មន្ត្រីនៅក្នុងខេត្តព្រះសីហនុកំពុងគំរាមធ្វើកូដកម្ម ប្រសិនបើក្រសួងមហាផ្ទៃមិនធ្វើការស៊ើបអង្កេតលើការអះអាងរបស់ពួកគេអំពីបក្ខពួកនិយម និងការអសមត្ថភាពរបស់លោក ឈិត សុខុន អភិបាលខេត្តនេះទេនោះ។
លិខិតចុះថ្ងៃទី១៦ ខែមករា ផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលទទួលបានកាលពីម្សិលមិញ មន្ត្រីថ្នាក់ខេត្តចំនួន៣៥រូបបានចោទប្រកាន់លោក ឈិត សុខុន ថាព្យាយាមដំឡើងតំណែងកូនប្រុសរបស់លោក គឺលោក ឈិត រតនៈ ទៅជាប្រធានរដ្ឋបាលខេត្ត និងមិត្តភក្ដិរបស់លោកឈ្មោះ ស កក្កដា ទៅជាអភិបាលរងខណ្ឌព្រៃនប់ ដោយរំលងយោបល់ថ្នាក់លើ។
ពួកគេក៏បានចោទប្រកាន់អភិបាលខេត្តរូបនេះពីបទពន្យារពេលលិខិតស្នាម និងដឹកនាំខេត្តតាមតែអំពើចិត្តរបស់ខ្លួនផងដែរ ដោយធ្វើឲ្យមានភាពតានតឹង ការធ្លាក់ទឹកចិត្ត និងការមិនពេញចិត្តក្នុងចំណោមមន្ត្រីនៅក្នុងខេត្តនេះ។
ពាក្យបណ្ដឹងនេះមានខ្លឹមសារដូច្នេះថា “អភិបាលខេត្តកំពុងធ្វើការងារដោយគ្មានផែនការច្បាស់លាស់ គឺមានន័យថា គាត់នឹងធ្វើអ្វីៗឬចេញបទបញ្ជាឲ្យធ្វើអ្វីមួយភ្លាមៗតាមតែចិត្តគាត់នឹកឃើញ ឧទាហរណ៍ ដូចជានៅក្នុងកិច្ចប្រជុំជាដើម។ ទាំងនេះធ្វើឲ្យមន្ត្រីក្រោមការដឹកនាំរបស់គាត់មានអារម្មណ៍ធ្លាក់ទឹកចិត្ត ធ្វើឲ្យបែកបាក់ផ្ទៃក្នុង និងបង្កើតឲ្យមានការខ្វែងគំនិតគ្នារវាងមន្ត្រី និងថ្នាក់ដឹកនាំ។ គ្មានការណែនាំ ឬការលើកទឹកចិត្តឡើយនៅពេលមន្ត្រីធ្វើខុស គឺមានតែការស្ដីបន្ទោស”។ មន្ត្រីដែលដាក់ពាក្យប្ដឹងទាំងនេះទទូចសុំឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជូនក្រុមការងារមកខេត្តនេះ ដើម្បីស៊ើបអង្កេតលើការអះអាងរបស់ពួកគេ “ដើម្បីចាត់វិធានការតាមផ្លូវច្បាប់”។
ពាក្យបណ្ដឹងនេះមានខ្លឹមសារបន្តដូច្នេះថា “យើងនឹងធ្វើកូដកម្ម ហើយនឹងមិនទៅធ្វើការឡើយ ប្រសិនបើគ្មានការស៊ើបអង្កេត និងការចាត់វិធានការទេនោះ”។
មន្ត្រីដាក់ពាក្យប្ដឹងមួយចំនួនដែលគេទាក់ទងកាលពីម្សិលមិញ បានបដិសេធមិនរៀបរាប់អំពីការអះអាងរបស់ពួកគេប្រឆាំងនឹងអភិបាលខេត្តរូបនេះឡើយ ហើយក៏មិនបានពន្យល់ថា តើការចោទប្រកាន់អ្វីដែលពួកគេគិតថា តុលាការគួរតែដាក់បន្ទុកលើអភិបាលខេត្តរូបនេះដែរ។ ពួកគេក៏មិនបានផ្ដល់កាលបរិច្ឆេទសម្រាប់ឱសានុវាទរបស់ខ្លួនដែរ។
គេមិនអាចទាក់ទងលោក សុខុន សុំការធ្វើអត្ថាធិប្បាយបានឡើយ។
តែទោះជាយ៉ាងណា លោក លី ឌី ក្រុមប្រឹក្សាខេត្តរបស់គណបក្សសង្គ្រោះជាតិ និងលោកស្រី ជាប សុធារី អ្នកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះក៏នៅតែបានលើកសរសើរចំពោះអភិបាលខេត្តរូបនេះ អំឡុងការកាន់តំណែងជិតមួយឆ្នាំរបស់លោក។
លោក លី ឌី បានលើកឡើងថា លោក សុខុន ដែលជាសមាជិកមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ទទួលបានប្រជាប្រិយភាពមួយចំនួនពីប្រជាពលរដ្ឋ ដោយសារការខិតខំធ្វើការងាររបស់លោក ហើយថ្នាក់ក្រោមមួយចំនួនដែលមានការតូចចិត្តតូចថ្លើមគឺប្រហែលដោយសារការខិតខំធ្វើការងាររបស់លោក សុខុន ប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ ប៉ុន្តែលោកបានបដិសេធមិននិយាយអំពីអត្ថប្រយោជន៍ទាំងនោះឡើយ ព្រោះខ្លាចក្រែងធ្វើឲ្យមន្ត្រីដូចគ្នាផ្សេងៗទៀតមានការខឹងសម្បារ។
លោក លី ឌី បានមានប្រសាសន៍ថា “ខ្ញុំមិនចង់និយាយអំពីរឿងល្អរបស់គាត់ទេ ប៉ុន្តែខ្ញុំទទួលបានដំណឹងពីអ្នកភូមិមូលដ្ឋានមកថា គាត់គួរឲ្យកោតសរសើរណាស់។ ខ្ញុំគិតថា អ្វីដែលគាត់កំពុងធ្វើគឺប៉ះពាល់ដល់ប្រយោជន៍របស់មន្ត្រីទាំងនោះ”។
រីឯលោកស្រី ជាប សុធារី វិញបានសរសើរអភិបាលខេត្តរូបនេះ ដោយសារលោកដកហូតដីសាធារណៈតាមបណ្ដោយឆ្នេរនានាក្នុងក្រុងព្រះសីហនុពីក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ហើយថា អ្វីដែលមន្ត្រីទាំងនោះបានចោទប្រកាន់គឺវាផ្ទុយទៅនឹងអ្វីដែលគាត់បានធ្វើសព្វថ្ងៃ ព្រោះថា គាត់ធ្វើការងារបានលឿន និងមានប្រសិទ្ធភាពជាងអ្នកកាន់តំណែងមុនលោក។
លោកស្រីបានមានប្រសាសន៍ថា “គាត់ចេះជួយពលរដ្ឋខ្លាំងណាស់ ចាប់តាំងពីគាត់ឡើងកាន់តំណែងមក។ គាត់មានការយកចិត្តទុកខ្លាំងនៅពេលធ្វើការសម្រាប់ប្រយោជន៍សាធារណៈ។ ឧទាហរណ៍ដូចជា គាត់បានដឹកនាំនៅក្នុងការដកហូតដីនៅឆ្នេរអូរត្រេះមកវិញជាដើម”។
លោកស្រីបានបន្ថែមថា “នៅពេលពលរដ្ឋ និងនៅពេលខ្ញុំចង់យកឯកសារទៅចុះហត្ថលេខា ឬប្រថាប់ត្រា មានមន្ត្រីជាច្រើននៅទីនោះបានមកទទួលយកឯកសារទាំងនេះ ហើយបោះត្រាឲ្យយើង ហេតុដូច្នេះវាមានដំណើរការលឿន។ ប្រសិនបើគាត់ទទួលបានពាក្យបណ្ដឹង គាត់មិនទុកយូរពេកទេ គឺគាត់ចាត់តាំងមន្ត្រីរបស់ខ្លួនឲ្យទៅធ្វើការភ្លាម”។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា លោកឃើញពាក្យបណ្ដឹងនោះហើយ ប៉ុន្តែបានបដិសេធមិននិយាយថា តើនឹងមានវិធានការយ៉ាងដូចម្ដេចចំពោះពាក្យបណ្ដឹងនេះឡើយ៕ ស៊ុយឈាង