28.4 C
Phnom Penh

ប៉ូលិស​បញ្ជូន​ម៉ុងតាញ៉ា​ប្រាំពីរ​នាក់​ពី​ខេត្ត​រតនគិរី​ទៅ​ប្រទេស​វៀតណាម​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែល​ជនស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៤​នាក់​បន្ត​គេច​ខ្លួន​ពី​អាជ្ញាធរ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប៉ូលិស​បាន​បញ្ជូន”ចារ៉ាយ​វៀតណាម”​ប្រាំពីរ​នាក់​ចេញ​ពី​ខេត្ត​ភាគ​ឦសាន​កាលពី​ថ្ងៃ​សៅរ៍។

ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ងួន គឿន បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​ព្រំដែន​បាន​ចាប់​ខ្លួន​​មនុស្ស​ប្រាំពីរ​នាក់​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ និង​បាន​ប្រគល់​ពួកគេ​ឲ្យ​អាជ្ញាធរ​វៀតណាម​នៅជិត​ព្រំដែន​នៅ​ថ្ងៃ​ដដែល​នោះ។

លោក​បាន​និយាយ​ថា “យើង​បាន​ចាប់​មនុស្ស​ទាំង​នោះ​ពីព្រោះ​ពួកគេ​បាន​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់ និង​បាន​ធ្វើ​ចម្ការ​លើ​ដី​ខ្មែរ​របស់​យើង”។

លោក​បាន​បន្ថែម​ថា “ពួកគេ​មិន​មែន​ជន​ម៉ុងតាញ៉ា​ទេ ពួកគេ​ជា​ប្រជាជន​ចារ៉ាយ​វៀតណាម”។

ម៉ុងតាញ៉ា​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​ផ្តុំ​គ្នា​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​របស់​ប្រទេស​វៀតណាម​បង្កើត​បាន​ប្រហែល​ជា​៣០​កុលសម្ព័ន្ធ​ភ្នំ ក្នុង​នោះមាន​ទាំង​ក្រុម​ចារ៉ាយ​ផង។ ទោះជា​មាន​ចំនួន​ប្រជាជន​ចារ៉ាយ​រស់នៅ​ក្នុង​ខេត្ត​រតនគិរី​ក៏ដោយ ក៏​សមាជិក​ភាគ​ច្រើន​នៃ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នេះ​រស់​នៅ​ក្នុង​ខេត្ត​ចា ឡាយ និង​ខេត្តកន ធើម របស់​វៀតណាម​ដែរ។ ចារ៉ាយ​វៀតណាម​ទាំងអស់​ត្រូវ​គេ​ចាត់ទុក​ថា ជាជន​ម៉ុងតាញ៉ា។

កាលពី​ថ្ងៃ​ទី​៣​ខែ​មករា ជនស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​ប្រាំ​នាក់​បាន​ឆ្លង​ចូល​ខេត្ត​រតនគិរី ហើយ​តាំងពី​ពេល​នោះ​មក ក្រុម​ចារ៉ាយ​ខ្មែរ​បាន​ជួយ​ពួកគេ​នៅ​ស្រុក​អូរយ៉ាដាវ។

ជន​ម៉ុងតាញ៉ា​ប្រាំបួន​នាក់​មួយ​ក្រុម​ផ្សេង​ទៀត ក្នុង​នោះ​មាន​ទាំង​ក្មេង​ពីរ​នាក់​និង​ទារក​ម្នាក់​ផង បាន​មក​ដល់​ខេត្ត​នេះ​កាលពី​ថ្ងៃ​ទី​១៧​ខែ​មករា ហើយ​បាន​ចូល​រួម​ជាមួយ​នឹង​ក្រុម​មាន​គ្នា​ប្រាំ​នាក់។

ទាំងពីរ​ក្រុម​អះអាង​ថា បាន​ភៀសខ្លួនពីការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​សាសនា​និង​នយោបាយ​ក្នុង​ប្រទេស​វៀតណាម។

លោក​ស្នងការ គឿន បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប៉ូលិស ដែល​បាន​ចាប់​ផ្តើម​​ឆែកឆេរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​រក​ក្រុម​មាន​គ្នា​ប្រាំ​នាក់​នេះ បន្ទាប់ពី​ពួកគេ​បាន​ឆ្លង​ព្រំដែន​ភ្លាម លែង​ស្វែងរក​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន ដែល​លោក​បាន​សំដៅ​លើ​”ចារ៉ាយ​វៀតណាម”​នោះ​ទៀតហើយ។ លោក​បាន​និយាយ​ថា “មិន​មាន​ម៉ុងតាញ៉ា​ទេ ប៉ុន្តែ​មាន​ប្រជាជន​ចារ៉ាយ​វៀតណាម​មួយ​ចំនួន​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ”។

បុរស​ពីរ​នាក់​ដែល​ប៉ូលិស​កំណត់​ភិនភាគ​ថា​ជា”ចារ៉ាយ​វៀតណាម”​ក៏​ត្រូវ​បាន​និរទេស​ចេញ​ពីរ​ខេត្ត​រតនគិរី​កាលពី​ដើម​ខែ​នេះ​ដែរ។ ប៉ូលិស​មូលដ្ឋាន ក្នុង​នោះ​មាន​លោក គឿន ដែរ បាន​និយាយ​នៅពេល​នោះ​ថា ពួកគេ​មិន​មែន​ជា​ម៉ុងតាញ៉ា​ទេ ហើយ​គ្រាន់​តែ​បាន​ដើរ​ចូល​ដី​ខ្មែរដោយ​អចេតនា​នៅ​ពេល​ធ្វើ​ចម្ការ​ប៉ុណ្ណោះ។

លោកស្រី វ៉ានហៀ លី (Wan-Hea Lee) នាយក​ប្រចាំ​ប្រទេស​នៅ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ជន​ម៉ុងតាញ៉ា​ប្រាំពីរ​នាក់​ត្រូវ​បាន​និរទេស​កាលពី​ថ្ងៃ​សៅរ៍ មុន​ពេល​ការិយាល័យ​របស់​លោក​ស្រី​អាច​ទាក់ទង​ពួកគេ។

លោក​ស្រី លី បាន​មាន​ប្រសាសន៍​ថា “យើង​មិន​មាន​ការ​ទាក់ទង​ជាមួយ​ក្រុម​នេះ​ទេ ហេតុ​ដូច្នេះ​យើង​កំពុង​ស្វែងរក​ការ​បំភ្លឺ​ពី​ក្រសួង​មហា​ផ្ទៃ​អំពី​ថាតើ គេ​បាន​ផ្ទៀងផ្ទាត់​ថា​ អ្នក​ទាំង​នោះ​បាន​ស្វែង​រក​សិទ្ធិជ្រកកោនឬ​ទេ”។ លោក​ស្រី​បាន​បន្ថែម​ថា “ក្រសួង​មិន​ទាន់​បាន​ឆ្លើយ​តប​អំពី​ក្រុម​មនុស្ស​១៤​នាក់​មុន​នេះ​ទេ”៕មានិត

(រាយការណ៍​បន្ថែម​ដោយ Chris Mueller)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស