34 C
Phnom Penh

សាលា​នគរបាល​ដែល​ឧបត្ថម្ភ​ដោយ​វៀតណាម​សម្ពោធ​ក្នុង​ខេត្ត​កំពង់ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​វិបសាយ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​សមភាគី​វៀតណាម​របស់​លោក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ គឺ​លោក ត្រឹ​ង ដាយ​ក្វាង បាន​សម្ពោធ​សាលា​នគរបាលដែល​ចំណាយ​ទឹក​ប្រាក់​២,២​លាន​ដុល្លារ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​សៅរ៍ ដែល​សាងសង់​ដោយ​ថវិកា​វៀតណាម។

ព័ត៌មាន​លើ​វិបសាយ​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​វៀតណាម​បាន​ធ្វើ​អធិបតី​ក្នុង​ការ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​នេះ ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​៣៦​ហិកតា ចម្ងាយ​ប្រហែល​៩០​គីឡូម៉ែត្រ ភាគនិរតី​នៃ​ក្រុង​ភ្នំពេញ។

លោក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​បណ្តោយ​ព្រំដែន​រួម​របស់​ប្រទេស​ខ្លួន ដែល​ភាគច្រើន​នៅ​មិន​ទាន់កំណត់​ជា​ផ្លូវការ​នៅ​ឡើយ និង​បាន​ព្រមព្រៀង​ថា ប្រទេស​កម្ពុជា​នឹង​បញ្ជូន​នគរបាល​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល។

អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​និង​ក្រសួង​មហា​ផ្ទៃ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា លោក ដាយក្វាង បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ដែរ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​ពិស្តារ​ថា​អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​អ្វី​នោះ​ទេ។

នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា លោក នឹម សុវ៉ាត អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​គោល​នយោបាយ​និង​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ​ និងវរសេនីយ៍​ឯក ង្វៀន អាញ់ ជុង អនុព័ន្ធ​យោធា​វៀតណាម​ប្រចាំ​ប្រទស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​សុក្រ​ ដែល​ប្រទេស​វៀតណាម​នឹង​សាង​សង់ “វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​យោធា “​មួយ​សម្រាប់​កង​កម្លាំង​ខេមរ​ភូមិន្ទ​ក្នុង​ក្រុង​ភ្នំពេញ។

អត្ថបទ​មាន​ខ្លឹមសារ​ថា ប្រទេស​វៀតណាម​បាន​ទិញ​ឧបករណ៍​រួចរាល់​ហើយ​ដើម្បី​សង់​វិទ្យាស្ថាន​នេះ ប៉ុន្តែ​មិន​បាន​ឲ្យ​ដឹង​ថា​ គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​អស់​ប្រាក់​ប៉ុន្មាន​នោះ​ទេ។

ទាំង​ឧត្តមសេនីយ៍​ឯក នឹម សុវ៉ាត ទាំង​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​មិន​អាច​ទាក់ទង​បាន​ទេ។

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​និង​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ ចាប់​តាំងពី​ប្រទេស​វៀតណាម​បាន​ចូលលុកលុយ​​ប្រទេស​កម្ពុជា ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​កាលពី​ឆ្នាំ​១៩៧៩។ ប្រទេស​វៀតណាម​បាន​កាន់កាប់​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍ ដែល​អំឡុង​ពេល​នោះ​ វៀតណាម​បាន​លើក​បន្តុប​មនុស្ស​ជាច្រើន​នាក់ ដែល​កំពុង​គ្រប់គ្រង​ប្រទេស​នៅ​ឡើយ ក្នុង​នោះ​មាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ​គិត​ត្រឹម​សប្តាហ៍​មុន​នេះ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស