អង្គការអន្តរជាតិទេសន្តរប្រវេសន៍បានលើកឡើងកាលពីម្សិលមិញថា ខ្លួនត្រៀមជួយសម្របសម្រួលផែនការដ៏ចម្រូងចម្រាសក្នុងការតាំងទីលំនៅថ្មីនៅក្នុងប្រទេសកម្ពុជាដល់ជនភៀសខ្លួន ដែលបច្ចុប្បន្ននេះប្រទេសអូស្ត្រាលីកំពុងឃុំខ្លួនពួកគេនៅក្នុងប្រទេសណូរូជាប្រទេសដែនកោះបាស៊ីហ្វិកខាងត្បូង បន្ទាប់ពីក្រុមមន្ត្រីកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់កោះនោះរយៈពេលមួយសប្តាហ៍។
កាលពីខែកញ្ ញាប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី ដែលរងការរិះគន់យ៉ាងខ្លាំងក្នុងការទទួលយកជនភៀសខ្លួនក្នុងចំនួនមិនជាក់លាក់នៅក្នុងប្រទេសណូរូជាថ្នូរនឹងប្រាក់ជំនួយពីប្រទេសអូស្ត្រាលីចំនួន៣៥លានដុល្លារបន្ថែមទៀតក្នុងរយៈពេលបួនឆ្នាំក្រោយ។
ប្រទេសកម្ពុជាមិនទាន់បានទទួលយកជនភៀសខ្លួនម្នាក់នៅឡើយទេ ហើយការធ្វើដំណើរទៅកាន់កោះនោះកាលពីសប្តាហ៍មុន គឺជាលើកទី១ហើយរបស់មន្ត្រីកម្ពុជាចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។
បើទោះណាជាប្រទេសអូស្ត្រាលីបានព្រមព្រៀងរ៉ាប់រងការចំណាយទាំងអស់ក៏ដោយ ក៏អង្គការអន្តរជាតិទេសន្តរប្រវេសន៍លើកឡើងថា ប្រទេសកម្ពុជាបានទាក់ទងអង្គការរបស់ខ្លួនកាលពីខែតុលាដើម្បីសុំជំនួយផងដែរ។
កាលពីម្សិលមិញ លោក ចូ ឡូរី អ្នកនាំពាក្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំតំបន់បានមានប្រសាសន៍ថា អង្គការនេះនឹងជួយ ឲ្យតែប្រទេសកម្ពុជាព្រមព្រៀងចំពោះលក្ខខណ្ឌខ្លះៗ។
លោក ឡូរី បានមានប្រសាសន៍ថា “អង្គការអន្តរជាតិទេសន្តរប្រវេសន៍បានឆ្លើយតបចំពោះសំណើររបស់រដ្ឋាភិបាលកម្ពុជា ដោយបង្ហាញថា ខ្លួនត្រៀមខ្លួនក្នុងតួនាទីតាំងទីលំនៅថ្មីដល់ជនភៀសខ្លួនពីប្រទេសណូរូ”។
លោកបានបន្ថែមថា “លក្ខខណ្ឌទាំងនេះត្រូវបានទំនាក់ទំនងទៅរដ្ឋាភិបាលកម្ពុជាហើយ ហើយកំពុងស្ថិតក្នុងការពិចារណា។ បញ្ហានេះគឺជារឿងសម្ងាត់រវាងរដ្ឋអធិបតេយ្យ និងអង្គការអន្តរជាតិ ហើយយើងនឹងមិនប្រកាសជាសាធារណៈឡើយ”។
លោក ឡូរី បានមានប្រសាសន៍ថា អង្គការអន្តរជាតិទេសន្តរប្រវេសន៍នឹងបញ្ជាក់អំពីតួនាទីរបស់ខ្លួននៅពេលព័ត៌មានលម្អិតត្រូវបានដោះស្រាយ។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍បានចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជាទៅកាន់ប្រទេសណូរូក្នុងនាមជាអ្នកសង្កេតការណ៍ ប៉ុន្តែ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចនោះឡើយ។
អ្នកនាំពាក្យសម្ព័ន្ធជនភៀសខ្លួន ជាអង្គការតស៊ូមតិដែលមានមូលដ្ឋានក្នុងទីក្រុងស៊ីដនីបានទាក់ទងជាមួយមនុស្សក្នុងប្រទេសណូរូបានមានប្រសាសន៍ថា គណៈប្រតិភូកម្ពុជាបានទៅពិនិត្យមើលកន្លែងឃុំខ្លួនរបស់ប្រទេសអូស្ត្រាលីនៅលើកោះនោះ ប៉ុន្តែ បានចាកចេញវិញដោយមិនបានជួបជាមួយជនភៀសខ្លួនណាម្នាក់ឡើយ។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា អ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះត្រូវបានផ្តល់ឱកាសឲ្យនិយាយជាមួយគណៈប្រតិភូទាំងនោះ ប៉ុន្តែ ពួកគេបានបដិសេធ។
ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលីបានចរចាអំពីកិច្ចព្រមព្រៀងជាសម្ងាត់នេះកាលពីខែកញ្ញា ហើយមានការស្ទាក់ស្ទើរសូម្បីការជូនដំណឹងអំពីដំណើរទស្សនកិច្ចថ្មីៗរបស់ប្រតិភូកម្ពុជាទៅកាន់ប្រទេសណូរូ។
កាលពីសប្តាហ៍មុន អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក កែម សារិន ប្រធានការិយាល័យជនភៀសខ្លួនរបស់នាយកដ្ឋាននេះបានដឹកនាំដំណើរទស្សនកិច្ចនោះ។
ទោះជាយ៉ាងណា នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក សារិន មិនបានបញ្ជាក់ ឬក៏បដិសេធថា លោកនៅលើកោះនោះឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានទៅប្រទេសអូស្ត្រាលីដើម្បីបំពេញទស្សនកិច្ច មិនមែនទៅចរចាអំពីជនភៀសខ្លួនក្នុងប្រទេសណូរូឡើយ”៕សារុន (រាយការណ៍បន្ថែមដោយ អូន ភាព)