28 C
Phnom Penh

ប្រេសិត​អង្គការ​សហ​ប្រជាជាតិ​មើល​ឃើញ​ស្មារតី​សហការ​គ្នាទោះជា​មាន​ភាព​ជូរចត់ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះជា​មាន​សង្រ្គាម​ពាក្យ​សម្តី​ជូរ​ចត់​ខ្លាំង​ឡើង​រវាង​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​លោក សុរិយា​ ស៊ូបេឌី​ (Surya Subedi) ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជា​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​មាន​សុទិដ្ឋិ​និយម ថា​​​គណបក្ស​ទាំង​ពីរ​បន្ត​ធ្វើការ​ជាមួយ​គ្នា​ប្រកប​ដោយ​ការ​ស្ថាបនា​​ដើម្បី​ធ្វើ​ឲ្យ​ប្រ​ទេស​ចម្រើន​លូតលាស់។subedi

លោក ស៊ូបេឌី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​សភា​ថា “ខ្ញុំ​រីករាយ​ណាស់​ដែលឮ​ថា ការ​សុន្ទនា​កំពុង​ធ្វើ​បន្ត​ដើម្បី​អនុវត្ត​កំណែ​ទម្រង់​ដែល​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ​ឡើង ធ្វើ​ឲ្យ​មាន​​នីតិរដ្ឋ​ពិត​ប្រាកដ​ថែម​ទៀត និង​ធ្វើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ច្រើន​ឡើង​ក្នុង​ប្រទេស​នេះ”។

ទើបតែ​មួយ​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ហើយ​ថា “វប្បធម៌​សុន្ទនា”​មិន​រឹងប៉ឹង​ រវាង​គណបក្ស​របស់​លោក​និង​បក្ស​ប្រឆាំង​ចប់​ហើយ និង​បាន​ព្រមាន​​​តំណាង​​​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​​​រូប​ថា អភ័យ​ឯក​សិទ្ធិ​សភា​របស់​ពួកគេ​មិន​​​អាច​​​ជួយ​​​ពួក​​​គេ​ឲ្យ​​​រួច​​​ខ្លួន​​​ពី​​​ការ​​ចោទ​ប្រកាន់​ពី​បទ​កុបម្ម​ដែល​កើត​ចេញ​ពី​ការ​តវ៉ា​កាលពី​ខែ​កក្កដា​មាន​ហិង្សា​នោះ​បាន​​​ឡើយ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា “មិន​អី​ទេ ឥឡូវនេះ​ចាប់​ផ្តើម​ប្រជែង​គ្នា​ដោយ​គ្មាន​វប្បធម៌​សុន្ទនា”។

លោក កឹម សុខា នៅ​ពេល​ថ្មីៗ​នេះ​បាន​ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ថា​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាង​មេដឹកនាំ​ណាៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា គឺ​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន បាន​ប្រៀបធៀប​អ្នក​ដែល​ប្រឆាំង​នឹង​លោក​ថា​ជាអ្នក​គាំទ្រ ប៉ុល ពត។​

ពេលត្រូវ​សួរ​អំពី​សម្តី​របស់​លោក ហ៊ុន សែន នោះ​ លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា លោក​នឹង​មិន​អធិប្បាយ​ទេ ទាល់តែ​ផ្ទៀង​ផ្ទាត់​សម្តី​នោះ​​សិន។​​ “ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ គឺ​ស្មារតី​នៃ​ការ​សហ​ការ​គ្នា​ ស្មារតី​នៃ​ការ​សុន្ទនា ដែលជា​ប្រយោជន៍​ធំ​ធេង​របស់​ប្រជាជន​នៃ​ប្រទេស​នេះ ហាក់​ដូចជា​កំពុង​បន្ត”។

យោងតាម​លោកស្រី វ៉ានហៀ លី (Wan-Hea Lee) តំណាង​នៃ​​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ូបេឌី បាន​ទៅ​ទស្សនកិច្ច​សហគមន៍​បឹងកក់​និង​បុរីកីឡា ដែល​នៅ​មាន​ជម្លោះ​ដីធ្លី​ជូរចត់​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​ឯកជន។

លោក​ស្រី លី បាន​មាន​ប្រសាសន៍​តាម​រយៈ​អីុម៉េល​ថា “គេ​រំពឹង​ថា លោក ស៊ូបេឌី ​នឹង​ជួប​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាលជាន់​ខ្ពស់​​ក្នុង​សប្តាហ៍​នេះ​” ហើយ​ថា លោក ហ៊ុន សែន នឹង​មិន​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ទាំង​នោះ​ទេ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​យល់​ថា លោក​នាយក​រដ្ឋមន្ត្រី​មិន​អាច​ជួប​ជាមួយ​អ្នក​ធ្វើ​របាយការណ៍​ពិសេស​អំឡុង​កិច្ច​ប្រជុំ​នេះ​បាន​ទេ”។

លោក ស៊ូបេឌី កំពុង​បំពេញ​បេសកកម្ម​ចុង​ក្រោយ​របស់​លោក​នៅ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ធ្វើ​របាយការណ៍​ពិសេស​អំពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ។ តំណែង​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​របស់​លោក​នឹង​បញ្ចប់​នៅ​ខែ​មីនា​ខាង​មុខ​នេះ ហើយ​អង្គការ​សហ​ប្រជាជាតិ​គ្រោង​​នឹង​តែងតាំង​ប្រេសិត​ថ្មី​មួយរូប​ផ្សេងទៀត៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស