25 C
Phnom Penh

មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិចូលរួម​ជាមួយ​សមាជិក​សហជីពក្នុង​ពិធី​​រំឭក​ខួប ​នៃការ​បាញ់​សម្លាប់​លោក ជា វិជ្ជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សហ​ជីព​ជាង​១០០​នាក់​ និង​អ្នក​នយោបាយ​ប្រឆាំង​​ កាលពី​ម្សិលមិញ បាន​ទៅ​មើល​តូប​កាសែត​ កន្លែង​ដែល​លោក​ ជា វិជ្ជា មេដឹកនាំ​សហជីព​ដ៏ឆ្នើម​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៤ ដើម្បី​រំឭក​ដល់​ខួប​១១​ឆ្នាំ​ ពីព្រោះ​ការ​សម្លាប់​នេះបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចលនា​កម្មករ​​ក្នុង​ប្រទេស​យ៉ាងខ្លាំង​។chea-vichea

នៅ​ក្នុង​អ្វី​ដែល​បាន​ក្លាយ​ជា​ប្រពៃណី​ប្រចាំ​ឆ្នាំនោះ​ លោក ជា មុនី ​ដែល​បាន​​កាន់តួនាទី​​ជំនួស​បង​ប្រុស​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​សហជីព​​សេរីកម្ម បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌ជូន​លោក​ ជា វិជ្ជា ដែល​អំពើ​ឃាត​កម្ម​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ​។

លោក ជា មុនី​ បានមាន​ប្រសាសន៍​ថា “ករណី​សម្លាប់​លោក ជា​ វិជ្ជា បាន​បើក​ចំហ​​រយៈ​ពេល​១១​ឆ្នាំ​ហើយ​រហូត​មក​ទល់ពេលនេះ ប៉ុន្តែ​ឃាតករ​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា មិន​ទាន់​រក​ឃើញ ឬចាប់​ខ្លួនបាន​​នៅ​ឡើយ​ទេ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “សហជីព​សេរីកម្ម​ករ​សូម​​អំពាវ​នាវ​ដល់​ប្រព័ន្ធ​តុលាការ និង​នគរ​បាល​ ជា​ពិសេស​ស្ថាប័ន​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ស៊ើបអង្កេត និង​ស្វែង​រក​ឃាត​ករ​ពិត និង​អ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​លោក ជា វិជ្ជា ​ឲ្យ​ឃើញ​ដើម្បី​យក​មក​ផ្ដន្ទា​ទោស​”។

លោក សម រង្ស៊ី និង​លោក កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ក៏​បានចូល​រួម​ជាមួយ​សមាជិក​សហជីពផងដែរ​ ដោយ​បាន​អុជ​ធូប និង​ដាក់​កម្រង​ផ្កា​នៅ​​កន្លែង​រូប​សំណាក​លោក ជា វិជ្ជា ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​កន្លែង​ដែល​លោក​ត្រូវ​បាន​សម្លាប់​។

បុរស​​ម្នាក់​បាន​ដើរ​សំដៅ​លោក ជា វិជ្ជា ទាំង​កណ្ដាល​ថ្ងៃ​តែ​ម្ដង​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ ហើយ​បាន​បាញ់​ពីរគ្រាប់​ក្នុង​ចម្ងាយ​ដ៏កៀក ដែល​មួួយ​គ្រាប់​ត្រូវ​ចំទ្រូង និង​មួយ​គ្រាប់​ទៀត​ត្រូវ​ក្បាល​របស់​លោក។ អ្នក​គាំទ្រ​ជាង​១០.០០០​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​ហែសព​មេដឹកនាំ​សហជីព​រូប​នេះ​។

នគរ​បាល​​បាន​ចាប់​ខ្លួន​បុរស​ពីរនាក់ គឺ​ ប៊ន សំណាង និង​ សុខ សំអឿន ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​សម្លាប់​ ប៉ុន្តែ​ចៅក្រម​ម្នាក់​បាន​ច្រានចោល​ករណី​នេះ ដោយ​សារ​ខ្វះ​ភ័ស្តុតាង​។

ទោះ​ជាយ៉ាង​ណា កាលពី​ខែមិថុនា​ឆ្នាំ​មុន សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កែប្រែ​សេចក្ដី​សម្រេច​នេះ។ អ្នក​ទាំងពីរ​​​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពីបទ​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ខែ​សីហា ឆ្នាំ​២០០៥ ហើយ​ត្រូវបាន​​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​២០ឆ្នាំ​។

