មានគ្រោះថ្នាក់ចរាចរណ៍ពីរលើកកាលពីថ្ងៃសៅរ៍ជាប់ៗគ្នា ដែលក្នុងនោះរថយន្តម៉ាកសឺដេសពណ៌សមួយគ្រឿងម៉ាក SLS AMG ដែលមានតម្លៃជាង២០០.០០០ដុល្លារបានជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយនៅក្នុងរាជធានីភ្នំពេញ ខណៈដែលបើកបរក្នុងល្បឿនលឿន ដោយបុករះរបាំងផ្លូវអស់១៣ផ្ទាំងនៅតាមមហាវិថីព្រះសីហនុ។
លោក សែម គន្ធា នាយរងនគរបាលចរាចររាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលបានទៅដល់កន្លែងកើតហេតុនៅម៉ោង១និង២០នាទីរំលងអធ្រាត្រថ្ងៃសៅរ៍ តាមរយៈការផ្តល់ព័ត៌មានពីអ្នកដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍រថយន្តនោះ។
លោកបានមានប្រសាសន៍ថា “មុនពេលគ្រោះថ្នាក់កើតឡើង សាក្សីបានឃើញរថយន្តម៉ាកសឺដេសពណ៌សនេះដែលឥតមានស្លាកលេខបានបើកក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយមហាវិថីព្រះសីហនុ។ នៅពេលរថយន្តនោះមកដល់កន្លែងកើតហេតុ វាបានរេចង្កូត ហើយជ្រុលទៅបុករបាំងផ្លូវអស់១៣ផ្ទាំង”។
លោក គន្ធា បានបន្ថែមថា បន្ទាប់មកអ្នកបើកបរបានរត់គេចពីកន្លែងកើតហេតុ ហើយឥឡូវនេះនគរបាលកំពុងតាមរកចាប់ខ្លួន។
លោកបានមានប្រសាសន៍ថា “រថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ រហូតបែកកង់ខាងឆ្វេង បន្ទាប់មកនៅតែបន្តបើកទៅមុខ ហើយសាក្សីបានឃើញអ្នកបើកបរ និងអ្នករួមដំណើរម្នាក់បើកទ្វាររថយន្តរត់គេចពីកន្លែងកើតហេតុយ៉ាងលឿនមុនពេលនគរបាលមកដល់ទីនោះ”។
កាលពីថ្ងៃទី១៧ ខែមករា កូនប្រុសឧកញ៉ាខាងអចលនទ្រព្យម្នាក់បានបង្កគ្រោះថ្នាក់ដោយជិះរថយន្តស៊េរីដូចគ្នានេះដែរ ដោយបានបុករថយន្តទំនើបមួយគ្រឿងទៀតដែលចតចោល ខណៈដែលបើកបរក្នុងល្បឿនយ៉ាងលឿននៅម្ដុំវត្តភ្នំក្នុងរាជធានីភ្នំពេញ៕ សារុន