27 C
Phnom Penh

​អាជ្ញាធរ​អប្សរា​ថា ចំនួន​ភ្ញៀវទេស​ចរ​បរទេស​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​​ កើន​ឡើង​១,៩​ភាគរយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្ញៀវទេសចរ​បរទេស​ជិត​២,៤លាន​នាក់​​បាន​ទៅ​​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ​កាលពី​ឆ្នាំ​មុន ហើយ​​ប្រហែល​២លាន​នាក់​ក្នុង​ចំណោម​នោះ​​បានទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ដោយ​តួលេខ​ទាំងពីរ​នេះ​​កើន​ឡើង​តិច​តួច​​បើ​ធៀប​ទៅ​នឹង​​ឆ្នាំ​២០១៣ នេះ​បើ​យោង​តាម​តួលេខ​​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។

អាជ្ញាធរ​អប្សរា​ដែល​គ្រប់​គ្រង​ឧទ្យាន​បុរាណ​អង្គរ​ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ជនបរទេស​ចំនួន​២​.០៥៩.៧០២​នាក់​បាន​ទៅ​ទស្សនា​នៅ​ឧទ្យាន​បុរាណ​អង្គរ​កាលពី​ឆ្នាំ​មុន ដោយ​កើន​ឡើង​១,៩ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ​នៅ​ក្នុង​ចំណោម​​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​២.៣៥០.៩៣៧​នាក់​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ហើយ​​ចំណូល​បាន​​ពី​​ការ​លក់​សំបុត្រ​​មាន​ចំនួន​៥៩​,៣៤លាន​​ដុល្លារ។

អាជ្ញាធរ​នេះ​និយាយ​ថា ជនបរទេស​​ចំនួន​២.០២១​.៧១៥​នាក់​​បាន​​មក​ទស្សនា​​ឧទ្យាន​​បុរាណ​​អង្គរនៅ​ក្នុង​ឆ្នាំ​២០១៣ ​នៅក្នុង​ចំណោម​ទេសចរ​បរទេស​ចំនួន​​២.២៣៧.២៨៦​នាក់ ដែល​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ហើយ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន​​​៥៧,៦៨​លាន​ដុល្លារ។ សម្រាប់​ជនបរទេស​​បង់​​ថ្លៃ​២០ដុល្លារ​សម្រាប់​សំបុត្រ​ចូល​ទស្សនា​​ប្រាសាទ​អង្គរ​វត្ត​រយៈពេល​១ថ្ងៃ ៤០ដុល្លារសម្រាប់​​រយៈ​ពេល​បីថ្ងៃ និង​៦០​ដុល្លារ​សម្រាប់​រយៈពេល​១សប្ដាហ៍​។

តួលេខចេញ​ផ្សាយ​នេះ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​២,៧​លាន​នាក់​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាបកាលពី​ឆ្នាំមុន ដោយ​កើន​ឡើង​២២ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៣​។ ទោះ​ជាយ៉ាង​ណា តួលេខ​នេះ​មិន​បាន​ពន្យល់​​ពី​វិធី​​រាប់ចំនួន​ភ្ញៀវ​​ទេសចរ​ក្នុង​ស្រុកទេ។

ការ​លក់​សំបុត្រ​សម្រាប់​ចូល​ទស្សនា​​ប្រាសាទ​អង្គរវត្ត​​​ដែល​​មើល​ការ​ខុស​ត្រូវ​​ដោយ​​ក្រុម​ហ៊ុន​មួយ​របស់​​លោក សុខ គង់​ ជា​ពាណិជ្ជ​ករ​ដែល​មាន​ខ្នង​បង្អែក​ក្រាស​ បាន​ក្លាយ​ជា​បញ្ហា​នយោបាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយ​​លោក​ សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​អះអាង​ថា មាន​ការ​​កឹប​កេង​ប្រាក់​យ៉ាង​ច្រើន​។

លោក សុន ឆ័យ បាន​​ជំទាស់​នឹង​តួលេខ​លក់​សំបុត្រ​ផ្លូវ​ការ​នេះ​ ដោយ​អះអាង​ថា ​ភ្ញៀវ​ទេសចរ​ប្រហែល​៥លាន​នាក់​មក​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​មួយ​ឆ្នាំៗ។ លោក​បាន​បញ្ជាក់​​ថា ការ​​អះអាង​ថាមាន​ភ្ញៀវទេសចរ​តែ​២លាន​នាក់​ទៅ​ទស្សនា​នៅ​ប្រាសាទ​អង្គរ​វត្ត បាន​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ជឿ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​​។ លោក​មិន​អាច​​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ។

លោក ហូរ វណ្ឌី សហប្រធាន​ក្រុម​​ការ​ងារ​ទេសចរណ៍​កម្ពុជា ​​​រវាង​វិស័យ​រដ្ឋ​ និង​ឯកជន បាន​មាន​ប្រសាសន៍​ថា ការ​កើន​ឡើងចំនួន​ភ្ញៀវទេសចរ​​តិច​តួច​នៅ​ក្នុង​​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា​នេះ​ គឺ​ដោយ​សារ​ស្ថានភាព​ចលាចល​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស និង​ករណី​ធ្លាក់​យន្តហោះ​​ដ៏រំជើប​រំជួលនៅ​បរទេស​។

លោក​បាន​បន្ថែម​ថា ” ព្រឹត្តិការណ៍​នយោបាយ​ក្នុង​ប្រទេស​របស់​យើង​ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត និង​ភាពចលាចល​​ក្នុង​​ឧស្សាហកម្ម​អាកាសចរណ៍ ដែលយន្ត​ហោះ​មួយចំនួន​បាត់​ខ្លួន​ ឬធ្លាក់​ក្រោយ​ពី​ត្រូវ​គេ​បាញ់​ទម្លាក់​ បាន​ធ្វើ​ឲ្យ​ទេសចរ​ភ័យ​ខ្លាច​មិន​ហា៊ន​​ដើរ​​លេង​។ ចំនួន​ភ្ញៀវទេសចរ​នៅ​ប្រទេស​យើង​នឹង​កើន​ឡើង​ ​ប្រសិន​បើ​មាន​សុខុដុម​រម្យ​នា​​​នៅ​ក្នុង​នយោបាយ​របស់​​យើង និង​គ្មាន​គ្រោះ​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ភ្ញៀវទេសចរ​”។

លោក លូ ម៉េង ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​​​ដ៏​​លំបាក​​នៃ​ផ្លូវ​ជាតិ​លេខ​៦​A ​ជា​ផ្លូវ​ឆ្លង​កាត់​ផ្ទាល់​បំផុត​រវាង​ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ ​ក៏​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវទេសចរដែល​​​ទៅ​កម្សាន្ត​នៅ​ខេត្ត​នេះ ​ធ្លាក់​ចុះ​ផង​ដែរ​៕ សុខុម​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស