស្សជាច្រើននៅពេលយុគសម័យមាសនៃភាពជោគជ័យផ្នែកកីឡាក្នុងប្រទេសកម្ពុជា។ នៅពេលខ្មែរក្រហមបានកាន់អំណាចក្នុងឆ្នាំ១៩៧៥ កីឡាករអត្តពលកម្មក្នុងប្រទេសកម្ពុជាទាំងអស់បានបង្ខំចិត្តលាក់បាំងអត្តសញ្ញាណរបស់ខ្លួន។
បន្ទាប់ពីបាត់បង់កូនបួននាក់ ដែលបានស្លាប់ដោយសារភាពអត់ឃ្លានអំឡុងរបប ប៉ុលពត លោក ហែម ថុន បានត្រឡប់មករស់នៅក្នុងខេត្តកណ្ដាលវិញ ហើយបានធ្វើជាកសិករម្នាក់មុនពេលអ្នកកីឡាដែលនៅរស់ជំនាន់រូបលោកបានតាមរកលោកឃើញ ហើយបានសុំឲ្យលោកផ្លាស់ទៅរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយកសាងវិស័យកីឡាក្នុងប្រទេសកម្ពុជាឡើងវិញ។
មានប្រសាសន៍នៅពិធីកាលពីម្សិលមិញ លោក ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកបានហៅលោក ហែម ថុន ថាជា ”ព្រឹទ្ធាចារ្យកីឡា” ហើយបានមានប្រសាសន៍ថា លោកក្រៀមក្រំណាស់ដែលកីឡាករហែលទឹកដ៏ល្បីល្បាញរូបនេះមិនបាននៅរស់ឃើញប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក ថោង ខុន បានមានប្រសាសន៍ថា ”គាត់បាននិយាយថា នៅសល់ប្រាំបីឆ្នាំទៀតប៉ុណ្ណោះដល់កីឡាស៊ីហ្គេមហើយ ដូច្នេះគាត់ប្រហែលជាអាចបានឃើញកីឡានេះ ប៉ុន្តែឥឡូវនេះយើងបានបាត់បង់គាត់ហើយ”៕ សារុន