35 C
Phnom Penh

សហភាពអឺរ៉ុប​​​ចូល​​​រួម​​​​​​នៅ​​​ក្នុង​​​ការ​​​ចារ​​​កំណែ​​​ទម្រង់​​​បោះឆ្នោត​​​ ប៉ុន្តែ គណបក្ស​​​ទាំង​​​ពី​​​រ​​​នៅ​​​តែ​​​ខ្វែង​​​គំនិត​​​គ្នា​​​ជុំវិញ​​​​​​ប័ណ្ណ​​​សម្គាល់​​​ខ្លួន​​​អ្នក​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ជំនាញ​​​ខាង​​​បោះ​​​ឆ្នោត​​​ពីរ​​​រូប​​​​​​មក​​​ពី​​​សហភាព​​​អឺរ៉ុប​​​ បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃសុក្រ នៅ​​​ជនួប​​​ប្រជុំ​​​ដាច់​​​ដោយ​​​ឡែក​​​ដែល​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​វិធី​​​គ្រប់​​​គ្រង​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​អនាគត ដោយ​​​ផ្តល់​​​​​​នូវ​​​ជម្រើស​​​ដែល​​​អាច​​​ទៅ​​​រួច​​​ចំនួន​​​បួន។

ប៉ុន្តែ ទោះ​​​បី​​​ជា​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​លើ​​​ជម្រើស​​​ណា​​​មួយ​​​ដែល​​​ខ្លួន​​​ពេញ​​​ចិត្ត​​​ ពោល​​​គឺ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ថ្មី​​​ដែល​​​ប្រើ​​​ប្រាស់​​​ទិន្នន័យ​​​ប្រមូល​​​ផ្តុំ​​​ស្តី​​​ពី​​​ពល​​​រដ្ឋ​​​​​​​​​ បាន​​​ពី​​​ក្រសួង​​​មហាផ្ទៃ និង​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត (គ.ជ.ប.)ក្តី ក៏​​​ពួក​​​គេ​​​មិន​​​បានជិត​​​​​​ឈាន​​​ដល់​​​ការ​​​ដោះ​​​ស្រាយ​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​របស់​​​ខ្លួន​​​ជុំ​​​វិញ​​​វិធី​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​មក​​​ដល់​​​ឡើយ​​​។

ក្រោយ​​​ជំនួប​​​របស់​​​ពួក​​​គេ​​​ជា​​​មួយ​​​ក្រុម​​​អ្នក​​​ជំនាញ​​​របស់​​​សហភាព​​​អឺរ៉ុប​​​ដែល​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​តាម​​​សំណើ​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ ប្រធាន​​​ក្រុម​​​ការ​​​ងារ​​នៃ​​​គណបក្ស​​​នីមួយ​​​ៗបាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​​​​នៅ​​​តែ​​​ខ្វែង​​​គំនិត​​​គ្នា​​​ជុំ​​​វិញ​​​វិធី​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​សម្រាប់​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​ថ្មី​​​​​​​​​។

ឧបនាយក​​​រដ្ឋមន្ត្រី​​​ ប៊ិន​​​ ឈិន ដែល​​​បាន​​​ជា​​​ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​របស់​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជុំ​​​វិញ​​​ច្បាប់​​​​​បោះ​​​ឆ្នោត​​​ថ្មី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សហភាព​​​អឺរ៉ុ​​​ប​​​គ្រាន់​​​តែ​​​ធ្វើ​​​បទ​​​បង្ហាញ​​​អំពី​​​​​​ជម្រើស​​​ចំនួន​​​បួន​​​ប៉ុណ្ណោះ ប៉ុន្តែ វា​​​អាស្រ័យ​​​លើ​​​គណបក្ស​​​នយោបាយ​​​ក្នុង​​​ការ​​​សម្រេច​​​យក​​​ជម្រើស​​ណា​​​មួយ​​​ដែល​​​ខ្លួន​​​ចូល​​​ចិត្ត។ វា​​​គឺជា​​​​​​ការពិភាក្សា ប៉ុន្តែ មិន​​​ទាន់​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ទេ​​​។ ជម្រើស​​​ទី​​​៤ គឺ​​​ជា​​​ជម្រើស​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ពិភាក្សា​​​។ ហើយ​​​ជម្រើស​​​ទី​​​៤ គឺ​​​យើង​​​ប្រើ​​​ប្រាស់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ដែល​​​មាន​​​ស្គែន​​​ក្រយៅដៃ​​​​​​ហាក់​​​ដូច​​​ជា​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដែល​​​យើង​​​បាន​​​ព្រាង​​​អ៊ីចឹង​​​ដែរ”។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​តែ​​​ចង់​​​ប្រើ​​​ប្រាស់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ ដែល​​​ចេញ​​​ដោយ​​​ក្រសួង​​​មហាផ្ទៃ ដើម្បី​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ឈ្មោះ​​​អ្នកបោះ​​​ឆ្នោត​​​នៅ​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​។

លោក​​​ គួយ ប៊ុនរឿន មន្ត្រី​​​​​​ជាន់​​​ខ្ពស់​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​បាន​​​ដឹក​​​នាំ​​​ក្រុម​​​​​​ការ​​​ងារ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​ចរចា​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​របស់​​​លោក​​​កំពុង​​​បន្ត​​​ជំរុញ​​​ឲ្យ​​​ប្រើ​​​ប័ណ្ណ​​​​​​​​​​​​​​​បោះ​​​ឆ្នោត​​​ដែល​​​ចេញ​​​ដោយ​​​ គ.ជ.ប.។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គ.ជ.ប. គួរតែ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ទិន្នន័យ​​​ដែល​​​ផ្តល់​​​ដោយ​​​ក្រសួង​​​មហាផ្ទៃ និង​​​ថា តើ​​​វា​​​មាន​​​តម្លាភាព​​​ ឬ​​​អត់​​​ក្នុង​​​ការ​​​បញ្ជាក់​​​អ្នក​​​ដែល​​​មាន​​​សិទ្ធិ​​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​”។

ក្រុម​​​ការ​​​ងារ​​​នៃ​​​គណបក្ស​​​ទាំង​​​ពីរ​​​ដែល​​​បាន​​​រៀប​​​ចំ​​​ការ​​​ចរចា​​​ជា​​​ប្រចាំ​​​ពីរ​​​ដង​​​ក្នុង​​​មួយ​​​សប្តាហ៍​​​ ចាប់​​​តាំង​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​សីហា​​​ មក​​​នោះ​​​ នឹង​​​ផ្អាក​​​ជំនួប​​​ចរចា​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​៕សុខុម​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស