កាលពីម្សិលមិញលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានធានាចំពោះអ្នកគាំទ្រថា គណបក្សសង្គ្រោះជាតិនៅតែកំពុងធ្វើការដើម្បីបណ្ដេញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច ដោយអះអាងថា គ្មានមេដឹកនាំកម្ពុជាណាដែលបំផ្លិចបំផ្លាញបរិស្ថានដូចលោក ហ៊ុន សែន អំឡុងលោកកាន់អំណាចឡើយ។
ពេលថ្លែងនៅក្នុងវេទិការសាធារណៈមួយរបស់គណបក្សសង្គ្រោះជាតិនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ លោក កឹម សុខា បានគូសបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ហ៊ុន សែន បានរំឭកខួបនៃការកាន់អំណាចបានរយៈពេល៣០ឆ្នាំរបស់លោកចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ដែលប្រទេសកម្ពុជានៅជាប្រទេសកុម្មុយនី្តនៅឡើយមក។
លោក កឹម សុខា បានមានប្រសាសន៍ថា “សម្រាប់គណបក្សប្រជាជនកម្ពុជា បងប្អូនធ្លាប់បានឮមកហើយថា គាត់បានដឹកនាំប្រទេសអស់រយៈពេល៣០ឆ្នាំមកហើយ េហតុដូច្នេះ វាល្មមនឹងគ្រប់គ្រាន់ឲ្យប្រទេសក៏ដូចជាពិភពលោកទាំងមូលស្គាល់គាត់យ៉ាងច្បាស់ហើយ ហើយថា មានបញ្ហាជាច្រើននៅក្នុងសង្គមខ្មែរសព្វថ្ងៃ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “គ្មានមេដឹកនាំ របប សម័យ ឬជំនាន់ណា ដែលបំផ្លិចបំផ្លាញព្រៃឈើ ដីធ្លី និងធនធានធម្មជាតិរបស់ខ្មែរជាងរបបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ”។
អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានធានាចំពោះអ្នកគាំទ្រយ៉ាងច្រើនថា គណបក្សសង្គ្រោះជាតិនៅតែកំពុងធ្វើការដើម្បីបណ្ដេញលោក ហ៊ុន សែន ចេញពីអំណាច ថ្វីបើមានការចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែកក្កដា ដែលនាំឲ្យមានការសហការគ្នាកាន់តែច្រើនជាងមុនរវាងគណបក្សទាំងពីរក៏ដោយ។
លោក កឹម សុខា បានមានប្រសាសន៍ទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជាង១.០០០នាក់ថា ” គោលដៅរបស់យើងគឺនៅតែដដែល គឺដើម្បីផ្លាស់ប្ដូរមេដឹកនាំក្នុងពេលបច្ចុប្បន្ន។ នៅលើពិភពលោកមេដឹកនាំដែលកាន់អំណាចយូរឆ្នាំ គឺមិនល្អឬស្មោះត្រង់ចំពោះជាតិ និងពលរដ្ឋរបស់ខ្លួនឡើយ ហើយមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅលើពិភពលោក គឺសុទ្ធតែជាជនផ្ដាច់ការ និងប្រព្រឹត្តអំពើពុករលួយ”។
លោក កឹម សុខា ក៏ទំនងជារិះគន់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលគ្រោងវិលមកធ្វើជាប្រធានគណបក្សហ្វុ៊នស៊ិនប៉ិចឡើងវិញនៅថ្ងៃនេះផងដែរ ដោយប្រៀបធៀបការវិលត្រឡប់មកវិញរបស់ព្រះអង្គទៅនឹងអាហារដែលគណបក្សកាន់អំណាចធ្លាប់បោះចោល ប៉ុន្តែឥឡូវកំពុងតែយកចេញពីធុងសំរាមមកវិញ។ គណបក្សហ្វុ៊នស៊ិនប៉ិចបានបណ្ដេញព្រះអង្គចេញពីតំណែងជាអ្នកដឹកនាំកាលពីឆ្នាំ២០០៦។
លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាបានប្រមូលបំណែកតូចៗ ដែលត្រូវគេខ្ចប់ក្នុងស្លឹកចេករួចបោះចូលក្នុងធុងសំរាម ហើយកំពុងតែរើសវាយកមកប្រើឡើងវិញ”។
ព្រះអង្គម្ចាស់ រណឫទ្ធិ បានទទួលស្គាល់ថា លោក ហ៊ុន សែន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយឲ្យព្រះអង្គត្រឡប់មកដឹកនាំគណបក្សរាជានិយមឡើងវិញ ហើយគណបក្សសង្គ្រោះជាតិបានអះអាងថា ការវិលត្រឡប់មកវិញរបស់ព្រះអង្គគឺត្រូវបានធ្វើឡើងក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់គណបក្សប្រឆាំង។ គេមិនអាចទាក់ទងព្រះអង្គម្ចាស់បានឡើយកាលពីម្សិលមិញ។
នៅក្នុងសុន្ទរកថារបស់លោក លោក កឹម សុខា ក៏បានរិះគន់គណបក្សកាន់អំណាចចំពោះការចាប់ខ្លួនមន្ត្រីរបស់គណបក្សប្រឆាំង និងសកម្មជនបក្សអំឡុងការពិភាក្សាដែលកំពុងតែបន្តស្ដីអំពីកំណែទម្រង់ការបោះឆ្នោតផងដែរ ហើយថា គណបក្សប្រជាជនកម្ពុជាមានការយឺតយ៉ាវនៅក្នុងការឆ្លើយតបចំពោះអ្វីដែលខ្លួនធ្លាប់បានសន្យាមួយចំនួន។
លោក កឹម សុខា បានមានប្រសាសន៍ថា “យើងមានសិទ្ធិប្រើទូរទស្សន៍ ឬវិទ្យុ ហើយអ្វីទាំងអស់នេះគឺស្ថិតនៅក្នុងគោលនយោបាយនៃកិច្ចព្រមព្រៀង ប៉ុន្តែគេបានព្យាយាមពន្យារពេលដើម្បីធ្វើឲ្យមនុស្សរបស់យើងឈឺ ហើយធុញទ្រាន់ រួចអស់សង្ឃឹម”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ដោយសារពួកគេមិនអាចធ្វើអ្វីចំពោះថ្នាក់កំពូលកើត ហេតុដូច្នេះពួកគេបានចាត់វិធានការចំពោះអ្នកថ្នាក់ក្រោមៗ ដោយធ្វើឲ្យពួកគេខឹងចំពោះអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ។ វាគឺជាល្បិចរបស់ពួកកុម្មុយនីស្តឲ្យតែមានការចរចា គឺតែងតែមានការចាប់ខ្លួន និងវាយប្រហារ។ យើងស្គាល់ល្បិចរបស់ពួកគេហើយ៕ ស៊ុយឈាង