35 C
Phnom Penh

មេ​​​ដឹក​​​នាំ​​​អង្គ​​​ការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​ហាមឃាត់​​​មិន​​​ឲ្យ​​​ធ្វើ​​​អត្ថាធិប្បាយ ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិល​​​មិញ​​​​​​មេដឹកនាំ​​​សង្គម​​​ស៊ីវិល​​​បាន​​​អំពាវ​​​នាវ​​​ដល់​​​មេដឹកនាំ​​​គណបក្ស​​​នយោបាយ​​​ធំ​​​ៗ​​​ទាំង​​​ពីរ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ចំពោះ​​​​​ផែន​​​ការ​​​ហាម​​​ឃាត់​​​ពួកគេ​​​មិន​​​ឲ្យ​​​​​​ផ្តល់​​​បទ​​​សម្ភាស​​​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​អំឡុង​​​យុទ្ធនាការ​​​ឃោស​​​នា​​​បោះឆ្នោត​​​​​​ និង​​​មិន​​​ឲ្យ​​​ចេញ​​​សេច​​​​​​​​​ក្តី​​​ថ្លែង​​​ការ​​​ណ៍​​​បែប ​​​”ប្រមាថ”ដល់​​​គណបក្ស​​​ណាមួយ។

លោក ប៊ិន ឈិន​​​​​​ ឧបនាយក​​​រដ្ឋមន្ត្រី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​លោក គួយ​​​ ប៊ុនរឿន មន្ត្រី​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ដែល​​​បាន​​​ដឹកនាំ​​​ការ​​​ចរចា​​​ដើម្បី​​​ធ្វើ​​​វិសោធនកម្ម​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា ពួកគេ​​​កំពុង​​​ពិចារណា​​​ការ​​ដាក​​់​​​​​​បម្រាម​​​បែប​​​នេះ​​​ដើម្បី​​​ធានា​​​ថា អង្គការ​​​មិនមែន​​​រដ្ឋាភិបាល ត្រូវ​​​នៅ​​​ “ជា​​​អព្យាក្រឹត”។

អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​បាន​​​ដើរ​​​តួនាទី​​​អព្យាក្រឹត​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​នៅ​​​ក្នុង​​​​​​ការ​​​បោះឆ្នោត​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដោយធ្វើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​ដ៏​​​សំខាន់​​​ៗ​​​អំពី​​​​​​ប្រធាន​​​បទ​​​​​​នានា​​​ចាប់ពី​​​​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​ពុក​​​រលួយ​​​រហូត​​​ដល់​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ពេល​​​បោះឆ្នោត​​​ និង​​​​​​ផ្តល់​​​ការ​​​ពិនិត្យ​​​ជាប់​​​ជានិច្ច​​​អំពី​​​រដ្ឋាភិបាល​​​។

លោក ហង្ស ពុទ្ធា នាយក​​​ប្រតិបត្តិ​​​​​​គណៈកម្មាធិការ​​​​​​អព្យាក្រឹត និង​​​មិន​​​លម្អៀង ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​និង​​​យុត្តិ​​​ធម៌​​​នៅ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ហាម​​​ឃាត់​​​ណា​​​មួួ​​​យ​​​ទៅ​​​លើ​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​សង្គម​​​ស៊ីវិល​​​ស្តី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​ នឹង​​​ជា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​​​​ដល់​​​​​​ក្តី​​​សង្ឃឹម​​​សម្រាប់​​​លទ្ធិប្រជាធិបតេយ្យ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

លោក ហង្ស​ ពុទ្ធា ​បាន​មាន​ប្រសាសន៍​ថា ការ​រារាំង​អង្គការ​សង្គម​ស៊ីវិល​មិន​​ឲ្យ​ផ្ដល់​យោបល់​​​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ គឺ​ជា​ដំណើរ​ការ​ដើរ​​​ថយ​ក្រោយ​ចំពោះ​លទ្ធិ​ប្រជា​​​ធិប​​​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា”។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្នុង​នាម​សង្គម​ស៊ីវិល យើង​ដឹង​​ថា គណបក្ស​នយោ​បាយ​ទាំង​ពីរ​កំពុង​​ធ្វើ​រឿង​នេះ​ដោយ​​សម្ងាត់​ មិន​បើក​ចំហ​ដល់​សាធារណជនឡើយ ហើយ​ថា ពួក​គេ​គិត​អំពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​​​មិន​គិត​ដល់​សាធារណជន​ទូទៅ​ឡើយ​”។

លោក​ ហង្ស ពុទ្ធា បាន​បន្ថែម​ថា ខ្ញុំ​នឹង​បន្ត​ពិភាក្សាពី​​​បញ្ហានេះ​ ពីព្រោះ​ការ​បោះ​ឆ្នោត​មិន​មែន​ជា​កម្មសិទ្ធិ​របស់​គណបក្ស​ទាំង​នេះ​ឡើយ វា​ជា​របស់​សាធារណ​​​ជនទូទៅ​។ តាមពិត​យើង​មិន​ដែល​ប្រមាថ​នរណា​ម្នាក់​ឡើយ ពីព្រោះ​យើង​មាន​ភ័ស្តុ​តាង​ដើម្បី​បង្ហាញ​អ្វី​​​ដែលយើង​បាន​និយាយ​”។

លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​តស៊ូ​មតិ​ស្ដីពី​ការ​បោះ​ឆ្នោត​​គឺ​ជា​ចំណុច​ស្នូល​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​លោក​ ហើយ​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​​នឹង​​រារាំង​បញ្ហា​​​នោះ​។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា “បញ្ហា​នេះ​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ​​របស់​អង្គការ​សង្គម​ស៊ីវិល។ លោក​បាន​បន្ថែម​ថា ” អង្គការ​សង្គម​ស៊ីវិល​មិន​ដែល​ចង់​ក្តាប់​​​អំណាច​ ឬធ្វើ​ជា​សមាជិក​សភា​ឡើយ ពីព្រោះ​ពួកគេ​គ្រាន់​តែ​ព្យាយាម​តស៊ូ​​​មតិ​​​ដើម្បី​​​ប្រើ​​​ឥទ្ធិពល​​​​​​ចំពោះ​គោលនយោបាយ​​​​របស់​គណបក្ស​នយោបាយ​តែ​ប៉ុណ្ណោះ”។

លោក សុក សំអឿន មេធាវី​ម្នាក់​​​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​​​​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋា​​​ភិបាល​មាន​សិទ្ធិ​ធ្វើ​អត្ថាធិប្បាយ​អំឡុងការ​​​​​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដោយ​ការ​ប្រើ​ប្រាស់​សិទ្ធិ​​​របស់​​​ខ្លួន​​​​ក្នុង​នាម​ជា​ពលរដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដូច​នេះ​មែន​ វា​ហាក់​ដូច​ជា​រដ្ឋាភិបាល​រឹត​បន្តឹង​ដល់​​​សិទ្ធិ​របស់​យើង​អ៊ីចឹង”។

លោក​ សុក សំអឿន ក៏​បាន​​រិះគន់​ការ​ហាម​ឃាត់​ភាសា​”បែប​ប្រមាថ”​ផង​ដែរ ដោយ​លើក​ឡើង​ថា ​វា​អាច​ត្រូវ​បាន​បក​ស្រាយ​ត្រង់​​​ៗ​ដោយ​រដ្ឋាភិបាល​​ក្នុង​​​ការ​​​តម្រង់​​គោល​ដៅ​លើ​អ្នក​ដែល​ប្រឆាំង​ខ្លួននោះ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគេ​អនុម័ត​ច្បាប់​ដូច​នេះ​មែន វា​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ហេតុផល​ដើម្បី​ចាប់​ខ្លួន​មនុស្ស​​​ណាស់​​​។ ពួកគេ​ស្គាល់​មនុស្ស​នៅ​ពេល​ដែល​ពួកគេ​មាន​កំហឹង​ មិន​​​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​បាន ហើយ​​​នឹង​​​​និយាយ​​​ពាក្យ​សម្ដី​មិន​សមរម្យ”។

លោក គួយ ប៊ុនរឿន មកពី​​​​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ការ​​​​ហាមឃាត់​ទៅ​លើ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​បទ​​​សម្ភាស​​​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​បែប​ប្រមាថ​​​នោះ ​មិនមែន​​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​បញ្ចេញ​មតិ​​មិន​ត្រូវ​បាន​ហាមឃាត់​ឡើយ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ពួកគេ​ត្រូវ​តែ​ឯករាជ្យ​ជាមួយ​អ្វី​ដែល​ពួកគេ​បាន​​​និយាយ​ មិនមែន​ដោយ​ការ​ប្រមាថ​ ការ​បន្ទោស ឬ​​​ការ​រំខាន​ដល់​បេក្ខជន​ណាមួយ​ដែល​ជា​​​អ្នក​នយោបាយ​នោះ​ឡើយ​”។ លោក​បាន​​​បន្ថែម​ថា “យើង​មិនបាន​​​​ហាម​ឃាត់​ពួកគេ​​ឡើយ។ សូម​កុំ​​​យល់​ច្រឡំ”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស