មន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនពលរដ្ឋខ្មែរដែលត្រូវបានបាញ់សម្លាប់ពេលឆ្លងកាត់ព្រំដែនទៅកាប់ឈើក្នុងទឹកដីថៃបានធ្លាក់ចុះជាង៦៦ភាគរយកាលពីឆ្នាំមុន ប៉ុន្តែ ចំនួនអ្នករងរបួសវិញបែរជាកើនឡើង។
យោងតាមលោក ហូ សាគុណ ប្រធាននាយកដ្ឋានកណ្តាលនគរបាលការពារព្រំដែននៅក្រសួងមហាផ្ទៃបានឲ្យដឹងថា មនុស្សចំនួន១១នាក់ត្រូវបានបាញ់សម្លាប់ និង៣៤នាក់បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារដាច់ដោយឡែកចំនួន១៦កាលពីឆ្នាំ២០១៤បើធៀបនឹងឆ្នាំ២០១៣វិញគឺមានមនុស្សចំនួន៣៤នាក់ត្រូវបានបាញ់សម្លាប់ និង២៥នាក់បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារចំនួន៣៥លើក។
ឧត្តមសេនីយ៍ឯក សាគុណ បានលើកឡើងថា ហេតុការណ៍បាញ់ប្រហារភាគច្រើនបានកើតឡើងនៅក្នុងទឹកដីថៃក្បែរព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារជាកន្លែងដែលសម្បូរដោយឈើគ្រញូង។
លោកបានមានប្រសាសន៍ថា “មានតែតំបន់ក្បែរព្រំដែននៅក្នុងខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិនទេដែលការបាញ់ប្រហារកម្រកើតឡើង”។
និន្នាការបាញ់ប្រហារពីសំណាក់ទាហានថៃលើអ្នកកាប់ឈើជនជាតិខ្មែរដែលបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់ គឺជាមូលហេតុដែលធ្វើឲ្យទំនាក់ទំនងក្បែរព្រំដែនមានភាពរកាំរកូសអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
នៅក្នុងកិច្ចប្រជុំមួយចំនួន មន្ត្រីរដ្ឋាភិបាលកម្ពុជាបានទទូចម្តងហើយម្តងទៀតឲ្យសមភាគីថៃដោះស្រាយបញ្ហានេះ ហើយធានាថា ទាហានថៃធ្វើការចាប់ខ្លួនជាជាងបាញ់ប្រហារលើអ្នកកាប់ឈើ។
កាលពីខែមីនា ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាត្រូវបានកោះហៅជាផ្លូវការឲ្យទៅកាន់ក្រសួងការបរទេសដើម្បីបំភ្លឺអំពីការបាញ់ស្លាប់បុរសម្នាក់ដែលបានឆ្លងកាត់ព្រំដែនទៅរកឈើ។ ក្រសួងការបរទេសក៏បានផ្ញើលិខិតដែលមានប្រើពាក្យធ្ងន់ៗទៅកាន់ស្ថានទូតថៃផងដែរកាលពីខែធ្នូ ជុំវិញហេតុការណ៍ដ៏សាហាវមួយ ដែលស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់ពេលឆ្លងកាត់ព្រំដែនទៅដកផ្សិត។
ថ្វីបើចំនួនអ្នកស្លាប់ ដែលត្រូវបានកត់ត្រាដោយមន្ត្រីរដ្ឋាភិបាលបានធ្លាក់ចុះក៏ដោយ តែអង្គការសិទ្ធិមនុស្សអាដហុក ដែលក៏ឃ្លាំមើលការបាញ់ប្រហារនៅតាមព្រំដែនដែរនោះបានលើកឡើងថា តួលេខរបស់នគរបាលអំពីការបាញ់សម្លាប់ពលរដ្ឋខ្មែរនេះ គឺវាទំនងជាទាបខ្លាំងណាស់។
លោក នី ចរិយា ប្រធានក្រុមឃ្លាំមើលរបស់អង្គការអាដហុកបានលើកឡើងថា អ្នកឃ្លាំមើលបានរកឃើញថាមានមនុស្សចំនួន២៦នាក់ត្រូវបានបាញ់សម្លាប់ និង១៨នាក់រងរបួសកាលពីឆ្នាំ២០១៤។ លោក នី ចរិយា បានលើកឡើងទៀតថា លោកជឿជាក់ថា នគរបាលមូលដ្ឋានជូនកាលមិនបានរាយការណ៍អំពីការស្លាប់នៅតាមព្រំដែនទៅក្រសួងមហាផ្ទៃឡើយ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា តួលេខនៃអ្នករងរបួសដែលអង្គការអាដហុកទទួលបានប្រហែលជាមានការធ្លាក់ចុះ ព្រោះថា អ្នកកាប់ឈើដែលរងរបួសត្រូវគេដាក់សម្ពាធមិនឲ្យរាយការណ៍អំពីហេតុការណ៍ទាំងនេះទៅអង្គការសិទ្ធិមនុស្ស។ លោកបានមានប្រសាសន៍ថា “ភារកិច្ចរបស់យើង និងភារកិច្ចរបស់នគរបាលគឺខុសគ្នា”។
លោក ស្រី ណារ៉េន អ្នកឃ្លាំមើលរបស់អង្គការអាដហុកប្រចាំខេត្តឧត្តរមានជ័យបានលើកឡើងថា ការឃ្លាំមើលជួបការលំបាកកាន់តែខ្លាំងឡើងៗ ព្រោះឈ្មួញឈើដែលជួញដូរឈើគ្រញូងភាគច្រើនឈប់ជួលអ្នកកាប់ឈើក្នុងមូលដ្ឋានទៀតហើយ ហើយបានជួលយុវជនពីខេត្តផ្សេងៗជំនួសវិញដើម្បីមកធ្វើការងារដ៏គ្រោះថ្នាក់នេះ។
លោកបានពន្យល់ថា “ឈ្មួញរកស៊ីឈើគ្រញូងបានប្តូរវិធីសាស្ត្ររបស់ខ្លួនដោយជួលមនុស្សដែលនៅក្រៅខេត្តឧត្តរមានជ័យឲ្យមកកាប់ឈើគ្រញូងនៅក្នុងព្រៃដឹកដីថៃ ហេតុដូច្នេះ ប្រសិនបើទាហានថៃបាញ់ប្រហារ ហើយពួកគេស្លាប់នៅក្នុងព្រៃនោះ អ៊ីចឹងសាច់ញាត្តិរបស់អ្នកកាប់ឈើទាំងនោះនឹងមិនមករកពួកគេឡើយ ហើយយើងមិនអាចទទួលបានសេចក្តីរាយការណ៍នោះទេ”។
លោក ណារ៉េន បានលើកឡើងទៀតថា លោកគិតថា ប្រហែលជាមានអ្នកកាប់ឈើដែលស្លាប់ និងបាត់ខ្លួនច្រើនជាងនេះ ហើយសាច់ញាត្តិរបស់ពួកគេនៅមិនទាន់ដឹងថា ពួកគេបាត់ខ្លួននៅឡើយទេ។
លោកបានមានប្រសាសន៍បន្ថែមថា “អ្នកកាប់ឈើគ្រញូងនៅតែលួចចូលទៅក្នុងព្រៃទឹកដីថៃ ហើយការជួញដូរឈើគ្រញូងនៅតែមានច្រើនដដែលនៅក្នុងខេត្តឧត្តរមានជ័យ”៕ស៊ុយឈាង