ប្រហែលបីសប្ដាហ៍បន្ទាប់ពីក្រសួងមហាផ្ទៃ និងក្រសួងការងារបានប្រកាសបង្ក្រាបជនបរទេសដែលគ្មានលិខិងអនុញ្ញាតបម្រើការងារ នៅសប្ដាហ៍នេះមន្ត្រីអាចផ្ដល់ចម្លើយបានតិចតួចប៉ុណ្ណោះស្ដីពីវិធីដែលជនបរទេសអាចអនុវត្តតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា។
យោងតាមច្បាប់ការងារឆ្នាំ១៩៩៧ ជនបរទេសទាំងអស់ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ត្រូវបានតម្រូវឲ្យមានលិខិតអនុញ្ញាតបម្រើការងារ ប៉ុន្តែច្បាប់នេះមិនត្រូវបានអនុវត្តរហូតមកទល់នឹងពេលថ្មីៗនេះ។ ច្បាប់នេះមិនមានចែងអំពីនិវត្តន៍ជន ឬជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដែលទទួលបានប្រាក់ចំណូលពីបរទេសឡើយ។
ឧត្ដមសេនីយ៍ឯក នៅ លក្ខិណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រសិនបើជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាលើសពី១ឆ្នាំ តម្រូវឲ្យមានលិខិតអនុញ្ញាតបម្រើការងារនៅពេលដាក់ពាក្យស្នើសុំពន្យារទិដ្ឋាការអាជីវកម្ម។
លោកមានប្រសាសន៍ថា “ពួកគេមិនអាចធ្វើការនៅក្នុងប្រទេសកម្ពុជាលើសពី១ឆ្នាំបានទេ “ប្រសិនបើគ្មានលិខិតអនុញ្ញាតបម្រើការងារ។ លោកបានបន្ថែមថា សម្រាប់លិខិតអនុញ្ញាតបម្រើការងារអាចដាក់ពាក្យសុំបាននៅក្រសួងការងារ ឬមន្ទីរការងារខេត្ត។
ប៉ុន្តែលោកបានមានប្រសាសន៍ថា ពេលនេះនៅមិនទាន់មានភាពច្បាស់លាស់ទេជុំវិញវិធីដែលនិវត្តន៍ជនបរទេសអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបានដោយគ្មានលិខិតអនុញ្ញាតបម្រើការងារ ឬវិធីដែលពួកគេអាចពន្យារទិដ្ឋាការរបស់ខ្លួនឡើយ។
លោកបានមានប្រសាសន៍ទៀតថា “យើងមិនទាន់បានបែងចែកនៅឡើយទេចំពោះនិវត្តន៍ជន។ វាជាបញ្ហា។ បញ្ហានៅត្រង់ថា ច្បាប់នេះមិនមានចែងអំពីទិដ្ឋាការនិវត្តន៍ជន និងមិនមានចែងអំពីនិវត្តន៍ជន”។ លោកបានបង្វែរសំណួរបន្ថែមទៀតទៅក្រសួងការងារ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានមានប្រសាសន៍ថា ក្រសួងរបស់លោកទទួលខុសត្រូវតែចំពោះការចេញលិខិតអនុញ្ញាតបម្រើការងារប៉ុណ្ណោះ។ លោកបានមានប្រសាសន៍បន្ថែមថា “វាជាការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃក្នុងការចេញទិដ្ឋាការ”។
នៅពេលទាក់ទងកាលពីម្សិលមិញ ឧត្ដមសេនីយ៍ឯក នៅ លក្ខិណា បានបង្វែរសំណួរទៅក្រសួងការងារជាថ្មីម្ដងទៀត។
លោក ហេង សួរ បានមានប្រសាសន៍ថា លិខិតអនុញ្ញាតបម្រើការងារមានតម្លៃ៤០០.០០០រៀល (ប្រហែល១០០ដុល្លារ) ហើយជនបរទេសក៏នឹងទទួលការពិន័យ៤០០.០០០រៀលបន្ថែមផងដែរសម្រាប់រាល់ឆ្នាំ ដែលពួកគេបានរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានលិខិតអនុញ្ញាតបម្រើការងារ។
លោកបានលើកឡើងបន្តថា តាមច្បាប់ការងារ ជនបរទេសដែលដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបម្រើការងារក៏ត្រូវបានតម្រូវឲ្យពិនិត្យសុខភាពផងដែរ ដើម្បីធានាថា ពួកគេគ្មានជំងឺឆ្លង។ ការធ្វើតេស្តមានតម្លៃ១០០.០០០រៀល (ប្រហែល២៥ដុល្លារ) ហើយការធ្វើតេស្តត្រូវធ្វើឡើងដោយ “ពេទ្យការងារ” នៅក្រសួងការងារ។
ទោះបីជាទាំងក្រសួងការងារ និងក្រសួងមហាផ្ទៃសុទ្ធតែលើកឡើងថា ការដាក់ពាក្យសុំលិខិតអនុញ្ញាតបម្រើការងារគឺជាដំណើរការធម្មតាក្ដី ក៏លោក សេឌ្រីក រ៉ាស៊ីន (Cedric Rasine) ដែលជាម្ចាស់សណ្ឋាគារមួយនៅក្រុងកំពតបានមានប្រសាសន៍ថា បទពិសោធន៍របស់លោកគួរឲ្យមួរម៉ៅណាស់។ លោកមានប្រសាសន៍ថា ” វាមិនងាយស្រួលទេ។ ខ្ញុំត្រូវគេបញ្ជូនពីការិយាល័យមួយទៅការិយាល័យមួយ និងទៅការិយាល័យមួយទៀត”។
លោកបានលើកឡើងបន្តថា នៅពេលលោករកកន្លែងដាក់ពាក្យសុំលិខិតអនុញ្ញាតបម្រើការងារបាន លោកត្រូវបង់១០០ដុល្លារថ្លៃលិខិតអនុញ្ញាតបម្រើការងារ ២០ដុល្លារសម្រាប់ថ្លៃក្រដាសស្នាម និង១០០ដុល្លារសម្រាប់ឆ្នាំនីមួយៗដែលលោកបានរស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានលិខិតបម្រើការងារ។ លោកក៏ត្រូវបង់៣០ដុល្លារសម្រាប់ការធ្វើតេស្តឈាមផងដែរ ទោះបីជាជាក់ស្ដែងលោកមិនត្រូវតម្រូវឲ្យធ្វើតេស្តឈាមក្ដី។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ”ខ្ញុំយល់ពីភាពចាំបាច់ និងច្បាប់ដែលត្រូវមានលិខិតអនុញ្ញាតបម្រើការងារ ប៉ុន្តែបញ្ហានៅត្រង់ខ្វះការទំនាក់ទំនង”។
លោក ស្តាន ខាន់ (Stan Kahn) និវត្តន៍ជនវ័យ៧៣ឆ្នាំ ដែលរស់នៅកំពតដែរ បានលើកឡើងថា អសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិធីដែលនិវត្តន៍ជនបរទេសអាចរស់នៅក្នុងប្រទេសកម្ពុជាបានធ្វើឲ្យលោកព្រួយបារម្ភ។ លោកបានលើកឡើងបន្ថែមថា “ខ្ញុំព្រួយបារម្ភ ពីព្រោះខ្ញុំចូលនិវត្តហើយ ដោយពឹងផ្អែកលើចំណូលបន្តិចបន្តួចប៉ុណ្ណោះ។ ប្រសិនបើគេពិន័យខ្ញុំ ខ្ញុំមិនអាចស្នាក់នៅបានទេ ពីព្រោះខ្ញុំគ្មានប្រាក់២.០០០ដុល្លារសម្រាប់បង់ទេ”៕ សុខុម