តុលាការ​កំពូល​បាន​បញ្ជូន​រឿងក្ដី​នេះ​ទៅ​សាលា​ឧទ្ធរណ៍​វិញ​កាលពី​ឆ្នាំ​២០០៨ ដើម្បី​​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​ឡើង​វិញ​ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​​​​ផ្ដន្ទាទោស​​បុរស​ទាំង​ពីរ​នាក់​នេះ​ឡើង​វិញ​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១២ ពីបទ​មនុស្ស​ឃាត​នោះ។

ទោះ​ជាយ៉ាង​ណា ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​​តុលាការ​កំពូល​សម្រេច​ឲ្យ​រួច​ផុតពី​ការ​ចោទ​​ប្រកាន់​​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ដោះ​លែង​។

កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣ តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​សាលា​ដំបូង​រាជធានី​​ស៊ើប​អង្កេត​រឿង​ក្ដី​នេះ​ឡើង​វិញ។ សាលា​ដំបូង​រាជធានី​​បាន​សរសេរ​លិខិត​ផ្ញើជូន​នគរ​បាល​ជាតិ​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​មុន ដោយ​បង្គាប់​ឲ្យ​ពួកគេ​បើក​ការ​ស៊ើបអង្កេត​ជា​ថ្មី ដើម្បី​ស្វែង​រក​ឃាត​ករពិត​ដែល​បាន​សម្លាប់​លោក ជា វិជ្ជា។

លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ការ​ស៊ើបអង្កេត​រឿង​ក្ដី​នេះ​មានភាព​ស្មុគ​ស្មាញ​ណាស់ ដោយ​ហេតុ​ពិត​ថា លោក ហេង ពៅ អតីត​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ធ្វើការ​​ចាប់​ខ្លួន​ដំបូង​​​នោះ​​ ​ត្រូវ​បាន​ជាប់ពន្ធនាគារ​ដោយ​ជាប់​ចោទពីបទ​​មនុស្ស​ឃាត និង​ការ​ឃុប​ឃិត​ជាច្រើន​។

មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន លោក ហេង ពៅ បាន​ប្រាប់​ទស្សនាវដ្ដី​បារាំង​ថា ប៊ន សំណាង និង​ សុខ សំអឿន ត្រូវ​បាន​ចាប់​ខ្លួន​​ដើម្បី​បិទ​បាំង​ការ​តាម​រក​ឃាតករ​ពិត​ តាម​បញ្ជា​របស់​លោក ហុក ឡងឌី ដែល​ពេល​នោះ​ជា​អគ្គស្នង​ការ​នគរ​បាល​ជាតិ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​កាលពី​ឆ្នាំ​២០០៨។

ឧត្ដម​សេនីយ៍ឯក ម៉ក់ ជីតូ បានមាន​ប្រសាសន៍​ថា “លោក ហេង ពៅ ​បាន​ធ្វើការ​​ចាប់​ខ្លួន​ទាំង​អស់​​ ដូច្នេះ​​ករណី​នេះ​​ស្មុគ​ស្មាញ​ណាស់​​ដោយ​សារ​លោក ហេង ពៅ ជាប់​ពន្ធនាគារ​”។ លោក​បាន​បន្ថែម​ថា ​​​ទោះយ៉ាង​ណា​​នគរ​បាល​​នៅ​តែ​ស្វែង​រក​​ឃាត​ករ​ដដែល​។

កាលពី​ល្ងាច​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​លុប​ចោល​គម្រោង​បញ្ចាំង​ភាព​យន្ត​ឯកសារ​​ ដែល​មាន​ចំណង​ជើង​ថា “នរណា​សម្លាប់​ ជា វិជ្ជា?” ដែល​រដ្ឋាភិបាល​បាន​ហាម​ឃាត់ ​ដោយ​សារ​មាន​ការ​លើក​ឡើង​ខ្លាំងៗ​ថា រដ្ឋាភិបាល​​ជា​អ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​​មេដឹកនាំ​សហជីព​រូប​នេះ​។

លោកស្រី មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា គណបក្ស​បាន​លុប​ចោល​ការ​បញ្ចាំង​​ខ្សែភាព​យន្ត​នេះ ដោយ​សារ​សមាជិក​គណបក្ស​​​ជាប់​រវល់​​គាំទ្រ​​សកម្មជន​១១នាក់​​ដែល​ជាប់ពន្ធនាគារ ដែល​រឿង​ក្ដី​របស់​ពួកគាត់​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ម្សិល​មិញ។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “នឹង​មាន​ការ​បញ្ចាំង​នៅ​ថ្ងៃ​ផ្សេង​”៕ សារុន (រាយ​ការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស