31 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​កាត់​បន្ថយ​រយៈ​ពេល​យុទ្ធនាការ​បោះឆ្នោត​ពាក់​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧប​នាយករដ្ឋមន្ត្រី​ ប៊ិន ឈិន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា រយៈ​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ជា​ផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ ត្រូវតែ​កាត់​បន្ថយ​ពី​រយៈ​ពេល​៣០​ថ្ងៃ​មក​ត្រឹម​១៤​ថ្ងៃ​វិញ ដោយ​ការ​ដើរហែ​តាម​ផ្លូវ​អនុញ្ញាត​ឲ្យ​ធ្វើ​តែ​នៅ​ពេល​ថ្ងៃ​បើក​និង​ថ្ងៃ​បិទ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។

លោក ប៊ិន ឈិន កំពុង​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ក្នុង​ការ​ចរចា​ជាមួយ​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក គុយ ប៊ុនរឿន ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជា ដើម្បី​បង្គ្រប់​ច្បាប់​ដែល​ពួកគេ​បាន​ចរចា​គ្នា​កាលពី​ចុង​ឆ្នាំ​មុន ក្នុង​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទ្វេបក្ស​ថ្មី (NEC)។

លោក​បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់ពី​ការ​ប្រជុំ​កាលពី​ថ្ងៃ​ច័ន្ទ​ថា “យើង​ចង់​ឲ្យ​ការ​ដើរ​ហែ​ឃោសនា​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​បើក​និង​ថ្ងៃ​បិទ ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​កាត់​បន្ថយ​ការ​ប្រឈម​ក្នុង​សង្គម។ ដូច​យើង​នៅ​ភ្នំពេញ ជា​ឧទាហរណ៍​ស្រាប់ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ប្រសិនបើ​មាន​ការ​ហែ​ក្បួន​រាល់​ថ្ងៃ​នោះ”។

សព្វ​ថ្ងៃ​នេះ បណ្តា​គណបក្ស​នយោបាយ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ហែ​តាម​ផ្លូវ​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​យុទ្ធនាការ​ជា​ផ្លូវការ។ លោក ប៊ិន ឈិន បាន​និយាយ​ថា វា​អាច​ធ្វើ​ឲ្យ​លំបាក​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ឲ្យ​ទាន់​ពេល​វេលា​រាល់​យប់​ដើម្បី​បរិភោគ​អាហារ​ល្ងាច។

លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា “បញ្ហា​ជាច្រើន​ផ្សេងទៀត​ទាក់ទិន​នឹង​យុទ្ធនាការ​១៤​ថ្ងៃ​នេះ យើង​ចង់​កាត់​បន្ថយ​ការ​លំបាក​ជាច្រើន​ផងដែរ ពីព្រោះ​ប្រទេស​មួយ​ចំនួន​មិន​បន្លាយ​ពេល​យុទ្ធនាការ​របស់​ខ្លួន​ទេ”។

លោក ប៊ិន ឈិន បាន​លើក​ឡើង​ពី​យុទ្ធនាការ​រយៈ​ពេល​១២​ថ្ងៃ​នា​ពេល​ថ្មីៗ​របស់​ប្រទេស​ជប៉ុន ដែល​បាន​ធ្វើ​ឡើង​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ បាន​ស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់ និង​យុទ្ធនាការ​រយៈ​ពេល​៩​ថ្ងៃ​នៅ​ប្រទេស​សិង្ហបុរី។

លោក គុយ ប៊ុនរឿន ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មិន​អាច​ទទួល​យក​រយៈ​ពេល​ធ្វើ​យុទ្ធនាការ​តិច​ជាង​៣០​ថ្ងៃ​បាន​ទេ។ យុទ្ធនាការ​រយៈ​ពេល​៣០​ថ្ងៃ​ធ្លាប់​បាន​ធ្វើ​ពី​មុន​រាល់​ការ​បោះឆ្នោត​ ចាប់តាំងពី​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់​ឆ្នាំ​១៩៩៣​មក​ម៉្លេះ។ លោក​បាន​មាន​ប្រសាសន៍​ដែរ​ថា ​មិន​គួរ​មាន​ការ​រឹត​បន្តឹង​កំណត់​លើ​ពេល​វេលា​នៃ​ការ​ដើរហែ​ទេ។

លោក ប៊ុនរឿន បាន​និយាយ​បន្ទាប់ពី​ការ​ប្រជុំ​កាលពី​ថ្ងៃ​ច័ន្ទ​ថា “គណបក្ស​សង្គ្រោះ​ជាតិ​ចង់​រក្សា​ទុក​រយៈ​ពេល​នៃ​ការ​ដើរ​ហែ​និង​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅ​ដដែល ពីព្រោះ​ការ​ណែនាំ​របស់​យើង​គឺ​ថា យើង​មិន​ចង់​ឃើញ​ការ​ដាក់​កម្រិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឡើយ”។

ទោះជា​យ៉ាងណា​ក៏ដោយ ទាំង​លោក ប៊ិន ឈិន ទាំង​លោក គុយ ប៊ុនរឿន បាន​និយាយ​ថា គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​លើ​១៤​មាត្រា​ក្នុង​ចំណោម​២៤​មាត្រា​ស្តីពី​ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត ហើយ​នឹង​បញ្ជូន​មាត្រា​មួយ​ចំនួន​ផ្សេងទៀត​ទៅ​មេដឹកនាំ​បក្ស​ដើម្បី​សម្រេច។

លោក ប៊ុនរឿន បាន​មាន​ប្រសាសន៍​កាលពី​ឆ្នាំ​មុន​ថា គណបក្ស​ទាំងពីរ​មាន​បំណង​បញ្ចប់​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​នេះ​នៅ​ត្រឹម​ខែ​កុម្ភៈ ហើយ​បន្ទាប់មក​នឹង​បញ្ជូន​វា រួម​ជាមួយ​សេចក្តី​ព្រាង​របស់​ខ្លួន​នៃ​ច្បាប់ គ.ជ.ប. ទៅ​សភា​ដើម្បី​បោះ​ឆ្នោត​អនុម័ត៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស