សមាជិកសង្គមស៊ីវិលចំនួន១៦បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីម្សិលមិញ ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់ ឬបដិសេធលើសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែមករា របស់លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងថា លោកបានរៀនសូត្រពី អាឌុល អីុត្លែរ។
សមាជិកសង្គមស៊ីវិលដែលរួមមានដូចជាអង្គការសិទ្ធិមនុស្សអាដហុក គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគម ការពារសិទ្ធិមនុស្សកម្ពុជា និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានជាដើមនោះក៏បានស្នើឲ្យរដ្ឋសភាកោះហៅនាយឧត្តមសេនីយ៍ សៅ សុខា មកសភាដើម្បីសាកសួរចំពោះការលើកឡើងទាំងនេះផងដែរ។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “អាឌុល អីុត្លែរ គឺជាមេដឹកនាំផ្តាច់ការណាស៊ី នៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបានពិភពលោកទាំងមូលចាត់ទុកថា ជាមេដឹកនាំអាក្រក់បំផុតដោយបង្កជាសង្គ្រាមលោកលើកទី២ និងបានសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ និងបានសម្លាប់រង្គាលជនជាតិជ្វីហ្វនៅទូទាំងទ្វីបអឺរ៉ុប”។
សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា “សម្រាប់សេចក្តីថ្លែងការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះបានធ្វើឲ្យប៉ះពាល់ដល់កងកម្លាំងប្រដាប់អាវុធជាតិ ដែលជាស្ថាប័នឯករាជ្យ និងជាអ្នកការពារសន្តិសុខ សន្តិភាពដល់ប្រជាពលរដ្ឋដោយទាំងប្រមាថដល់ក្រុមបាតុកម្មអហិង្សា សម្លុតគំរាម និងចាត់ទុកប្រជាពលរដ្ឋជាសត្រូវ”។
នៅពេលទាក់ទងកាលពីម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបដិសេធមិននិយាយអំពីការលើកឡើងរបស់លោកដោយចំៗនោះឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំនឹងមិននិយាយអ្វីបន្ថែមទៀតឡើយ ព្រោះខ្ញុំបានឆ្លើយតបរួចហើយ។ កាសែតក៏បានចុះផ្សាយរួចហើយដែរ។ ខ្ញុំមិនគិតដូចដែលកាសែត ខេមបូឌា ដេលី បានចុះផ្សាយដែលធ្វើឲ្យគេឯងភ្ញាក់ផ្អើលនោះទេ។ខ្ញុំសូមអរគុណហើយ។ខ្ញុំមិនដឹងថា ខ្ញុំជាមនុស្សដែលគេចាប់អារម្មណ៍បែបនេះឡើយ។ ខ្ញុំមិនដឹងថា ខ្លួនខ្ញុំពិសេសដូច្នេះទេ”។
លោក សៅ សុខា ក៏បានលើកឡើងផងដែរថា ប្រសិនបើកាសែតចិត្តសឿងនោះ សូមចុះផ្សាយការលើកឡើងរបស់លោកទាំងមូលតែម្តងទៅ៕ស៊ុយឈាង