31 C
Phnom Penh

ប្រេសិតពិសេស​អង្គការ​សហប្រជាជាតិចូលរួមស្តាប់​សវនាការ​ជំនុំជម្រះ​​សកម្មជន​ទាំង១១រូប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សកម្មជន​១១រូប​ដែល​ត្រូវ​បាន​​​តុលាការ​ចោទ​ប្រកាន់​កាលពី​ខែ​វិច្ឆិកា ពីបទ​​​បិទ​ចរាចរណ៍ និង​រារាំង​មន្ត្រី​សាធារណៈ​នោះ​សុទ្ធតែ​បាន​​អះអាង​ថា ខ្លួន​គ្មាន​​កំហុស​​ក្នុង​សវនាការ​​​នៅ​​សាលា​ឧទ្ធរណ៍​ដែល​មាន​ការ​ចូល​រួម​ស្ដាប់​ពី​​សំណាក់​លោក សុរិយា ស៊ូបេឌី ប្រសិត​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ប្រចាំ​​កម្ពុជា​ និង​គណៈប្រតិភូ​បរទេស​មួយ​ចំនួន​ទៀត​។front

ប្រាំពីរ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​នេះ​ ដែល​រួម​មាន​អ្នកស្រី ទេព វន្នី ជា​អ្នក​​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ដ៏​​ល្បី​ឈ្មោះ​ផង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​បាតុកម្ម​មួយ​​​នៅ​ខាង​មុខ​សាលា​​រាជធានី​ភ្នំពេញ​កាលពីខែ​វិច្ឆិកា បន្ទាប់ពី​​​បាន​លើក​គ្រែ​មួយ​ដាក់​នៅ​ចំកណ្ដាល​មហាវិថី​ព្រះមុនីវង្ស។ ចំណែក​ឯ​សកម្មជន​បួនរូប​ទៀត ដែល​រួម​មាន​អតីត​​ព្រះសង្ឃ​ព្រះនាម សឹង ហៃ ផង​ ​ត្រូវ​បាន​ចាប់​ខ្លួន​​​នៅ​ថ្ងៃ​បន្ទាប់​​អំឡុង​ការ​តវ៉ា​មួយ​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ប្រាំពីរ​រូប​ខាង​លើ​។

បន្ទាប់ពី​កាត់​ក្ដី​យ៉ាង​ប្រញាប់​ប្រញាល់​​ ដែល​ជាទូទៅ​គេ​មើល​ឃើញ​ថា ជា​ហេតុ​ផល​នយោបាយ​នោះ សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​​ធ្វើ​ការ​ចោទ​ប្រកាន់​សកម្មជន​ទាំង​១១រូប​នេះ ដោយ​ប្រាំពីរ​រូប​ជាប់ចោទពីបទ​បិទ​ចរាចរណ៍ និង​បួរ​រូប​ទៀត​ពីបទ​រារាំង​មន្ត្រី​សាធារណៈ និង​ផ្ដន្ទាទោស​ពួកគេ​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ។

នៅឯ​សវនាការ​​​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ អ្នកស្រី ទេព វន្នី បាន​បដិសេធ​ថា ​គ្រែ​របស់​ពួកគាត់​មិន​បាន​​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ទេ។ អ្នកស្រី​និយាយ​ថា “មូលហេតុ​ដែល​យើង​យក​គ្រែ​ទៅ​កាន់​សាលា​ក្រុង គឺ​ដោយ​សារ​តែ​យើង​ចង់​បង្ហាញ​ថា យើង​គ្មាន​កន្លែង​ដេក​ទេ​ ពីព្រោះ​ផ្ទះ​របស់​យើង​ត្រូវ​ទឹក​ជន់លិច​អស់​ហើយ​​”។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹងកក់ បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ស៊ូកាគុ របស់​លោក​ ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​​ថា បាន​បណ្ដេញ​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​​ឲ្យ​ចេញ​ពី​សហគមន៍​នេះ​ដោយ​ខុស​ច្បាប់​ ហើយ​​បាន​បន្ទោស​​ការ​​បូម​ខ្សាច់​លុប​បឹង​នេះ​ថា ជា​មូលហេតុ​​​ធ្វើ​ឲ្យ​ផ្ទះ​របស់ពួកគាត់​ត្រូវ​ទឹក​ជន់លិច​ជា​ប្រចាំ​អំឡុង​រដូវ​វស្សា។

អ្នកស្រី ទេព វន្នី និយាយ​ថា “មនុស្ស​ប្រហែល​១០នាក់​បាន​ឈរ​នៅ​កណ្ដាល​ផ្លូវ ប៉ុន្តែ​យើង​មិន​បាន​បង្កការ​កក​ស្ទះចរាចរណ៍​ទេ”។

លោកស្រី សំ សុគន្ធា ជា​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវីការ​ពារ​ចុង​ចោទ​ទាំង​នេះ ​បាន​លើក​ឡើង​​ជា​ទឡ្ហីករណ៍​ថា ​ប្រសិន​បើ​អាជ្ញាធរ​​​ជឿថា ​​កូនក្ដី​របស់​លោក​ស្រី​មាន​ទោស ពួកគេ​ក៏គួរ​តែ​ចាប់​អ្នក​គ្រប់គ្នា​​ដែល​ចត​យាន​យន្ត​លើ​ផ្លូវ​នៅ​ខាង​មុខ​ភោជណីយដ្ឋាន​នានា​ផង​ដែរ​។

ព្រះរាជអាជ្ញា ង៉ែត សារ៉ាត់ បាន​ឆ្លើយ​តប​​ទៅវិញ​តាម​រយៈការ​អាន​សក្ខីកម្ម​ពី​មន្ត្រី​នគរ​បាល​មួយ​រូប ដែល​បាន​លើក​ឡើង​ថា អ្នក​តវ៉ា​ទាំង​នេះ​មិន​អើពើ​នឹង​ការ​បញ្ជា​របស់​សមត្ថកិច្ច​ឲ្យ​បើក​ផ្លូវ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា ” មាន​ភ័ស្តុតាង​​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​លើ​ជន​ជាប់​ចោទ​ទាំង​ប្រាំពីរ​នាក់​នេះ ដូច្នេះ​សូម​តម្កល់​សាលា​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ”។

នៅ​ឯសវនាការ​សម្រាប់ចុង​ចោទ​ផ្សេង​ទៀត ដែល​ធ្វើ​ឡើង​តាម​ក្រោយ​​​គ្នា​ភ្លាមៗ​ ចុងចោទ​ទាំងបួន​នាក់​បាន​ច្រាន​ចោល​ការ​អះអាង​ដែល​លើក​ឡើង​ថា ពួកគេ​​បាន​វាយ​នគរ​បាល​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​។ អតីតព្រះសង្ឃ សឹង ហៃ បាននិយាយ​ថា ​នៅ​ពេល​គាត់​កំពុង​ដើរ​ត្រឡប់​ទៅ​វត្ត​វិញ ​ក្រោយ​ពី​ដើរ​ទៅ​កាន់ធនាគារ​ គាត់​បាន​​ប្រទះឃើញ​ការ​ប្រវាយ​ប្រតប់​គ្នា​ ហើយ​ក៏ឈប់​ដើម្បី​ថតរូប​ចុះ​ផ្សាយ​ពីអ្វី​ដែល​កំពុង​កើត​ឡើង។

គាត់​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​វ៉ៃ​ឬប្រមាថ​អាជ្ញាធរ​ទេ។ នៅ​ពេល​ខ្ញុំ​ទៅ​ដល់ទីនោះ ខ្ញុំចង់​ឃើញ​​អ្វី​ដែល​កំពុង​កើត​​ឡើង។ ខ្ញុំ​ត្រូវ​ចាប់​ខ្លួន​ដោយ​សន្តិសុខ​មួយ​ក្រុម ហើយ​​ពួកគេ​បាន​វ៉ៃ​មាត់​ខ្ញុំ។ ខ្ញុំ​សូម​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ សូម​​សម្រេច​ឲ្យ​ខ្ញុំ​រួច​ខ្លួន​”។

អំឡុង​សវនាការ​ទាំងពីរ​នេះ មេធាវីការ​ពារ​ចុង​ចោទ​​បាន​ស្នើ​សុំបង្ហាញ​រូប​ភាព​វីដេអូ​នៃ​ទិដ្ឋភាព​ការ​តវ៉ា​ទាំង​ពីរ​។ ប៉ុន្តែ​ចៅក្រម​បាន​ច្រាន​ចោល​សំណើ​នេះ ដោយ​លើក​ឡើង​​ថា រូប​ភាព​វីដេអូ​នេះ​ស្ថិត​នៅ​ក្នុង​​សំណុំឯកសារ​រក្សាទុក​សំណុំរឿង​​ ហើយ​ពួកគេ​បាន​មើលវា​​រួច​ហើយ​។

ចៅក្រម​ ងួន អុីម ប្រធាន​សាលា​ឧទ្ធរណ៍​បាន​មាន​ប្រសាសន៍​ថា​ សាលា​ឧទ្ធរណ៍​​នឹង​ប្រកាស​សេចក្ដី​សម្រេច​របស់​ខ្លួន​នៅ​ថ្ងៃច័ន្ទ​។

លោក សុរិយា ស៊ូបេឌី ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​ក្នុង​ដំណើរ​បំពេញ​ទស្សន​កិច្ច​​ចុង​ក្រោយ​បង្អស់​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ បាន​ចូល​រួម​​ស្ដាប់​សវនាការ​​ទាំង​នេះ​ដែរ ប៉ុន្តែ​បាន​បដិសេធ​មិន​មាន​ប្រសាសន៍​​​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​អំពី​​សំណុំរឿង​ទាំង​នេះ​ទេ។ អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​​លើក​ឡើង​ថា តំណាង​មក​ពី​ស្ថានទូត​អូស្ត្រាលី​ អង់គ្លេស សហភាព​អឺរ៉ុប អាល្លឺម៉ង់ ស្វ៊ីស និង​សហរដ្ឋ​អាមេរិក​ ក៏មាន​វត្តមាន​នៅ​ក្នុង​សវនាការ​នោះ​ដែរ​។

អំឡុង​សវនាការ​នេះ អ្នក​គាំទ្រ​ប្រមាណ​៤០០​នាក់​របស់​ចុង​ចោទ​ទាំង​នេះ​ ដែល​រួម​មាន​សាច់​ញាតិ និង​ព្រះសង្ឃផង​ បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែងពួកគេ​។

កាលពី​ថ្ងៃពុធ អង្គការ​លើក​លែងទោស​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ជំរុញ​​ឲ្យ​សាលា​ឧទ្ធរណ៍​ដក​ការ​ចោទ​ប្រកាន់​លើ​ចុង​ចោទ​ទាំង​១១រូប​។

អ្នក​ធ្វើ​យុទ្ធនាការ​​ស្ដីពី​កម្ពុជា​ឈ្មោះ ជែនីស ប៊ីនលែន (Janice Beanland) មកពី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា “សកម្មជន​ទាំង​នេះ​គឺ​ជាជនរងគ្រោះ​នៃ​ការ​បង្ក្រាបយ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ ទៅ​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី។ ពួកគេ​មិន​គួរ​​ទទួល​ការ​ផ្ដន្ទាទោស​​​តាំងពី​ដំបូង​ម្លេ៉ះ​ កុំថា​ឡើយ​ត្រូវ​​ជាប់​ពន្ធនាគារ​នោះ។ ការ​ប្រើ​ប្រាស់​ច្បាប់​ និង​តុលាការ​​តាម​អំពើចិត្ត​ដើម្បី​បំភិត​បំភ័យ និង​ផ្ដន្ទាទោស​ប្រជាពលរដ្ឋ​ដោយ​សារ​តែ​​ពួកគាត់​​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី ​ត្រូវ​តែ​បញ្ចប់”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា​)​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស