លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបន្តវាយប្រហារទៅលើក្រុមកំណែទម្រង់”ខ្មែរដើម្បីខ្មែរ” របស់លោក កែម ឡី អ្នកវិភាគនយោបាយកាលពីម្សិលមិញ ដោយថ្លែងទៅកាន់អ្នកគាំទ្រថា ក្រុមនេះគឺជាការបង្កើតឡើងរបស់គណបក្សប្រជាជនកម្ពុជា។
លោក កែម ឡី បានមានប្រសាសន៍ថា ក្រុមរបស់លោកមានគម្រោងជួយអ្នកភូមិបង្កើតគណបក្សដែលមានមូលដ្ឋាននៅក្នុងឃុំសង្កាត់តូចៗប្រហែល២៥នៅដើមឆ្នាំនេះដើម្បីចូលរួមនៅ ក្នុងការបោះឆ្នោត និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី លោក សម រង្ស៊ី បានមានប្រសាសន៍ថា ផែនការនេះនឹងផ្តល់ប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “នឹងមានជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា ប្រសិនបើអ្នកប្រជាធិបតេយ្យ និងអ្នកសេ្នហាជាតិរួបរួមគ្នា។ រយៈពេល៣០ឆ្នាំហើយ ដែលយើងមិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបាន ពីព្រោះយើងបានបែកបាក់គ្នា ហើយមានគណបក្សនយោបាយច្រើន”។
លោក សម រង្ស៊ី បានកត់សម្គាល់ថា គណបក្សហ្វុ៊នសិុនបិុច គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានបំបែកសំឡេងប្រឆាំងគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សនេះឈ្នះការបោះឆ្នោតជាតិ។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាបានប្រឈមការគំរាមកំហែងធ្ងន់ធ្ងរចំពោះភាពលើសលប់របស់ខ្លួនចាប់តាំងពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ចូលគ្នា បង្កើតជាគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១២។
ប្រធានគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “ឥឡូវនេះកម្លាំងរបស់យើងរួបរួមគ្នាទៅជាគណបក្សតែមួយ ដូច្នេះមានន័យថា មានគណបក្សនយោបាយមួយប្រឆាំងនឹងគណបក្សនយោបាយមួយ។ ឥឡូវនេះគណបក្សប្រជាជនកម្ពុជាដឹងយ៉ាងច្បាស់ថា អ្នកស្នេហាជាតិរួបរួមគ្នា ដូច្នេះគណបក្សប្រជាជនកម្ពុជានឹងចាញ់”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ប៉ុន្តែ ពួកគេមិនចង់ចាញ់ទៀតទេ ដូច្នេះតើពួកគេនឹងត្រូវធ្វើអ្វី?។ ល្បិចកលរបស់ពួកគេគឺបង្កើតគណបក្សតូចៗដើម្បីបំបែកសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។ គណបក្សតូចៗទាំងនេះដឹងយ៉ាងច្បាស់ថា ពួកគេនឹងមិនទទួលបានអាសនៈសភាឡើយ ប៉ុន្តែ…នឹងបំបែកសំឡេងឆ្នោតរបស់យើង ដើម្បីជួយដល់គណបក្សប្រជាជនកម្ពុជា”។
លោក កែម ឡី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនមានតួនាទីណាមួយក្នុងការបង្កើត ឬគាំទ្រក្រុមរបស់លោកឡើយ។
លោកបានមានប្រសាសន៍ថា “ទេ យើងគ្រាន់តែប្រើប្រាស់ធនធានផ្ទាល់របស់យើង និងការរួមចំណែករបស់ពួកយើងផ្ទាល់តែប៉ុណ្ណោះ។ យើងបើកចំហសម្រាប់ក្រុមហ៊ុនសវកម្មឯករាជ្យណាមួយ ឬក្រុមណាមួយដែលចង់សើុបអង្កេតពួកយើង។ យើងបើកចំហ។ យើងកំពុងធ្វើដំណើរក្នុងផ្លូវប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។
លោកបានបន្ថែមថា “នេះមិនមែនជាលើកទី១ទេ ហើយវាមិនមែនត្រឹមតែរូបលោកទេ ក្រុមរបស់លោកតែងតែបន្ទោសអ្នកដែលគ្មានព័ត៌មានផ្អែកលើភ័ស្តុតាង។ ប៉ុន្តែ ខ្ញុំធ្វើការដើម្បីប្រទេសជាតិរបស់ខ្ញុំ មិនមែនសម្រាប់នរណាម្នាក់ឡើយ”៕សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)