38.8 C
Phnom Penh

គ្រូសូត្រស្ដាំ​មួយ​អង្គ​ត្រូវ​គេ​ធ្វើ​គត​អំឡុង​ពិធីបុណ្យ​មួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិល​មិញ​នគរ​បាល​កំពង់ស្ពឺ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​ត្រូវ​បាន​សង្ស័យ​ពីបទ​​បាញ់​សម្លាប់​ព្រះសង្ឃ​​មួយអង្គ​​ព្រះជន្ម​៧៦​ព្រះវស្សា​ ខណៈ​​​ព្រះអង្គ​​​កំពុង​សម្ដែង​ធម៌​ទេសនា​នៅ​ក្នុង​ពិធី​បុណ្យ​មួយ​កាលពី​យប់​ថ្ងៃសៅរ៍។

លោក ឃុត សុផល អធិការ​នគរ​បាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ព្រះតេជគុណ ម៉ឹង អ៊ុំ គ្រូសូត្រ​ស្ដាំ​នៅ​វត្ត​អង្គស្នៀត ​ក្នុង​ស្រុក​សំរោងទង ​​ត្រូវ​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​តាំង​ក្រូច​និមន្ត​ទៅ​​​សម្ដែង​ធម៌ទេសនា​នៅ​ក្នុង​ពិធីបុណ្យ​​ខួប​១ឆ្នាំ​របស់​បងប្អូន​ប្រុស​ពីរ​នាក់​ដែល​ស្លាប់​​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ។

លោក សុផល បាន​លើក​ឡើង​ថា ព្រះតេជគុណ ម៉ឹង អ៊ុំ ត្រូវ​គេ​ធ្វើ​គត​នៅ​ម៉ោង​​ប្រហែល​៨និង​៣០​នាទី​យប់ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ព្រះអង្គ​ចាប់​ផ្ដើម​សម្ដែង​ធម៌ទេសនា​ និង​ខណៈ​ព្រះ​អង្គ​​កំពុង​គង់​នៅ​លើ​គ្រែទេសនា​​នៅ​ចំពោះ​មុខ​​​ពុទ្ធបរិស័ទ​ប្រមាណ​១០០​នាក់។

លោក​បានមាន​ប្រសាសន៍​ថា “ក្រោយ​មក​ប្រហែល​៥នាទី មាន​ស្នូរ​កាំភ្លើង​​ចេញពី​ក្រោយ​ព្រះតេជគុណ។ ព្រះតេជគុណ ម៉ឹង អ៊ុំ បាន​សុគត​នៅ​លើ​គ្រែទេស​ចំពោះ​មុខ​ពុទ្ធ​បរិស័ទ”។

ស្នង​ការ​នគរ​បាល​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​ព្រះតេជគុណ​​​ត្រូវ​​គ្រាប់​កំាភ្លើង​មួយ​គ្រាប់ ដែល​គេ​បាញ់​ចេញ​ពីខាង​ក្រោយ​វាំង​នន​​​ចំក​ខាង​ឆ្វេង​​​ធ្លាយ​ទៅ​ត្រចៀក​ខាង​ស្ដាំ។ ព្រះតេជគុណ ម៉ឹង អ៊ុំ បាន​សុគត​ភ្លាមៗ​ ហើយ​គ្មាន​នរណា​ផ្សេង​ទៀត​រងរបួស​ឡើយ​។

លោក សោម បូរ៉ា ស្នង​ការ​រង​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​បាន​លើក​ឡើង​ថា កាល​ពី​ម្សិលមិញ​មន្ត្រី​របស់​លោក​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៨​ឆ្នាំ​ម្នាក់​នៅ​ក្បែរ​ស្រុក​ភ្នំស្រួច ដែល​សង្ស័យ​ថា ជា​អ្នក​ធ្វើ​គត​ព្រះតេជគុណ​អង្គនេះ​។

លោកបានមាន​ប្រសាសន៍​ដោយ​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ជនសង្ស័យ​ថា “ទោះបី​ជា​ជនសង្ស័យ​នៅ​មិន​ទាន់​សារភាព​ក៏ដោយ តែ​​នគរ​បាល​របស់​យើង​​កំពុង​តែ​ជជីក​សួរ​ជននេះ​បន្ថែម​ហើយ​”។

លោក​ បូរ៉ា បាន​លើក​ឡើងទៀត​ថា បុរស​រូប​នេះ​ត្រូវ​បាន​​ចាត់​ទុក​ថា ជា​ជនសង្ស័យ​ព្រោះ​ជននេះ​ធ្លាប់​មាន​ជម្លោះ​​ជាមួយ​ព្រះតេជគុណ ម៉ឹង អ៊ុំ កាលពីពីរ​​បី​ថ្ងៃ​កន្លង​មក​នេះ​​ ដោយ​ជននេះ​​​ថែម​ទាំង​បាន​ចាក់​សោ​ព្រះតេជគុន ម៉ឹង អ៊ុំ នៅ​ក្នុង​បន្ទប់​មួយ​​ទៀត​ផង​។

ឧត្ដម​សេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​លើក​ឡើង​ថា មន្ត្រី​របស់​លោក​ក៏កំពុង​ស៊ើបអង្កេត​អំពើ​ឃាត​កម្ម​នេះ​ដែរ​។

លោក​បានមាន​ប្រសាសន៍​ដោយ​មិន​រៀបរាប់​ច្រើន​ថា ” ករណី​នេះ​គឺ​ជារឿង​គំនុំ ប៉ុន្តែ​យើង​មិន​អាច​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ហេតុ​អ្វី​បាន​ជាឃាតករ​បាញ់​សម្លាប់​ព្រះតេជគុណ​”។

ទោះ​ជាយ៉ាង​ណា​លោក ទេព ផាន់ណា មេបញ្ជាការ​រង​កង​រាជអាវុធ​ហត្ថ​​ខេត្ត​​បាន​លើក​ឡើង​ថា អ្នក​ស៊ើប​អង្កេត​​សង្ស័យ​ថា ​ឃាតករ​​ប្រហែល​ជា​ប្រើ​កាំភ្លើង​កែច្ឆៃ​ក្នុង​ការ​ធ្វើ​ឃាត​នេះ ព្រោះ​​គេ​មិន​ឃើញ​មាន​សំបក​គ្រាប់​នៅ​កន្លែង​កើត​ហេតុ​ឡើយ។

​ការ​ធ្វើ​គត​ព្រះតេជគុណ ម៉ឹង អ៊ុំ គឺ​ជា​ការ​ធ្វើ​គត​ថ្មី​បំផុត​នៅ​ក្នុង​​​ចំណោម​ហេតុការណ៍​ដ៏​ហិង្សា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ព្រះសង្ឃ​ក្នុង​ពេលថ្មីៗ​នេះ​។

កាលពី​ចុង​ខែ​ធ្នូ ព្រះតេជគុន មូល សុខនី ព្រះជន្ម​៣១​ព្រះវស្សា​គង់​នៅ​វត្ត​ខេមរាសីមា ក្នុង​​ខេត្តព្រះវិហារ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​​ពីបទ​មនុស្ស​ឃាត​គ្រោងទុក​ជាមុន​លើ​​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ មិត្ត ទូច អាយុ​៦៤​ឆ្នាំ ដែល​​សាកសព​របស់​គាត់​​​ត្រូវ​បាន​គេ​រក​ឃើញ​កប់​​នៅ​ក្រោយ​កុដិ​របស់​ព្រះសង្ឃ​អង្គ​នេះ។

​កាលពីថ្ងៃ​ទី១២ ខែ​មករា នគរ​បាល​បាន​ចាប់​ខ្លួន​​អតីត​​​សាមណេរ​​ ចាន់ សុភ័ក្ត្រ អាយុ​១៨​ឆ្នាំ ​នៅ​វត្ត​សាមគ្គីរង្សី នៅ​ក្នុង​រាជធានី​ភ្នំពេញ ពីបទ​យក​កូន​កាំបិត​​ចាក់​សម្លាប់​គ្រូសូត្រ​ស្ដាំ​មួយ​អង្គ៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស