28 C
Phnom Penh

គ្រួសារ​​​របស់​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ផ្ទះ​​​ព្រោះ​​​ព្រួយ​​​បារម្ភ​​​ពី​​​សុវត្ថិភាព​​​ផ្ទាល់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ពេល​​​ភាព​​​ហ្មង​​​សៅ​​​នៅ​​​តែ​​​បន្ត​​​កើត​​​មាន​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ដែល​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​ថា​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ ខេត្ត​​​បាត់​​​ដំបង​​​ គ្រួសារ​​​របស់​​​គ្រូ​​​ពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ធ្វើ​​​ឲ្យ​​​មេរោគ​​​អេដស៍​​​ឆ្លង​​​រាល​​​ដា​​ល​​​បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ផ្ទះ​​​ ព្រោះ​​​ព្រួយបារម្ភ​​​អំពី​​​សុវត្ថិភាព​​​របស់​​​ខ្លួន​​​។

អ្នក​​​ភូមិ​​​ជាង​​​២០០​​​នាក់​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ស្រុក​​​សង្កែ បាន​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​ឃើញ​​​ថា​​​មាន​​​ផ្ទុ​​​ក​​​មេរោគ​​​អេដស៍ ចាប់​​​តាំង​​​ពី​​​ការ​​​ធ្វើ​​​តេស្ត​​​ឈាម​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ដើម​​​ខែ​​​ធ្នូ​​​មក​​​។ មូល​​​ហេតុ​​​ដែល​​​បណ្តាល​​​ឲ្យ​​​មេរោគ​​​អេដស៍​​​ឆ្លង​​​រាល​​​ដាល​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ​​​ ការសិក្សា​​​ដឹក​​​នាំ​​​ដោយ​​​រដ្ឋាភិបាល​​​ ដែល​​​ត្រូវ​​​បាន​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ សន្និដ្ឋាន​​​ថា មេរោគ​​​​​​អេដស៍​​​នេះ ភាគច្រើន​​​ទំនង​​​ជា​​​ឆ្លង​​​តាម​​​រយៈ​​​​​​​​​​​​​​​ការ​​​ចាក់​​​ឆ្នាំ​​​ ឬការ​​​ព្យួរ​​​សេរ៉ូម។

លោក យ៉ែម ជ្រិន គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ដែល​​​ព្យាបាល​​​អ្នក​​​ភូមិ​​​អស់​​​ជា​​​ច្រើន​​​នាក់​​​តាម​​​រយៈ​​​​​​ការ​​​ចាក់​​​ថ្នាំ​​​ និង​​​ដែល​​​សារភាព​​​ថា បាន​​​ប្រើ​​​សឺរ៉ាំង​​​ឡើង​​​វិញ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​​​​ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​​​​ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​ធ្នូ​​​។

អ្នកស្រី ជ្រិន រក្សា  កូន​​​ស្រី​​​របស់​​​លោក យ៉ែម ជ្រិន បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា អ្នក​​​ភូមិ​​​ដែល​​​ពោរ​​​ពេញ​​​ដោយ​​​កំហឹង​​​មួយ​​​ក្រុម​​​បាន​​​គំរាម​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​គ្រួសារ​​​របស់​​​គាត់​​​​​​​​​​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​មុន​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “បុរស​​​ប្រហែល​​​ប្រាំ​​​ពីរ​​​នាក់​​​ប្រដាប់​​​ដោយ​​​កាំបិត​​​ និង​​​ពូថៅ​​​បាន​​​មក​​​ផ្ទះ​​​របស់​​​យើង​​​។ ពួក​​​គេ​​​បាន​​​ស្រែក​​​ ហើយ​​​ទាត់​​​បាវ​​​អង្ករ​​​ទាល់​​​តែ​​​រហែក​​​​​​អស់​​​មួ​​​យ​​​បាវ​​​។ ខ្ញុំ​​​នៅ​​​​​​​​​ផ្ទះ​​​តែ​​​ម្នាក់​​​ឯង​​​ជា​​​មួយ​​​កូន​​​អាយុ​​​៣​​​ឆ្នាំ ខណៈ​​​ប្តី​​​របស់​​​ខ្ញុំ​​​ចេញ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ខាង​​​ក្រៅ​​​”។

អ្នក​​​ស្រី រក្សា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បន្ទាប់មក​​​អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​​​​បាន​​​រៀប​​​ចំ​​​ការ​​​ជួប​​​ប្រជុំ​​​មួយ​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ ដើម្បី​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​បិទ​​​កន្លែង​​​លក់​​​គ្រឿង​​​ទេស​​​​​​នៅ​​​ផ្ទះ​​​របស់​​​អ្នកស្រី​​​។

លោក​​​ ជិន រ៉ាំង​​​ នាយប៉ុស្តិ៍​​​ឃុំ​​​បាន​​​បញ្ជាក់​​​ថា ពិត​​​ជា​​​មាន​​​ការ​​​ជួប​​​ប្រជុំ​​​គ្នា​​​បែប​​​នេះ​​​មែន ប៉ុន្តែ ថា លោក​​​មិន​​​ដឹង​​​ថា អ្នក​​​ភូមិ​​​បាន​​​ប៉ុន​​​ប៉ង​​​បំភិត​​​បំភ័យ​​​កូនស្រី​​​របស់​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​រូប​​​នេះ​​​ឡើយ​​​។

លោក​​​ ជិន រ៉ាំង​​​ ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការជួប​​​ប្រជុំ​​​គ្នា​​​នេះ​​​​​​ ដើម្បី​​​ប្រាប់​​​​​​​​​​​​​​​ឲ្យ​​​អ្នក​​​ភូមិ​​ស្ងប់​​​ចិត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គាត់​​​[អ្នក​​​ភូមិ​​​] បាន​​​រៀប​​​ចំ​​​ការ​​​ជួប​​​ប្រជុំ​​​មួយ​​​ ហើយ​​​បាន​​​ពិភាក្សា​​​ជា​​​មួយ​​​អាជ្ញាធរ​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​បិទ​​​ផ្ទះ​​​ និង​​​កន្លែង​​​លក់​​​ដូរ​​​របស់​​​អ្នក​​​ស្រី រក្សា ​​​”។

លោក ជិន រ៉ាំង​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ចុះ​​​ទៅ​​​​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នកស្រី រក្សា បន្ទាប់​​​ពី​​​ការ​​​ជួប​​​ប្រជុំ​​​រួច​​​​​​ ហើយ​​​បាន​​​ណែ​​​នាំ​​​ឲ្យ​​​គាត់​​​បិទ​​​កន្លែង​​​រក​​​ស៊ី​​​ជា​​​បណ្តោះអាសន្ន​​​ ហើយ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​សិន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​បាន​​​ស្នើ​​​ឲ្យ​​​ម្ចាស់​​​ផ្ទះ​​​បិទ​​​ផ្ទះរបស់​​​ខ្លួន​​​ដើម្បី​​​សុវត្ថិភាព​​​របស់​​​ពួកគេ​​​។ ប្រសិន​​​បើ​​​ខ្ញុំ​​​មិន​​​ស្នើ​​​ឲ្យ​​​មានការ​​​បិទ​​​ផ្ទះ​​​នោះ​​​ទេ​​​ អ្នក​​​ភូមិ​​​នឹង​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ទី​​​នោះ​​​”។

អ្នកស្រី រក្សា បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​ពី​​​ចាក់​​​សោ​​​ផ្ទះ​​​រួច​​​ ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អ្នក​​​ស្រី​​​បាន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​ទាំង​​​គ្រួសារ​​​ទៅ​​​រស់​​​នៅ​​​​​​ក្នុង​​​ផ្ទះ​​​ម្តាយ​​​ក្មេក​​​របស់​​​អ្នកស្រី។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​អំពី​​​សុវត្ថិភាព​​​របស់​​​គ្រួសារ​​​ខ្ញុំ​​​។ ខ្ញុំ​​​មិន​​​ឲ្យ​​​កូន​​​ស្រី​​​របស់​​ខ្ញុំ​​​ចេញ​​​ក្រៅ​​​តែ​​​ម្នាក់​​​ឯង​​​ដូច​​​ពី​​​មុន​​​ឡើយ ព្រោះ​​​ខ្ញុំ​​​ខ្លាច​​​គេ​​​ចាប់​​​ធ្វើ​​​បាប​​​នាង​​​​​​។ ខ្ញុំ​​​ពិបាក​​​រស់​​​នៅ​​​​​​កន្លែង​​​នេះខ្លាំង​​​ណាស់​​​ឥឡូវ​​​នេះ​​​។ ខ្ញុំ​​​ធុញ​​​ទ្រាន់​​​នឹង​​​ជីវិត​​​ណាស់​​​”៕ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស