36 C
Phnom Penh

រដ្ឋាភិបាល​ចង់​ចុះ​បញ្ជី​ទីក្រុង​ចំនួន​បី​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​សារព័ត៌មាន​​កម្ពុជា (AKP) បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​ស្នើ​សុំ​ជា​ផ្លូវការ​ឲ្យ​អង្គការ​យូណេស្កូ​ដាក់​បញ្ជូល​ទីក្រុង​ចំនួន​បី​របស់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភព​លោក។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ទាំង​នោះ​គឺ​ក្រុងបាត់​ដំបង ក្រុង​កំពត និង​ក្រុង​ក្រចេះ។

លោក ច័ន្ទ សុផល អភិបាល​ខេត្ត​បាត់ដំបង​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា គោលបំណង​ចម្បង​នៃ​សំណើ​របស់​រដ្ឋាភិបាល ទាក់ទិន​នឹង​ទីក្រុង​ក្នុង​ខេត្ត​របស់​លោក គឺ​ដើម្បី​អភិរក្ស​អគារ​សម័យ​អាណានិគម​បារាំង​ចំនួន​រាប់រយ​នៅ​ទីនោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “គោល​បំណង​នៃ​ការ​ចុះ​បញ្ជី​នេះ គឺ​ទី​១ ការពារ​អគារ​ដែល​មាន​រចនាបថ​សិល្បៈ​នា​សម័យ​មុន ទី២ ការពារ​ទ្រព្យ​សម្បត្តិ​វប្បធម៌​ដែល​បន្សល់​ទុក​ដោយ​មនុស្ស​ជំនាន់មុនៗ និង​ទី៣ ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​ល្បីល្បាញ”។

លោក សុផល មាន​ប្រសាសន៍​ថា ក្រុម​ការងារ​កំពុង​ធ្វើ​ការ​កំណត់​អត្តសញ្ញាណ​អគារ​ដែល​ត្រូវ​ការពារ ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​ការងារ​របស់​ខ្លួន​នៅ​ត្រឹម​ខែ​កក្កដា​ខាង​មុខ​នេះ។

ទាំង​លោក ខូយ ឃុនហួ អភិបាលខេត្តកំពត ទាំង​លោក ស ចំរុង អភិបាល​ខេត្ត​ក្រចេះ បាន​និយាយ​ថា ពួក​លោក​មិន​បាន​ដឹង​អំពី​ផែនការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ស្នើ​សុំ​អង្គការ​យូណេស្កូ​ដាក់​ទីក្រុង​ក្នុង​ខេត្ត​របស់​ខ្លួន​ជា​បេតិកភណ្ឌ​ទេ។ លោក​ស្រី Anne Lemaistre តំណាង​យូណេស្កូ​ប្រចាំ​ប្រទេស មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ៕មានិត

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស