38 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ស្រងាក​​​ចិត្ត​​​ចំពោះកង្វះ​​​កម្លាំង​​​នគរ​​​បាល​​​ជា​​​ស្ត្រី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​​​​​​នគ​​​របាល​​​នៅ​​​​​​ក្នុង​​​ប្រទេសកម្ពុជា​​​បាន​​​បន្ថែម​​​កម្លាំង​​​នគរ​​​បាល​​​ថ្មី​​​ដែល​​​ទើប​​​បញ្ចប់​​​ការ​​​សិក្សា​​​ចំនួន​​​១.២០៧​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​ឯ​​​សាលាបណ្ឌិត្យ​​​សភា​​​នគរ​​​បាល​​​កម្ពុជា ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​។ លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​ចូល​​​រួម​​​ជា​​​អធិបតីភាព​​​ក្នុង​​​ពិធី​​​បិទ​​​វគ្គ​​​បញ្ចប់​​​ការសិក្សា​​​នេះ បាន​​​ប្រាប់​​​ឲ្យសិក្ខាកាម​​​នគរ​​​បាល​​​ជា​​​ស្ត្រី​​​នៅ​​​ក្នុង​​​ថ្នាក់​​​ក្រោក​​​ឈរ​​​ឡើង​​​។ ពួក​​​គេ​​​គឺ​​​មាន​​​តែ​​​គ្នា​​​៦៥​​​នាក់​​​ប៉ុណ្ណោះ​​​។cam-photo-front12

យោង​​​តាម​​​​​​លោក គៀត​​​ ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​​​កម្លាំ​​​ង​​​នគរ​​​បាល​​​ទាំង​​​មូល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​មាន​​​នគរ​​​បាល​​​សរុប​​​ជាង​​​៥៨.០០០នាក់​​​ នគរ​​​បាល​​​ជា​​​ស្ត្រី​​​មាន​​​ប្រហែល​​​៥ភាគ​​​រយ​​​ប៉ុណ្ណោះ​​​។

លោក ស ខេង បាន​​​ថ្លែង​​​ទៅ​​​កាន់​​​​​សិក្ខាកាម​​​នគរ​​​បាល​​​ដែល​​​ទើប​​​នឹង​​​បញ្ចប់​​​ការ​​​សិក្សា​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ថា លោក​​​នឹង​​​ខិត​​​ខំ​​​ធ្វើ​​​យ៉ាង​​​ណា​​​​​​មិន​​​ឲ្យ​​​បញ្ហា​​​​នេះ​​​ស្ថិត​​​​​​ក្នុង​​​ស្ថានភាព​​​បែប​​​​​​នេះ​​​​​​ទៀត​​​ឡើយ​​​។

ដោយ​​​គូស​​​បញ្ជាក់​​​ថា មន្ត្រី​​​នគរ​​​បាល​​​ប្រមាណ​​​២.០០០នាក់​​​បាន​​​ចូល​​​​​​និវត្ត​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១៤​​​និង​​​ចាំ​​​បាច់​​​ត្រូវ​​​ជ្រើស​​​រើ​​​ស​​​នគរ​​​​​​បាល​​​ថ្មី​​​ចូល​​​ជំនួស​​​នោះ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​ពិនិត្យ​​​មើល​​​បញ្ហា​​​​​​នេះ​​​ឡើង​​​វិញ ពីព្រោះ​​​ចំនួន​​​នេះមិន​​​គ្រប់​​​គ្រាន់​​​ទេ​​​។ យើង​​​ចង់​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​ពី​​​៣០​​​ទៅ ៤០​​​ភាគ​​​រយ​​​ [នៃ​​​ចំនួន​​​មន្ត្រីនគរ​​​បាល​​​ដែល​​​​​​ត្រូវ​​​ជ្រើស​​​រើស​​​ជំនួស​​​ជា​​​ស្ត្រី​​​] ។ យើង​​​នឹង​​​បណ្តុះ​​​បណ្តាល​​​ពួក​​​គេ​​​ឲ្យ​​​មាន​​​ជំនាញ​​​ នគរ​​​បាល​​​អន្តោ​​​ប្រវេសន៍​​​ត្រូវ​​​ការ​​​ពួក​​​គេ នគរ​​​បាល​​​ចរាចរ​​​ក៏​​​ត្រូវការ​​​​​​នគរ​​​បាល​​​ជា​​​ស្ត្រី​​​ ហើយ​​​នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​​​​ក៏ត្រូវ​​​ការ​​​ពួក​​​គេ​​​ដោយ​​​សារ​​​ពួក​​​គេ​​​​​​ត្រូវ​​​ពិនិត្យ​​​មើល​​​ស្ត្រី​​​”។

លោក​​​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា មន្ត្រី​​​នគ​​​របាល​​​ជា​​​ស្ត្រី​​​​​​មាន​​​ប្រយោជន៍​​​​​​ច្រើន​​​នៅ​​​ក្នុង​​​ជួរ​​​នគរ​​​បាល​​​ចរាចរ​​​ ពីព្រោះ​​​ជា​​​ទូទៅពួក​​​គេ​​​ចិត្ត​​​ត្រជាក់​​​​​​ជាង​​​នគរ​​​បាល​​​ជា​​​បុរស​​​។ លោក​​​បាន​​​បន្ត​​​ថា “បើ​​​មាន​​​ស្ត្រី​​​ច្រើន​​​បម្រើ​​​ការ​​​ងារ​​​នៅ​​​ក្នុង​​​ជួរ​​​​​​នគរ​​​បាល​​​ចរាចរ​​​ វា​​​អាច​​​កាត់​​​បន្ថយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បាន​​​ ហើយ​​​ក៏​​​អាច​​​ជួយ​​​​​​រំឭក​​​ដាស់​​​តឿនអ្នក​​​បើក​​​បរ​​​ឲ្យ​​​គោរព​​​ច្បាប់​​​ផង​​​ដែរ​​​ ពីព្រោះ​​​ស្ត្រី​​​គ្មាន​​​​​​បញ្ហា​​ជា​​​មួយ​​​បុរស​​​ និង​​​ជា​​​មួយ​​​ស្ត្រី​​​គ្នា​​​ឯង”។

ឧត្តម​​​សេនីយ៍​​​ឯក​​​ គៀត​​​ ច័ន្ទ​​​ថារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​​​​ព្យាយាម​​​​​​ប្រើ​​​វិធី​​​ផ្សេង​​​ៗ ដើម្បី​​​ទាក់​​​ទាញ​​​ស្ត្រី​​​ឲ្យ​​​​​​ចូល​​​បម្រើ​​​កា​​រ​​​ងារ​​​ក្នុង​​​ជួរ​​​នគរ​​​បាល​​​ ប៉ុន្តែ ទទួល​​​បាន​​​ជោគ​​​ជ័យ​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​បញ្ជាក់​​​ថា “មាន​​​ហេតុ​​​ផល​​​​​​ជា​​​ច្រើន​​​ [សម្រាប់​​​រឿង​​​នេះ​​​]។ ស្ត្រី​​​ខ្លះ ​​​នៅ​​​ពេល​​​គាត់​​​សម្រាល​​​កូន ​​​ពួក​​​គាត់​​​ចង់​​​នៅ​​​ផ្ទះ ហើយ​​​ពួក​​​គាត់​​​មិន​​​ចង់​​​ទៅ​​​ណា​​​ទេ​​​ ពីព្រោះ​​​ពួក​​​គាត់​​​ចង់​​​មើល​​​ថែ​​​កូន​​​ដោយ​​​ខ្លួន​​​ឯង​​​។ ដូច្នេះ​​​វា​​​ខុស​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ ដែល​​​នៅ​​​ពេល​​​ពួក​​​គាត់​​​សម្រាល​​​កូន​​​ ពួក​​​គាត់​​​បញ្ជូន​​​កូន​​​ឲ្យ​​​ទៅ​​​​​​ឈ្នួល​​​ជា​​​អ្នក​​​មើល​​​ថែ​​​។ ហេតុផល​​​ផ្សេង​​​ៗ​​​ទៀត កើត​​​ចេញ​​​ពី​​​សង្គម​​​ និ​​​ង​​​ប្រពៃណី​​​ខ្មែរ។ រាង​​​កាយ​​​របស់​​​ស្ត្រី​​​យើង​​​ហាក់​​​ដូច​​​ជា​​​ទន់​​​ខ្សោយ​​​ជាង​​​ស្ត្រី​​​នៅ​​​បរទេស​​​ ដែល​​​ពួក​​​គេ​​​មាន​​​ថាម​​​ពល​​​ខ្លាំង​​​ដូច​​​បុរស​​​”។

​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោកស្រី ធីតា ឃឹស នាយិកាអង្គការ​​​បណ្តុះ​​​បណ្តាល​​​សីលកា ជា​​​អង្គការ​​​មិន​​​មែ​​​ន​​​រដ្ឋាភិបាល​​​ដែល​​​តែង​​​តែ​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​គួរ​​​តែ ព្យាយាម​​​បន្ថែម​​​ទៀត​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​​​​ស្ត្រី​​​ដែល​​​ចូល​​​​​​បម្រើ​​​​​​ការ​​​ងារ​​​នៅ​​​ក្នុង​​ជួរ​​​នគរ​​​បាល​​​ឲ្យ​​​យល់​​​ថា វា​​​ជា​​​ជម្រើស​​​ការ​​​ងារ​​​ល្អ​​​។

​​​លោក​​​ស្រី​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ពេល​​​នេះ​​​ចំនួន​​​បុរស​​​មាន​​​ច្រើន​​​លើស​​​លប់​​​ចាប់​​​ពី​​​ថ្នាក់​​​កំពូល​​​ដល់​​​ថ្នាក់​​​ក្រោម​​​។ ​​​ស្ត្រី​​​ដែល​​​បម្រើ​​​ការ​​​ងារ​​​នៅ​​​ទី​​​នោះ​​​មិន​​​អាច​​​ចូល​​​រួម និង​​​មិន​​​ទទួល​​​បាន​​​ការ​​​ពិចារណា​​​ត្រឹម​​​ត្រូវ​​​សម្រាប់​​ការ​​​ចាត់​​​តាំង​​​ និង​​​ការ​​​ដំឡើង​​​តំណែង​​​​​​ទេ​​​​​​​​​​​​​​​​។ ពួក​​​​​​គេ​​​សាំុ​​​​​​នឹង​​​ការ​​ធ្វើ​​​​​​ការ​​​តែ​​​នៅ​​​ការិយាល័យ​​​​​​ និង​​​រក្សា​​​ទុក​​​ឯកសារ​​​ប៉ុណ្ណោះ​​​ ហើយ​​​មិន​​​ទទួល​​​បាន​​​ការ​​​ចាត់​​​តាំង​​​ឲ្យ​​​ចេញ​​​ទៅ​​​ក្រៅ និង​​​ធ្វើ​​​ការ​​​ងារ​​​នគរ​​​បាល​​​ពិត​​​ប្រាកដ​​​ឡើយ​​​”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា ប្រសិន​​​បើ​​​នគរ​​​បាល​​​ជាតិ​​​គិត​​​គូ​​​រហ្មត​​​ចត់​​​ចំពោះ​​​ការ​​​បន្ថែម​​​កម្លាំ​​​ងនគរ​​​បាល​​​ជា​​​ស្ត្រី​​​បន្ថែម​​​ទៀត​​​ នគរ​​​បាល​​​ជាតិ​​​គួរ​​​តែ​​​​​​ផ្តួច​​​ផ្តើម​​​ដំណើ​​​រ​​​ការ​​​ជ្រើស​​រើស​​​មួយ​​​ដែល​​​មាន​​​តម្លាភាព​​​ ចាប់​​​ដៃ​​​គូ​​​ជា​​​មួយ​​​សាកល​​​វិទ្យាល័យ​​​នានា​​​ និង​​​ដាក់​​​ពង្រាយ​​​នគរ​​​បាល​​​ជា​​​ស្ត្រី​​​បន្ថែម​​​ទៀត​​​នៅ​​​តាម​​​​​​ផ្លូវ​​​ដើម្បី​​​កែ​​​ប្រែ​​​ទស្សន​​​យល់​​​ខុស​​​របស់​​​មជ្ឈដ្ឋាន​​​ទូទៅ​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ពួក​​​គេ​​​និយាយ​​​ថា គ្មាន​​​អ្នក​​​ដាក់​​​ពាក្យ​​​ធ្វើ​​​ការ​​​ងារ​​​នេះទេ ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា រដ្ឋ​​​មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​ក្នុង​​​ការ​​​អប់​​​រំ​​​សាធារណជន​​​ និង​​​ដាក់​​​ស្ត្រី​​​ឲ្យ​​​ស្ថិត​​ក្នុង​​​ក្រសែ​​​ភ្នែក​​​សាធារណជន។​​​ដូច​​​នគរ​​​បាល​​​ចរាចរ​​​ជាដើម ស្ត្រី​​​អាច​​​ធ្វើ​​​ការ​​​ងារ​​​នោះ​​​បាន​​​”។

លោក​​​ស្រី ពេជ្រ សុ៊នណារី អនុ​​​ប្រធាន​​​រដ្ឋ​​​បាល​​​នៅ​​​បណ្ឌិត្យ​​​សភា​​​នគរ​​​បាល​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​បាន​​​ចូល​​​បម្រើ​​​ការ​​​​​​ងារ​​​ក្នុង​​​ជួរ​​​នគរ​​​បាល​​​ក្នុង​​​ឆ្នាំ​​​១៩៨៩​​​ “ពីព្រោះ​​​ខ្ញុំ​​​ស្រឡាញ់​​​អាជីព​​​នេះ​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា​​​អាជីព​​​នេះ​​​អាច​​​អប់​​​រំ​​​កូន​​​ៗ និង​​​ចៅ​​​ៗ​​​ឲ្យធ្វើ​​​រឿង​​​ល្អៗ​​​​​​”។

លោក​​​ស្រី​​​បាន​​​អំពាវនាវ​​​ឲ្យលោក ស ខេង ​​​ធ្វើ​​​តាម​​​ការ​​​ប្តេជ្ញាចិត្ត​​​របស់​​​លោក​​​​​​ក្នុង​​​ការ​​​ជ្រើស​​​រើស​​​ស្ត្រី​​​បន្ថែម​​​ទៀត​​​ឲ្យ​​​ចូល​​​បម្រើ​​​ការ​​​ងារ​​​ក្នុង​​​ជួរ​​​នគរ​​​បាល​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ក៏ដឹង​​​ដែរ​​​ថា ​​​មាន​​​ការ​​​កំហិត​​​ផ្នែក​​​វប្បធម៌​​​ដែលរារាំង​​​ស្ត្រី​​​មិន​​​ឲ្យ​​​ដើរ​​​តាម​​​គន្លង​​​របស់​​​លោក​​​ស្រី​​​។

លោក​​​ស្រី​​​​​​លើក​​​ឡើ​​​ងថា “មាន​​​ហេតុផល​​​ជា​​​ច្រើន​​​ដែល​​​ស្ត្រី​​​ខ្មែរ​​​​​​មិន​​​ចូល​​​ធ្វើ​​​ការ​​​ជា​​​នគរបាល​​​ ដូច​​​ជា​​​ប្រពៃ​​​ណី​​​ខ្មែរ និង​​​កម្រិត​​​អប់​​​រំ​​​ទាប​​​ជា​​​ដើម​​​។ ស្ត្រី​​​ខ្លះមាន​​​កម្លាំង​​​ខ្សោយ​​​ជាង​​​បុរស ហើយ​​​ស្ត្រី​​​ធ្វើ​​​ជា​​​មេ​​​ផ្ទះ​​​ច្រើន​​​ជាង​​​បុរស​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស