31 C
Phnom Penh

ជនបរទេស​ប្រហែល​ជា​ត្រូវ​ហាម​ឃាត់​​មិន​ឲ្យ​ពាក់​ព័ន្ធ​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​លោក​បាន​ធ្វើ​សេចក្ដី​ព្រាង​​ច្បាប់​មួយ​សម្រាប់​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​នឹង​ហាម​ឃាត់​មិន​ឲ្យ​ជនបរទេស​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​បញ្ចេញ​មតិយោបល់​ទាក់ទិន​នឹង​រឿង​នយោបាយ​អំឡុង​ការ​បោះ​ឆ្នោត​។

លោក ប៊ិន ឈិន កំពុង​តែ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​​​​នៅ​ក្នុង​ការ​ចរចា​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​លោក​ គួយ ប៊ុនរឿន ​ជា​អ្នក​ដឹកនាំ​​ក្រុម​ចរចា​ដើម្បី​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី ក្រោយ​កិច្ច​ព្រមព្រៀង​កាលពី​ខែ​មុន​​ក្នុង​គោលបំណង​បង្កើត​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ដែលមាន​សមាជិក​មកពី​គណបក្ស​ទាំងពីរ​ចូល​រួម។

នៅ​ពេល​ចាក​ចេញ​ពី​កិច្ច​ពិភាក្សា​ស្ដីអំពី​កំណែទម្រង់​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​ លោក ប៊ិន ឈិន ​បាន​លើក​ឡើង​ថា គណបក្ស​ទាំងពី​របាន​​ពិភាក្សា​អំពី​ច្បាប់​ថ្មីទាក់​ទិន​នឹង​ម៉ោង​ដែល​មន្ត្រី​ត្រូវ​មក​ដល់​មណ្ឌល​បោះ​ឆ្នោត ប៉ុន្តែ​ថា ​លោក​កំពុង​តែ​ធ្វើ​ការ​លើ​ប្រធាន​​បទ​​មួយ​ដែល​សំខាន់​ជាង​នេះ​។

លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​សរសេរ​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​បញ្ជាក់​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​​ អំឡុង​​ពេល​រាប់​សន្លឹក​ឆ្នោត និង​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​ អង្គការ​មិន​មែន​រដ្ឋាភិបាល​​ សមាគម​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​​ដែល​មាន​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ជនបរទេស​​គួរ​តែ​​ប្រកាន់​​​ជំហរ​ឯករាជ្យ​ អព្យាក្រឹត ហើយ​មិន​ត្រូវ​លម្អៀង​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “នោះ​គឺ​យើង​ចង់​​មាន​ន័យ​ថា ពួកគេ​មិន​គួរ​និយាយ​​អីចេះ​ឬអីចុះ​ឡើយ​ ព្រោះ​​ពួកគេ​ត្រូវ​តែ​អព្យាក្រឹត ហើយ​មិន​គួរ​គាំទ្រ​គណបក្ស​នយោបាយ​នេះឬ​គណបក្ស​នយោបាយ​នោះ​ឡើយ​”។

នៅ​ពេល​អ្នក​​យក​ព័ត៌មាន​ម្នាក់​សួរ​ដើម្បី​បញ្ជាក់​ថា តើ​នរណា​ដែល​ច្បាប់​ថ្មី​នេះ​មាន​គោល​ដៅលើ​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បាន​លើក​ឡើង​ថា វា​នឹង​មាន​គោលដៅ​លើ​ជន​បរទេស​ណា​ដែល​បញ្ចេញ​មតិ​យោបល់​របស​់​ខ្លួន។

លោក ប៊ិន ឈិន បាន​មាន​ប្រសាសន៍​ថា​ “ជនបរទេស​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​​ចេញ​មក​ចូល​រួម​ជាមួយ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ហើយ​បញ្ចេញ​មតិយោបល់​នោះ​ នឹង​ត្រូវ​ហាម​ឃាត់​ទាំង​ស្រុង​ ព្រោះ​វា​នឹង​​ធ្វើ​ឲ្យ​ខូច​បរិយាកាស​បោះ​ឆ្នោត​ ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​”។

លោក ប៊ិន ឈិន មិន​បាន​បញ្ជាក់​ឲ្យ​ចំៗ​ថា តើ​ការ​បញ្ចេញ​មតិយោបល់​បែប​ម៉េច​ដែល​ច្បាប់​ហាមឃាត់​នោះ​ឡើយ។ លោក​ទំនង​ជា​បន្ថែម​​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ ដោយ​លើក​ឡើង​ថា មាន​តែ​ពាក្យ​ “មាក់ងាយ​” ទេ​ដែល​នឹង​ត្រូវ​ហាមឃាត់​ ព្រោះ​វា​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា​រួច​ហើយ​។

លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​កាលពី​សប្ដាហ៍​មុន​ថា លោក​គាំទ្រ​ចំពោះ​ការ​ហាម​មិន​ឲ្យ​អង្គការមិនមែន​រដ្ឋាភិបាល​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឬ​ការ​ហាម​មិន​ឲ្យ​ចេញ​សេចក្ដី​ថ្លែង​​ការណ៍​ដែល​ពោរពេញ​ទៅ​ដោយ​ការ​រិះគន់ និង​ការ​មាក់​ងាយ​។ កាលពី​ម្សិលមិញ​លោក​បានឆ្លើយ​ដោយ​មាន​ភាព​មិន​ច្បាស់​លាស់​​នៅ​ពេល​គេ​សួរ​ថា តើ​លោក​គាំទ្រ​សំណើ​ថ្មី​បំផុត​​របស់​លោក ប៊ិន ឈិន​ នេះ​ឬក៏អត់​។

​លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គាំទ្រ​គំនិត​ណាមួយ​ដែល​ធ្វើ​ឲ្យ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ប្រសើរ​ឡើង ប៉ុន្តែ​យើង​មិន​គាំទ្រ​គំនិត​ណាមួយ​ដែល​រឹត​បន្តឹង​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិឡើយ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស