32.9 C
Phnom Penh

ឯកអគ្គរដ្ឋទូត​​​អាល្លឺម៉ង់​​​ ប្រចាំ​​​កម្ពុជា ​​​​​​រិះ​​​គន់​​​លោក សៅ សុខា យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​កោត​​​សរសើរ​​​ អីុត្លែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ឯកអគ្គរដ្ឋទូត​​​អាល្លឺម៉ង់​​​ ប្រចាំ​​​កម្ពុជា ​​​បាន​​​រិះ​​​គន់​​​លោក សៅ សុខា មេបញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លេើ​​​ផ្ទៃប្រទេស​​​​​ ​​​យ៉ាង​​​ខ្លាំង​​​​​​ចំពោះ​​​ការ​​​កោត​​​សរសើរ​​​​​​យុទ្ធសាស្ត្រ​​​​​​របស់​​​ អាដូហ្វ អីុត្លែរ មេដឹក​​​នាំ​​​ផ្តាច់​​​ការ​​​​​នៃ​​​ពួក​​​ណាហ្ស៊ី ​​​មក​​​ធ្វើ​​​ជា​​​គំរូ​​​សម្រាប់​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​សង្គម​​​ ដោយ​​​លោក​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “​​​មិន​​​ដែល​​​មាន​​​​​​អ្នក​​​មាន​​​សតិត្រឹម​​​ត្រូវ​​​​​ណា​​​ចង់​​​យក​​​អីុត្លែរ​​​ ​​​ធ្វើ​​​ជា​​​គំរូ​​​ឡើយ”។germany-jump

លោក ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់​​​​​​ (Joachim Baron von Marschall) ដែល​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​ឯកអគ្គរដ្ឋទូត​​​ប្រចាំ​​​កម្ពុជា ​​​នៅ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ក៏​​​បាន​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា ដោះ​​​ស្រាយ​​​បញ្ហា​​​សន្តិសុខ​​​ជាតិ​​​ និង​​​សន្តិសុខ​​​សាធារណៈ “ស្រប​​​តាម​​​គោល​​​ការណ៍​​​លទ្ធិប្រជា​​​ធិបតេយ្យ និង​​​ផ្ទុយ​​​ពី​​​វិធី​​​ដែល​​​ពួក​​​ណាហ្ស៊ី​​​ ដោះ​​​ស្រាយ​​​បញ្ហា​​​សន្តិសុខ​​​​​​” ផង​​​ដែរ។

អំឡុង​​​អង្គ​​​សន្និបាត​​​បូក​​​សរុប​​​ការងារ​​​ប្រចាំ​​​ឆ្នាំ​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​​​​ផ្ទៃ​​​ប្រទេស​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ នាយ​​​ឧត្តមសេនីយ៍​​​ សៅ សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​ការ​​​ស្ញប់​​​​​​ស្ញែង​​​ចំពោះ​​​ការ​​​ក្រោក​​​ឡើង​​​បះបោរ​​​របស់​​​អាល្លឺម៉ង់​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​ អីុត្លែរ នៅ​​​​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៣០​​​។

លោក សៅ សុខា បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ដូច្នេះ​​​ថា “និយាយ​​​តាម​​​ត្រង់​​ ខ្ញុំ​​​បាន​​​រៀន​​​សូត្រ​​​ពី ​​​អីុត្លែរ។ ក្រោយ​​​សង្គ្រាម​​​លោក​​​លើក​​​ទី​​​១​​​ សហគម​ន៍​​​អន្តរជាតិ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​អាល្លឺម៉ង់​​​មាន​​​ទាហាន​​​លើស​​​ពី​​​១០០.០០០នាក់​​​ឡើយ ប៉ុន្តែ ពួក​​​ណាហ្ស៊ី និង​​​ អីុត្លែរ បាន​​​ធ្វើ​​​អ្វី​​​គ្រប់​​​យ៉ាង​​​ដើម្បី​​​បង្ក​​​សង្គ្រាម​​​លោក​​​លើក​​​ទី​​​២​​​​​​”។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​​​​​​​លោក ​​​ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ “ភ្ញាក់​​​ផ្អើល​​​” ដែល​​​មាន​​​អ្នក​​​យក​​​មេ​​​ដឹក​​​នាំ​​​​​​​​នៃ​​​​​​របប​​​ណាហ្ស៊ី​​​ ដ៏​​​ព្រៃ​​​ផ្សៃ​​​ ជា​​​អ្នក​​​ទទួល​​​ខុ​​​សត្រូវ​​​ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​ជនជាតិ​​​ជ្វីហ្វ ប្រមាណ​​​៦​​​លាន​​​នាក់​​​នៅ​​​ហូឡូកូស (Holocaust) និង​​​ការ​​​សម្លាប់​​​អ្នក​​​ស្រឡាញ់​​​ភេទ​​​ដូច​​​គ្នា ជន​​​ផ្តាច់​​​ការ​​​ ជន​​​ជាតិ​​​ស្បែក​​​ស​​​មួយ​​​ក្រុម​​​មក​​​ពី​​​ប្រទេស​​​ឥណ្ឌា ដែល​​​គេ​​​ស្គាល់​​​ថា ហ្គីប​​​ស៊ី (Gypsy) អ្នក​​​ទោស​​​សង្គ្រាម​​​ និង​​​ជន​​​ពិកា​​​រាប់​​​លាន​​​នាក់​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៤០ យក​​​មក​​​ធ្វើ​​​​​​ជា​​​គំរូ។

លោក​​​​​​​​​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា “ខ្ញុំ​​​សូម​​​សារភាពដោយ​​​ស្មោះ​​​​​​ថា ខ្ញុំ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ពាក្យ​​​សម្តី​​​ទាំង​​​អស់​​​នេះ ពីព្រោះ​​​ខ្ញុំ​​​​​​​​​ធ្លាប់​​​តែ​​​គិត​​​ថា​​ មិន​​​ដែល​​​​​​​​អ្នក​​មាន​​​សតិ​​​ត្រឹម​​​ត្រូវ​​​​​​ណា​​​​​​ចង់​​​និយាយ​​​​​​សរសើរ​​ អីុត្លែរ​​​ ធ្វើ​​​ជា​​​គំរូ​​​​ឡើយ​​​។​​​អ្វីដែល​​​ខ្ញុំ​​​អាច​​​​​បក​​​ស្រាយ​​​បាន​​​គឺ​​ថា ខ្វះ​​​​​​ការ​​​យល់​​​ដឹង​​​ខ្លាំង​​​ចំពោះ​​​ទំហំនៃ​​​ភាព​​ព្រៃ​​​ផ្សៃ​​​ដែល​​​របប​​​ណា​​​ហ្ស៊ី បាន​​​​​ប្រព្រឹត្ត​​​ទៅ​​​លើ​​​អ្នក​​​ណា​​​ដែល​​​គេ​​​យល់​​​ថា រាំង​​​ផ្លូវ​​​របស់​​​ពួក​​​គេ​​​”។

លោក​​​ស្រី​​​ មូរ​​​ សុខ​​​ហួរ​​​ តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​របស់​​​គណបក្ស​​​ប្រឆាំង ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ “ភ្ញាក់​​​ផ្អើ​​​លយ៉ាង​​​ខ្លាំង​​​” ចំពោះ​​​ការ​​​អត្ថាធិប្បាយ​​​​​​របស់​​​នាយ​​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា ហើយ​​​បាន​​​អំពាវ​​​នាវ​​​​​​ឲ្យ​​​ដក​​​លោក​​​ចេញ​​​ពី​​​តំណែង​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ហួស​​​ពី​​​ភ្ញាក់​​​ផ្អើល​​​ទៅ​​​ទៀត​​​។ ខ្ញុំ​​​​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​ផល​​​វិបាក​​​ដែល​​​អ្នក​​​តវ៉ា​​​ត្រូវ​​​ប្រឈម​​​ ប្រសិន​​​បើ​​​បុរស​​​ម្នាក់​​​នេះ​​​នៅ​​​បន្ត​​​​​​​កាន់​​​​​តំណែង​​​ជា​​​​​​មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធហត្ថ​​​របស់​​​កម្ពុជា​​​​​​”។

លោក​​​ស្រីបាន​​​លើក​​​ឡើង​​​ថា ពាក្យ​​​សម្តី​​​របស់​​​លោក​​​ សៅ សុខា គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​ខ្លាំង​​​ ពីព្រោះ​​​កម្ពុជា និង​​​អាល្លឺម៉ង់ សុទ្ធ​​​តែ​​​មាន​​​ប្រវត្តិ​​​ធ្លាប់​​​​​ឆ្លង​​​​​កាត់​​​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​​​​ដូច​​​គ្នា​​​។

លោក​​​ស្រី​​​បាន​​​បន្ត​​​ថា “គាត់​​​ត្រូវ​​​តែ​​​ដឹង​​​ពី​​​ផល​​​វិបាក​​​នៃ​​​ពាក្យ​​​សម្តី​​​របស់​​​គាត់​​​ក្នុង​​ឋានៈ​​​ជា​​​មេបញ្ជាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ និ​​​ង​​​ជា​​​ពិសេស​​​សម្រាប់​​​កម្ពុជា​​​ ជា​​​ប្រទេស​​​មួយ​​​ដែល​​​បាន​​​ឆ្លង​​​កាត់​​​អំពើ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​។ ហើយ​​​ពេល​​​នេះ​​ ការ​​​​​​​​​​ឮ​​​ថាមេបញ្ជាការ​​​ម្នាក់​​​ស្ញប់​​​ស្ញែង​​​ចំពោះ​​​អីុត្លែរ គឺ​​​ជា​​​ថ្ងៃ​​​ក្រៀម​​​ក្រម​​​សម្រាប់​​​កម្ពុជា”។

នាយ​​​ឧត្តម​​​សេនីយ៍​​​ សៅ សុខា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​​​នេះ​​​។ បុរស​​​ម្នាក់​​​ដែល​​​អះ​​​អាង​​​ថា​​​ខ្លួន​​​ជា​​​អង្គរក្ស​​​​​​របស់​​​នាយ​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ ​​​បាន​​​លើក​​​ទូរស័ព្ទ​​​របស់​​​លោក សៅ សុខា  ហើយ​​​និយាយ​​​ថា មេ​​​របស់​​​ខ្លួន​​​កំពុង​​​ជាប់​​​ប្រជុំ។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នាយឧត្តម​​​សេនីយ៍ សៅ​​​ សុខា ពិត​​​ជា​​​បាន​​​លើក​​​ឡើង​​​អំពី​​​មេដឹកនាំ​​​ពិភព​​​លោក​​​ល្បីៗ​​​មួយ​​​ចំនួន​​​មែន​​​នៅ​​​ក្នុង​​​សុន្ទរកថា​​​របស់​​​លោក​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ប៉ុន្តែ​​​លោក​​​គ្មាន​​​បំណង​​​ឲ្យ​​​អ្នក​​​ចូល​​​រួម​​​ស្តាប់​​​យក​​​ពួក​​​គេ​​​ធ្វើ​​​ជា​​​គំរូ​​​​​នោះ​​​ទេ​​​។

ឧត្តម​​​សេនីយ៍​​​ត្រី ខេង​​​ ទីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​រួច​​​ លោក​​​បាន​​​បញ្ជូន​​​សារ​​​ [ទៅ​​​កាន់​​​ដែល​​​មាន​​​វត្ត​​​មាន​​​]​​​ កុំ​​​ឲ្យ​​​យក​​​ពាក្យ​​​សម្តី​​​របស់​​​លោក​​​ទៅ​​​បកស្រាយ​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃី សុវុឌ្ឍី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស