ប័ណ្ណសារ

សាលា​ក្រុងច្រាន​ចោល​សំណើ​សុំធ្វើ​បាត​ុកម្ម​របស់​ក្រុម​អ្នក​តវ៉ា ​ប្រឆាំង​ការ​បណ្តេញ​ចេញ​ពីដី

By

January 20, 2015

កាល​ពី​ម្សិល​មិញ អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុមអ្នក​តវ៉ា​​សុំធ្វើ​​បាតុកម្ម​រយៈពេល​១ខែ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​​១០​នាក់ ដែល​ជាប់​ពន្ធនាគារ​ ហើយ​បាន​បដិសេធ​មិនទទួល​យក​ញត្តិ​របស់ពួកគាត់​​ទាមទារ​ឲ្យ​រក​ដំណោះ​ស្រាយ​ចំពោះ​វិវាទដីធ្លី​ជាយូរ​មក​ហើយ​ឡើយ​។

អ្នក​ភូមិ​ប្រហែល​១០០​នាក់​មកពី​តំបន់​បឹងកក់ និង​បុរីកីឡា​កន្លែងដែលពួកគាត់​បាន​ធ្វើ​ការ​តវ៉ា​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សហគមន៍​របស់​ខ្លួន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រមូលផ្តុំ​​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពីព្រឹក​ម្សិលមិញ ដើម្បី​បន្ត​ទាម​ទារ​សុំ​ជំនួយ​។

កាលពី​ខែ​វិច្ឆិកា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​សកម្មជន​១០​នាក់​ដាក់​ពន្ធនាគារ ដែល​ប្រាំបួន​នាក់​​មកពី​តំបន់​បឹងកក់ និង​ម្នាក់​មកពី​តំបន់បុរីកីឡា​នៅ​ក្នុង​បាតុកម្ម​ចំនួន​ពីរ​លើក ដោយ​ផ្ដន្ទាទោស​​ពួកគេ​ដាក់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ​។

ក្រៅ​ពី​ច្រាន​ចោល​សំណើ​របស់​ក្រុមអ្នក​តវ៉ា​កាលពី​ម្សិលមិញ​សុំធ្វើ​បាតុកម្ម​រយៈពេល​១ខែ​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​នោះ សាលា​រាជធានី​មិន​បាន​​បញ្ជូន​មន្ត្រី​ណាម្នាក់​ឲ្យ​ចេញ​មក​ទទួល​យក​ញត្តិ​របស់ពួក​គាត់​ឡើយ​។

ញត្តិ​នោះ​ទាម​ទារ​ឲ្យ​សាលា​រាជធានី​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន​ឯកជន​ ដែល​អភិវឌ្ឍ​តំបន់​បុរីកីឡា​ឲ្យ​សាង​សង់​ប្លុក​ផ្ទះ​ល្វែង​ពីរ​ចុង​ក្រោយ​ក្នុង​ចំណោម​​​ប្លុកផ្ទះល្វែងទាំង​១០ ដែលបាន​សន្យា​​​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញទាំង​នោះ។

ញត្តិ​នេះ​ក៏​បាន​ស្នើ​ឲ្យ​សាលា​រាជធានី​អនុញ្ញាត​ឲ្យអ្នកភូមិ​បឹងកក់​១៦​គ្រួសារ ដែល​រស់​នៅ​ផ្នែក​ខាង​លិច​នៃ​អតីត​តំបន់​នេះ​​​ផ្លាស់ទៅ​រស់​នៅ​លើ​ដី​ទំហំ​១២,៤៤​ហិកតា​នៅ​ផ្នែក​ខាង​កើត ហើយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដល់ពួកគា​ត់​។

លោក ចាន់ ពុទ្ធិស័ក្តិ អ្នក​តវ៉ា​ម្នាក់​​​បាន​និយាយ​ថា យើង​មិន​អាច​រង់​ចាំយូរ​ជាង​នេះ​ពាក់ព័ន្ធ​​​​វិវាទ​ដីធ្លី​នេះ​​បាន​​ឡើយ។ អ្នកភូមិជាច្រើន​​ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ ប៉ុន្តែ​បញ្ហា​​នៅ​តែ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ដដែល​។

​បន្ទាប់​ពីត្រូវ​បាន​រុញច្រាន​ឲ្យ​ចេញពី​សាលា​រាជធានី​​ដោយ​សន្តិសុខ​រាជធានី និង​សន្តិសុខ​ខណ្ឌ​ដូនពេញដែលបាន​ចាប់យក​មីក្រូរបស់ក្រុមអ្នក​ត​វ៉ានោះ ក្រុម​នេះ​បានហែក្បួន​ទៅ​រដ្ឋ​សភា​ ដែល​នៅទីនោះ​ពួកគាត់​​បាន​ប្រគល់​ញត្តិ​ទៅ​ឲ្យ​លោក ជា ប៉ូច សមាជិក​សភា​គណបក្ស​ប្រឆាំង ដែល​បាន​ប្តេជ្ញា​ជួយ​ពួកគាត់​ជំរុញ​ករណី​របស់​ពួកគាត់​​ជាមួយ​លោក បា៉ សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ។

​នៅពេល​​ត្រូវ​បាន​ទាក់​ទង​ក្នុង​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​​បាន​មាន​ប្រសាសន៍​ថា សាលា​រាជធានី​គ្មាន​ជម្រើស​​ក្រៅពី​ច្រាន​ចោល​សំណើ​របស់អ្នក​តវ៉ា​ ដែល​សុំធ្វើ​បាតុកម្ម​រយៈពេល​១ខែ​នោះ​ឡើយ។

លោក​បានមាន​ប្រសាសន៍​ថា “យើង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ធ្វើ​បាតុកម្ម​នៅទីលាន​ប្រជា​ធិបតេយ្យ​ឡើយ ពីព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​តវ៉ា​ធ្វើ​បាតុកម្ម​រយៈ​ពេល​១ខែ​នៅ​ទី​នោះ​ឡើយ​”។

ជាការ​ពិត​ ច្បាប់​ស្ដីពីការ​ជួបជុំ​គ្នា​ដោយ​អហិង្សា​​មិន​បាន​កំណត់​ពេលវេលា​ថា តើ​​បាតុកម្ម​អាច​ធ្វើ​យូរ​ប៉ុណ្ណា​នោះ​ឡើយ​។ ច្បាប់​ក៏មិន​បាន​តម្រូវ​​ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ដើម្បី​ធ្វើ​បាតុកម្ម​ដែរ ប៉ុន្តែ​ចែង​ថា អ្នក​រៀបចំ​ការ​តវ៉ា​ត្រូវ​ជូន​ដំណឹង​ដល់​សាលា​រាជធានី​អំពី​ផែនការ​របស់ខ្លួន​ជាមុន។

ច្បាប់​តម្រូវ​ឲ្យ​សាលា​រាជធានី​អនុញ្ញាត​ឲ្យការ​​​តវ៉ាបន្ត​​​​បាន​ លុះណា​តែ​ការ​តវ៉ា​នោះ​ធ្វើ​ឡើង​ចំ​ថ្ងៃឈប់​សម្រាក បើ​មិន​ដូច្នោះ​ទេអាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ ឬ​អាច​ប៉ះ​ពាល់​ដល់​សន្តិសុខ​ សុវត្ថិភាព និង​​សណ្ដាប់ធ្នាប់​សាធារណៈ​”។​​ អង្គការ​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចំពោះ​ការ​បក​ស្រាយ​លក្ខខណ្ឌ​​​ទាំង​​នេះ​ទូលំ​ទូលាយ​ពេក៕ សារុន​​​​​​​​​​