38 C
Phnom Penh

​តុលាការ​​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​ភរិយា​​​ឧកញ៉ា ក្នុង​ករណី​​រំលោភ​ និង​ធ្វើ​ឃាត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​ច្រាន​ចោល​សំណើ​​សុំ​នៅ​ក្រៅ​ឃុំ​សម្រាប់​អតីត​ភរិយា​​​របស់​ឧកញា៉​​ម្នាក់​ ​​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​​​ធ្វើ​បត្យាប័ន​​​ពី​ប្រទេស​ថៃ​មក​វិញ​កាលពី​ថ្ងៃ​អង្គារ ជុំ​វិញ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​គាត់​នៅ​ក្នុង​ផែន​ការ​​រំលោភ និង​សម្លាប់​ភរិយា​ និង​កូនស្រី​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។Lay-huong

លោកស្រី ឡាយ ហួង អាយុ​៤៩​ឆ្នាំ​ ត្រូវ​បាន​នគរ​​បាល​អាំងទែប៉ូល​​​ចុច​ឈ្មោះ​ថា ​ជាប់​ចោទ​​ពីបទ​​ធ្វើ​ជា​​ “មេខ្លោង​ក្នុង​ករណី​ប៉ុន​ប៉ង​​រំលោភ​ និង​​​សម្លាប់​” ​មនុស្ស​ជាទី​ស្រឡាញ់​របស់​លោក ស៊ុន ចាន់ថុល កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ ប៉ុន្តែ​កាលពី​ម្សិលមិញ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​ចាត់​ទុក​ថា សំណុំ​រឿង​របស់​គាត់​នៅ​តែ​បើក​ចំហ​​នៅ​ឡើយ​។

ចៅក្រម​ជំនុំជម្រះ​ ជា សុខហ៊ាង បាន​មាន​ប្រសាសន៍​ថា លោកស្រី ឡាយ ហួង ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ខែ​ធ្នូ មិន​អាច​​ទទួល​បាន​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បាន​ទេ ដោយ​សារ​តែ​​បទ​ចោទ​​ប្រកាន់​ធ្ងន់ធ្ងរ​ និង​​ដោយ​សារ​តែ​លោកស្រី​អាច​នឹង​​គេច​ខ្លួន​​តាម​ជើង​ហោះ​ហើរ​។

​ចៅក្រម​រូប​នេះ​បាន​​ថ្លែង​នៅ​ក្នុង​សាល​សវនាការ​​ថា “តុលាការ​យល់​ថា យោង​តាម​​​ទប​​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ និង​ស្ថានភាព​របស់​ចុង​ចោទ​ តុលាការ​មិន​គួរ​អនុញ្ញាត​ឲ្យ​ចុង​ចោទ​នៅ​ក្រៅ​ឃុំ​នោះ​ទេ​ ពីព្រោះ​តុលាការ​​ព្រួយបារម្ភ​ខ្លាច​ចុង​ចោទ​​គេច​ខ្លួន​ម្ដង​ទៀត។ តុលាការ​សូម​សម្រេច​ឃុំខ្លួន​ចុង​ចោទ​ ឡាយ ហួង ជា​បណ្ដោះ​អាសន្ន​”។

លោកស្រី ឡាយ ហួង បាន​មាន​​និយាយ​អំឡុង​សវនាការ​ថា លោកស្រី​មិន​ដឹង​ថា លោក​ស្រី​ប្រឈម​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ទេ គឺរហូត​ទាល់​តែ​លោក​ស្រី​ត្រូវ​បាន​​បញ្ជូន​ខ្លួន​ចូល​កន្លែង​ឃុំឃាំង​របស់​អាជ្ញាធរ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ។ លោកស្រី​និយាយ​ថា នគរ​បាល​ថៃ​បាន​ធ្វើ​ឲ្យ​លោកស្រី​ជឿ​ថា លោកស្រី​ត្រូវ​បាន​ឃុំខ្លួន​នៅ​ទីនោះ​ដោយ​សារ​បញ្ហា​ទិដ្ឋាការ​។

លោកស្រី​បាន​​និយាយ​ទៅ​កាន់​តុលាការ​ថា “ខ្ញុំ​គ្មាន​ចេតនា​គេច​ខ្លួន​ពី​ប្រទេស​កម្ពុជា​ទេ គឺ​គ្រាន់​តែ​​​ទៅ​ធ្វើ​សមាធិ​​​​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ ពីព្រោះ​ខ្ញុំ​ធុញថប់​បន្ទាប់ពី​ប្ដី​របស់​ខ្ញុំ​លែង​លះ​ខ្ញុំ និង​ឯកឧត្ដម​ ស៊ុន ចាន់ថុល ប្ដឹង​ខ្ញុំ​”។

នៅ​ពេល​រួម​សម​គំនិត​គ្នា​​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​ខាង​លើ លោកស្រី​ ឡាយ ហួង គឺ​ជា​ភរិយា​របស់​លោក ខូវ ផល្លាបុត្រ ដែល​ជា​សមាជិក​​ម្នាក់​​នៅ​ក្នុង​​មុខ​ជំនួញ​ដ៏​ធំ​​របស់​គ្រួសារ​​ត្រកូល ខូវ ដែល​លោក​ ស៊ុន ចាន់ថុល បាន​ចូល​តាម​រយៈ​​ការ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោកស្រី ស៊ុន សុថា កូនស្រី​របស់​​ឧកញ៉ា ខូវ ជូលី ដែល​ជា​​​ម្ចាស់​​មុខ​​ជំនួញ​ដ៏ធំ​​នេះ​។

​ផែន​ការ​​ប្រព្រឹត្ត​បទ​ល្មើស​​ដែល​បាន​ធ្វើ​ឲ្យ​លោកស្រី ខូវ សេងចិន្តា ភរិយា​​​លោក ខូវ ជូលី អ្នក​បម្រើ​ពីរ​នាក់ និង​​បក្ខពួក​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូនទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​រួច​ហើយ​នេះ​​​ ​បាន​អាក់​ខាន​ទៅ​វិញ​​យ៉ាង​ងាយ ​នៅ​ពេល​លោកស្រី ស៊ុន សុថា ​ភ្ញាក់​ពី​ដំណេក​​​ ហើយ​បិទ​ទ្វារ​ និង​បង្អួច​ដែល​ចំហ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​នេះ គ្មាន​នរណា​​ម្នាក់​ត្រូវ​បានគេ​មើល​ឃើញ​នៅ​​វីឡា​របស់​លោក​ ស៊ុន ចាន់ថុល ទេ​នៅ​យប់​​ដែល​មាន​ផែន​ការ​​ប្រព្រឹត្តបទ​ល្មើស។ ភ័ស្តុតាង​តែ​មួយ​គត់​នៃ​បទ​ល្មើស​នេះ គឺ​បង្អួច​មួយដែល​អ្នក​បម្រើ​ម្នាក់​ធ្វើ​ឲ្យ​របើក​។

​លោកស្រី ឡាយ ហួង ត្រូវ​បាន​​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃស​កាលពី​ម្សិលមិញ។ ពេល​ចាក​ចេញពី​តុលាការ​ លោកស្រី​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា លោកស្រី​សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក​នឹង​អន្តរាគមន៍​​​ក្នុង​អ្វី​ដែល​លោក​ស្រី​និយាយ​ថា ជា​ជម្លោះ​មុខ​ជំនួញ​នៅ​ក្នុង​គ្រួសារ​។

លោកស្រី​និយាយ​ថា “ខ្ញុំ​មិន​ដែល​ស្គាល់ ស៊ុន សុថា ទេ។ នេះ​ជា​​ជម្លោះ​ទ្រព្យ​សម្បត្តិ​រវាង​ពួកគេ [គ្រួសារ​ត្រកូល​ ខូវ​] ប៉ុន្តែ​ពួកគេ​​បែរ​ជា​ចោទ​ប្រកាន់​ខ្ញុំ ហើយ​ពួកគេ​ចង់​ធ្វើ​បាប​ខ្ញុំ។ តុលាការ​បាន​សម្រេច​ឃុំខ្លួន​ខ្ញុំដោយ​សារ​តែ​​អំណាច​របស់​ឯកឧត្ដម​ ស៊ុន ចាន់ថុល ប៉ុន្តែ​​មិន​មែន​មាន​តែ​ ស៊ុន ចាន់ថុល ទេ​ ក៏​មាន​​ឧកញ៉ា ខូវ ផល្លាបុត្រ ភរិយា​របស់​លោក ស៊ុន ចាន់ថុល និង​កូនស្រី​របស់​ពួកគេ​ ខូវ ជូឡាសាឌី ផង​ដែរ​។ ខ្ញុំ​សូម​អំពាវ​នាវ​ទៅ​សម្ដេច​ ហ៊ុន សែន និង​​ [លោក​ជំទាវ​ ប៊ុន រ៉ានី] ពីព្រោះ​ខ្ញុំ​​គ្មាន​​ទោស​ទេ​​”។ លោកស្រី​និយាយ​ទៀត​ថា លោកស្រី​នឹង​ប្ដឹង​ទាស់​​​ការ​ច្រាន​ចោល​ពាក្យ​​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោកស្រី។

លោក ស៊ុន ចាន់ថុល មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​​កាលពី​មុន​លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា លោក​​មិន​ព្យាយាម​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ត្រកូល​ ខូវ​ ឡើយ​៕ សុខុម​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស