30.7 C
Phnom Penh

អភិបាល​​​ក្រុង​​​ឡូវែល​​​ ​​​សហ​​​រដ្ឋ​​​​​​អាមេរិក នឹង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​កម្ពុជា ពិចារណា​​​ឡើង​​​វិញ​​​ចំពោះ​​​ការ​​​ឃុំ​​​ខ្លួន​​​សកម្ម​​​ជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ អភិបាល​​​ក្រុង​​​ឡូវែល(Lowell) រដ្ឋ​​​ម៉ាសាជូសេត​​​ (Massachusetts) ដែល​​​ជា​​​ទី​​​ក្រុង​​​មាន​​​ពល​​​រដ្ឋ​​​អាមេរិក​​​ ដើមកំណើត​​​​​​កម្ពុជា រស់នៅ​​​​​​ច្រើន​​​​​បំផុត​​​ទី​​​២​​​​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​សកម្មជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ចំនួន​​​១០​​​នាក់​​​នៅក្នុង​​​ពន្ធនាគារ​​​ព្រៃ​​​ស ដោយ​​ប្រកាស​​​ថា លោក​​​នឹង​​​បញ្ចុះ​​​បញ្ចូល​​​រដ្ឋាភិបាល​​​ឲ្យ​​​ដោះ​​​លែង​​​ពួក​​​គេ​​​។

ដោយ​​​បញ្ចប់​​​ដំណើរ​​​ទស្សន​​​កិច្ច​​​ចំនួន​​​ប្រាំ​​​ថ្ងៃ​​​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ លោក រ៉ដនី អេលីយ៉ូត (Rodney Elliott) បាន​​​ចំណាយ​​​ពេល​​​ប្រហែល​​​មួយ​​​ម៉ោង​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​​​​ដែល​​​មាន​​​សន្តិសុខ​​​យាម​​​កាម​​​តឹង​​​រឹុង​​​បំផុត​​​នេះ​​​​​​ ​​ជាកន្លែង​​​​​ឃុំ​​​ឃាំង​​​ស្ត្រី​​​សកម្មជន​​​ទាំង​​​នេះ​​ចាប់​​​តាំង​​​​​​ពី​​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​​​​តុលាការ​​​ផ្តន្ទា​​​ទោស​​​ជុំ​​​វិញ​​​ការ​​​តវ៉ា​​​ចំនួន​​​ពីរ​​​លើក​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​មក។ ប្រាំ​​​បួន​​​នាក់​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​សកម្ម​​​ជន​​​ទាំង​​​នេះ​​​ មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ដែល​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣.០០០គ្រួសារ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍ​​ន៍​​​មួយ​​​របស់​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​។

មុន​​​ពេល​​​ចូល​​​ទៅ​​​ក្នុង​​​ពន្ធនាគារ​​​ លោក រ៉ដនី អេលីយ៉ូត បាន​​​​លើក​​​ឡើង​​​​​​ថា “សិទ្ធិ​​​មូល​​​ដ្ឋាន​​​ សិទ្ធិ​​​មនុស្ស​​​ជា​​​មូល​​​ដ្ឋានដែល​​​យើង​​​ទទួល​​​បាន​​​នៅ​​​ក្នុង​​​សហ​​​រដ្ឋ​​​អាមេរិក​​​ ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ទទួល​​​បាន​​​ដូច​​​គ្នា។ ស្ត្រី​​​​​ទាំង​​​នេះ​​​ ម្ចាស់​​​ដី​​​ទាំង​​​នេះ​​​ហាក់​​​ដូច​​​ជា​​​មិន​​​ទទួល​​​​​បាន​​​នីតិ​​​វិធី​​​ត្រឹម​​​ត្រូវ​​​ឡើយ ហើយ​​​យើង​​​គិត​​​ថា វា​​​ជា​​​រឿង​​​សំខាន់​​​ដែល​​​ត្រូវ​​​យក​​​បញ្ហា​​​នោះ​​​ទៅ​​​ពិចារណា”។

នៅខាង​​​ក្នុង​​​ពន្ធនាគារ​​​ អ្នក​​​ស្រី​​​ ទេព វន្នី សកម្មជន​​​សិទ្ធិ​​​មនុស្ស​​​ដ៏លេច​​​ធ្លោ​​​ បាន​​​ប្រាប់​​​លោក​​​ រ៉ដនី អេលីយ៉ូត ថា ​​​​​​​​ផ្ទះ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៦០០គ្រួសារ​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​បឹង​​​កក់​​​នៅ​​​ឡើយ​​​ តែង​​​តែ​​​​​លិច​​​ទឹក​​​ជា​​​ប្រចាំ​​​ដោយ​​​សារ​​​គ្មាន​​​ប្រព័ន្ធ​​​លូ​​​គ្រប់​​​គ្រាន់​​​។

អ្នក​​​ស្រី​​​និយាយ​​​ថា “យើង​​​ទាំង​​​អស់​​​គ្នា​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដាក់​​​ពន្ធនាគារ​​​ដោយសារ​​​តែ​​​យើង​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​សាលា​​​ក្រុង​​​បូម​​​ទឹក​​​ចេញ​​​ពី​​​ផ្ទះ​​​​​​របស់​​​យើង​​​ដែល​​​​​​ទឹក​​​លិច​​​លង់​​​”។

បន្ទាប់​​​ពី​​​ចាក​​​ចេញ​​​ពី​​​ពន្ធនាគារ​​​ព្រៃ​​​ស លោក  រ៉ដនី អេលីយ៉ូត បាន​​​មានប្រសាសន៍​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក​​​បាន​​​សម្រេច​​​ចិត្ត​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​សកម្មជន​​​ទាំង​​​នេះ​​​ បន្ទាប់​​​ពី​​​ទទួល​​​បាន​​​សំណើ​​​ជា​​​ច្រើន​​​​​​ពី​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ក្រុង​​​ឡូវែល ដែល​​​មាន​​​ជនជាតិ​​​​​​អាមេរិក​​​ ដើម​​​កំណើត​​​កម្ពុជា ​​​ប្រមាណ​​​៣០.០០០នាក់​​ សុំ​​​ឲ្យលោក​​​​​​ជួយ​​​ពិនិត្យមើល​​​សុខភាព និងសុខុមាលភាព​​​របស់​​​ពួក​​​គេ។

អភិបាល​​​ក្រុង​​​រូប​​​នេះ​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ក្រុម​​​គណៈប្រតិភូ​​​របស់​​​លោក​​​​​​នឹង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​កែប្រែ​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​​​ក្នុង​​​ការ​​​ផ្តន្ទាទោស​​​ និង​​​ឃុំ​​​ខ្លួន​​​​​​ស្ត្រី​​​ទាំង​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ដាក់​​​សំណើ​​​​សុំ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​​​ពិចារណា​​​ឡើង​​​វិញ​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​។ ​​​ផ្អែក​​​​តាម​​​​​​ការ​​​សន្ទនា​​​របស់​​​យើង ពួក​​​គាត់​​​ [សកម្ម​​​ជន]​​​ មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​ក្រៅ​​​តែ​​​ពី​​​សុំ​​​បញ្ចេញ​​​មតិ​​​ ដូច្នេះ​​​​ការ​​​ដាក់​​​សំណើរ​​​ទៅ​​​រដ្ឋាភិបាល​​​​​​ជា​​​អ្វី​​​ដែល​​​យើង​​​នឹង​​​ធ្វើ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​នឹ​​​ង​​​មិន​​​ពិចារណា​​​សំណើ​​​ណា​​​មួយ​​​ពីលោក រ៉ដនី អេលីយ៉ូត ឡើយ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “​​​ក្តី​​​បារម្ភ​​​គឺ​​​ជា​​​រឿង​​​ល្អ ប៉ុន្តែ វា​​​​​ជា​​​បញ្ហា​​​​​​ផ្ទៃ​​​ក្នុង​​​នៅ​​​កម្ពុជា​​​។ ខ្ញុំ​​​សោក​​​ស្តាយ​​​ណាស់​​​​​​​​ពីព្រោះ​​​គាត់​​​គ្មា​​​ន​​​ឱកាស​​​យល់​​​ពី​​​ករណី​​​នេះ​​​ និង​​​អ្វី​​​ដែល​​​ជា​​​យុត្តាធិការ​​​នៅ​​​ទី​​​នេះ​​​។ យើង​​​មិន​​​​​​ចង់​​​ធ្វើ​​​ឲ្យ​​​គាត់​​​មិន​​​សប្បាយ​​​ចិត្ត​​​ទេ ប៉ុន្តែ គាត់​​​នឹង​​​ស្វែង​​​យល់ គាត់​​​នឹង​​​បញ្ជាក់​​​រឿង​​​នោះ​​​បាន​​​​តាម​​​ក្រោយ​​​ ពេល​​​គាត់​​​ទៅដល់​​​សហរដ្ឋអាេមរិក​​​វិញ​​​”។

លោកបាន​​​មានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា សេរីភាព​​​បញ្ចេញ​​​មតិ​​​នៅ​​​កម្ពុជា ​​​​​​​​​​​​ទូលំទូលាយ​​​​​​​​​ជាង​​​​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាេមរិក​​​។ “​​​នៅ​​​កម្ពុជា អ្នក​​​ណា​​​និយាយ​​​អ្វី​​​ក៏​​​បាន​​​។ គាត់​​​ [លោក​​​ រ៉ដនី
អេលីយ៉ូត] អាច​​​និយាយ​​​អ្វី​​​ក៏​​​បាន​​​នៅ​​​កម្ពុជា គឺ​​​ប្រសើរ​​​ជាង​​​នៅ​​​​​​សហរដ្ឋ​​​អាមេរិក ពីព្រោះ​​​​​​ភ្ញៀវ​​​បរទេស​​​ [ទៅ​​​កាន់​​​សហរដ្ឋអាមេរិក] មិន​​​អាច​​​និយាយ​​​អ្វី​​​​អំពី​​​រដ្ឋាភិបាល​​​បាន​​​ទេ​​​​​​ ប៉ុន្តែ នៅ​​​កម្ពុជា ​​​អ្នក​​​អាច​​​និយាយ​​​អ្វី​​​ក៏បាន​​​”។

លោក​​​ ង៉ោ គឹមជាង តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​បាន​​​អម​​​ដំណើរ​​​លោក រ៉ដនី អេលីយ៉ូត ចូល​​​ទៅ​​​ក្នុង​​​ពន្ធនាគារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ភ្ញាក់​​​ផ្អើល​​​ចំពោះ​​​ប្រតិកម្ម​​​របស់​​​រដ្ឋាភិបាល​​ទេ ប៉ុន្តែ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​សង្ឃឹម​​​ថា អភិបាល​​​ក្រុង​​​រូប​​​នេះ​​​នឹ​​​ងមាន​​​ឥទ្ធិពល​​​ខ្លះ​​​លើ​​​រដ្ឋាភិបាល​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​សង្ឃឹម​​​ថា ពាក្យ​​​សម្តី​​​របស់​​​អភិបាល​​​ក្រុង​​​រូប​​​នេះ ​​​និង​​​​​​​​​ការ​​​ដែល​​​លោក​​​មក​​​ពី​​​សហរដ្ឋ​​​អាេមរិក​​​ ដែល​​​ជា​​​បិតាប្រជា​​​ធិបតេយ្យ​​​ និង​​​សិទ្ធិមនុស្ស ​​​នឹង​​​មាន​​​ឥទ្ធិពល​​​។ ដូច្នេះ​​​សង្ឃឹម​​​ថា ពួកគេ​​​នឹង​​​ស្តាប់​​​”៕សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស