32 C
Phnom Penh

នាយករដ្ឋមន្ត្រី​លើក​សរសើរ​ស្ថានីយ​វារីអគ្គិសនី​ថ្មី​នៅ​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ច័ន្ទ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ថានីយ​វា​រី​អគ្គិសនី​ ដែល​មាន​​កម្លាំង​៣៣៨​មេហ្គា​វ៉ា​ត់​ក្នុង​ខេត្ត​កោះកុង និង​បាន​មាន​ប្រសាសន៍​ថា​ វា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ក្នុង​ប្រទេស​នេះ។

ថ្លែង​ទៅ​កាន់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នៅ​ស្រុក​មណ្ឌលសីមា៉ ខេត្ត​កោះកុង លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​នេះ នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​ប្រជុំជន​ស្រុក​ស្រែ​អំបិល​និង​បទុមសាគរ​ក្នុង​ខេត្ត​នេះ ដោយ​ចាប់​ផ្តើម​ពី​ចុង​ខែ​នេះ​ទៅ។ លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​នឹង​ឃើញ​ការ​ចុះ​តម្លៃ​បន្ថែម​ទៀត​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៃ​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌល​សីម៉ា ដែល​សព្វថ្ងៃ​ពឹង​ផ្អែក​លើ​អគ្គិសនី​នាំចូល​ពី​ប្រទេស​ថៃ​នោះ អាច​រំពឹង​ថា​ តម្លៃ​ថាមពល​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ​នៅ​ខែ​ឧសភា។

លោក​បាន​មាន​ប្រសាសន៍​ថា “តើ​ស្ថានីយ​កម្លាំង​៣៣៨​មេហ្គាវ៉ាត់​នេះ​នឹង​ផ្តល់​អ្វី​ដល់​យើង? វា​មិន​ត្រឹមតែ​ជា​អគ្គិសនី​ប្រើ​បំភ្លឺ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ផង​ដែរ”។

“វា​នឹងផ្គត់ផ្គង់​អគ្គិសនី​ដល់​រោងចក្រ សហគ្រាស និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា ដែល​អាច​បង្កើត​ការងារ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា”។

លោក ហ៊ុន សែន ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា អគ្គិសនី​កម្ពុជា ដែល​ជា​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​របស់​ប្រទេស នឹងសង់​បណ្តាញ​បញ្ជូន​អគ្គិសនី​ដែល​នឹង​ចែកចាយ​ថាមពល ដែល​បង្កើត​បាន​ពី​ស្ថានីយ​ថ្មី​នេះ និង​ពី​ស្ថានីយ​វារី​អគ្គិសនី​ស្ទឹង​តាតៃ​ដែល​ទើប​សាងសង់​រួច​ថ្មីៗ ស្ថិត​ក្នុង​ខេត្ត​កោះកុង​ដែរ នៅទូទាំង​ប្រទេស។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ”។

លោក អៀង សាវ៉ាន អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា អគ្គិសនី​ដែល​បង្កើត​បាន​ពី​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​នេះ រហូត​មក​ដល់​ពេល​នេះ ផ្គត់​ផ្គង់​បាន​តែ​២,៥​មេហ្គាវ៉ា់ត់​ប៉ុណ្ណោះ ដល់​តំបន់​ទី​ប្រជុំជន​ក្រុង​ខេមរ​ភូមិន្ទ ហើយ​ថាមពល​១០​មេហ្គាវ៉ាត់​ទៀត​កំពុង​ត្រូវ​ប្រើ​ផ្គត់ផ្គង់​រោងចក្រ​នៅ​តំបន់​ជុំវិញ​នោះ។

លោក សាវ៉ាន បាន​មាន​ប្រសាសន៍​ថា “អគ្គិសនី​មិន​ទាន់​ត្រូវ​បាន​ចែកចាយ​ទៅ​ខាង​ក្រៅ​ទី​ប្រជុំជន​ខេត្ត​នៅ​ឡើយ​ទេ”។ លោក​បាន​បន្ថែម​ថា បណ្តាញ​បញ្ជូន​អគ្គិសនី​កំពុង​ត្រូវ​ស្ថាបនា​នៅ​ឡើយ ប៉ុន្តែ​ថា លោក​មិន​ដឹង​ថា នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​ទេ៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស