29 C
Phnom Penh

កំណែទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ទំនង​ជា​ពន្យារពេល ​​ដោយ​ការ​ពិភាក្សា​បាន​ជាប់គាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អេង ឆៃអ៊ាង សមាជិក​​​សភា​​​គណបក្ស​​​​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសា​សន៍​​​កាលពី​​​ម្សិលមិញ​​​ថា ក្រុមការងារ​​​កំណែ​​​ទម្រង់​​​ការ​​​បោះឆ្នោត​​​​​​មក​​​ពី​​​គណបក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណបក្ស​​​​​​សង្គ្រោះ​ជាតិ​​​បាន​​​លុប​​​ចោល​​​កិច្ច​​​ប្រជុំ​​​របស់ខ្លួន​​​ដែល​បាន​​​គ្រោង​​​ទុក​​​ទាំង​​​ពីរ​​​លើក​​​​​​នៅ​​​សប្តាហ៍នេះ​​​​​​ ហើយ​​​ឥឡូវ​នេះ​​​​​​ទំនង​​​ជាមិន​​​បញ្ចប់​​​​​​ការ​​​ចរចា​​​ទាន់​ពេល​​​វេលា​​​សម្រាប់​​​គណៈកម្មាធិរៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​ដែល​​​នឹង​​​បង្កើត​​​ឡើង​​​នៅ​​​ខែក្រោយនេះឡើយ។

គណៈប្រតិភូមក​​​ពី​​​គណបក្ស​​​នីមួយ​​​ៗ​​​​​​បាន​​​ជួប​​​ប្រជុំគ្នា​​​ពីរលើក​​​ក្នុង​​​មួយ​​​សប្តាហ៍​​​ដើម្បី​​​ពិភាក្សា​​​​​​លើ​​​ការ​​​កែ​ប្រែ​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​ បន្ទាប់ពី​​​មាន​​​ភាព​​​ជោគ​​​ជ័យ​​​​​​កាល​ពី​​​ឆ្នាំមុន​​​​ក្នុងការ​​​​ចរចា​​​​​​​​​​​​​​​អំពី​​​ច្បាប់​​​​​​​​​បង្កើត​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី ដែល​​​មាន​​​ពីរ​​​គណបក្ស​​​។

គណបក្ស​​​ទាំងពីរ​​​បាន​​​លើក​​​ឡើង​​​ថា  ច្បាប់​ស្តីពី​ការ​បង្កើត​​​ គ.ជ.ប. ​​​អាច​​​ត្រូវ​​​បាន​បញ្ជូន​​​ទៅ​​​រដ្ឋសភា​​​នៅ​​​ពេល​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដែល​​​បាន​​​​​​ធ្វើ​​​វិសោធនកម្ម​​​ត្រូវ​​​បាន​​​បញ្ចប់ ប៉ុន្តែលោក អេង ឆៃអ៊ាង ​​​អ្នក​​​ចរចា​​​មក​​​ពី​​​គណបក្ស​​​​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គោល​​​បំណង​​​ដំបូង​​​​​​​​ដែលត្រូវ​​​បញ្ចប់​​​នៅ​​​ចុង​​​ខែ​​​កុម្ភៈ​​​​​​នោះ ឥឡូវ​​​នេះ​​​​​​ហាក់​​​ដូច​​​ជា​​​មិន​​​ទាន់​​​ប្រាកដ​​​ទេ។

លោក អេង ឆៃអ៊ាង បាន​មាន​​​ប្រសាសន៍​​​ថា​​ “មិន​​​មាន​​​ការ​​​ចរចា​​​ស្ដីពី​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ទេ​​​​​​នៅ​​​សប្ដាហ៍​​​នេះ ហើយ​​​ការ​​ពន្យារពេលមាន​​​ន័យ​​​ថា ការ​​​ចរចា​​​មិន​​​អាច​​​បញ្ចប់​​​តាម​​​ការ​​គ្រោង​​​ទុក​​​ឡើយ” ដោយ​​​លោក​​ពន្យល់​​​ថា វា​​​​​ប្រហែល​​​ជា​​​​ចាំ​បាច់​​​​ត្រូវ​​​គ្រោង​​​កិច្ច​​​ប្រជុំ​​​ឲ្យ​បាន​ញឹក​ញាប់​បន្ថែម​​​ទៀត​​​។

លោក​​​បាន​​​បន្ថែម​​​ថា “ប្រសិន​​​បើ​​​យើង​​​យល់​​​ឃើញ​​​ថា ការ​​​ចរចា​​​អាច​​​យឺត​​​យ៉ាវនោះ យើង​​​អាច​​​បន្ថែម​​​ការ​​​ជួប​ប្រជុំ​​​គ្នា​បន្ថែម​​​​​​ទៀត ដូច​​​ជា​​​យើង​​​អាច​​​ជួបគ្នា​​​បី​​​ឬបួន​​​ថ្ងៃ​​​ក្នុង​​​មួយសប្ដាហ៍ ដើម្បី​​​ជំនួស​​​ឲ្យ​​​ការ​​​លុប​​​ចោល​​​កិច្ច​​​ប្រជុំពីរ​​​លើក​​​នៅ​​​សប្ដាហ៍​​​នេះ​​​”។

ក្រុម​​​នេះ​​​មិន​​​បាន​​​ជួប​​​ពិភាក្សា​​​គ្នា​​​ទេ​​​ចាប់​​​តាំង​​ពី​​​ថ្ងៃទី​​​១៩ ខែ​​​មករាមក ដោយ​​​កិច្ច​​​ប្រជុំ​​​កាលពី​​​​​​ថ្ងៃ​​​សុក្រសប្ដាហ៍​​​មុន​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ ដើម្បី​​​ទុក​​​ពេល​​​ឲ្យ​​​ក្រុម​​​នេះ​​​ជួប​​​ជាមួយ​​​គណៈប្រតិភូ​​​ជំនាញ​​​ខាង​​​បោះ​​​ឆ្នោត​​​មកពី​​​សហភាព​​​អឺរ៉ុប។

មាន​​​ប្រសាសន៍​​​បន្ទាប់​ពី​​​​​​កិច្ច​​​ប្រជុំ​​​ទាំង​​​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​​​ដឹកនាំ​​​ក្រុម​​​ការ​​​ងារ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ពន្យារ​​​ពេល​​​គឺ​​​ជា​អ្វីដែល​មិន​​​អាច​​​ទាយ​​​ទុក​​​​ដូច​​​​ការ​​​ចរចា​​​​​​ត្រូវ​​​​​គេ​​​រំពឹង​​​​​​ទុកបាន​ឡើយ ជា​​​ពិសេស​​​នៅ​​​ពេល​​​លោក​​​ក៏​​​មាន​​​ការ​​​ងារ​​​ធ្វើ​​​ក្នុង​​​រដ្ឋាភិបាល​​​ផង​​​ដែរ។

លោក ប៊ិន ឈិន បាន​​​មាន​​​ប្រសាសន៍​​​ថា “ពិត​​​មែ​​ន​​​ហើយ ផែន​​​ការ​​​គឺ​​​ជា​​​ផែន​​​ការ​​​ ក៏​​​ប៉ុន្តែ​​​ខ្ញុំ​​​ក៏​​​ចាំបាច់​​​ត្រូវ​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​ខ្ញុំ​​​​​​ផងដែរ។ ខ្ញុំ​​​បានប្រឹង​​​ប្រែង​​​អស់​​​ពី​​​លទ្ធភាព​​​របស់​​​ខ្ញុំ ពីព្រោះ​​​ពីមុន​​យើង​​​ជួប​​​ប្រជុំ​​​គ្នា​​​ម្ដង​​​ក្នុងមួយ​​​សប្ដាហ៍​​​ ហើយ​​​បន្ទាប់​​​មក​​​យើង​​​ពន្លឿន​​​ការ​​​ងារ​​​នេះ​ដោយ​​​​​​ជួប​​​​​​ប្រជុំគ្នា​​​ពីរ​​​ដង​​​ក្នុង​​​មួយ​​​សប្ដាហ៍”។

លោក​​​បាន​​​បន្ថែម​​​ថា ផែន​​​ការ​​​​​​អាច​​​យឺត​​​យ៉ាវ​​​មួយ​​​សប្ដាហ៍ ឬមួយ​​​ខែ​​​ ហើយ​​​ជួន​​កាល​​​បញ្ហា​​​នោះ​​​អាច​​​ធ្វើ​​​ចប់​​​មុន​​​គ្រោង​​​ទុក​​​ទៅ​​​ទៀត”។

ក្រុម​​​ការ​​​ងារ​​​មកពី​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ប្រកាស​អំពី​​ការ​លើកឡើងដ៏​​​​ចម្រូង​​​ចម្រាស​​​មួយ​​​ចំនួន​​​សម្រាប់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​កាលពី​​​ពីរ​​​សប្ដាហ៍​​​កន្លង​​​មក​​​នេះ រួម​​​មាន​​​​​​ការ​​​កាត់​​​បន្ថយ​​​រយៈពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​​​បោះ​​​ឆ្នោត​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិពី​​​៣០​​​ថ្ងៃ​​​មក​​​១៤​​​ថ្ងៃ។

គណបក្ស​​​សង្គ្រោះ​ជាតិ​​​បានលើក​​​ឡើង​​​ថា ពួកគេ​​​មិន​​​​​​អាច​​​ទទួល​​​យក​​​សំណើ​​​បែប​​​នេះ​​​បាន​​​​​​ទេ។ ប៉ុន្តែ​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​បាន​​​សង្កត់​​​ធ្ងន​់ទៅ​​​លើ​​​បញ្ហា​​​ផ្សេងៗ​​​ទៀត​​​​​​ដូច​​​ជា​​​ការ​​​ហាម​​​ឃាត់​​​ដែល​​​ស្នើ​​​ឡើ​​ងដោយ​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​មក​​​លើ​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ ដែល​​​ផ្ដល់​​​បទ​​​សម្ភាស​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឬ ចេញ​​​សេចក្ដី​​​ថ្លែងការ​​​ណ៍​​​បែប​​​ប្រមាថ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត។

លោក អេង ឆៃអ៊ាង​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា សំណើ​​​មួយ​​​ទៀត​​​ដែលគណបក្ស​​​ប្រឆាំង​​​​​​ទំនង​​​ជា​​​បាន​​​លើ​​ក​​​ឡើង​​​ផង​​​ដែរ​​​នោះ គឺ​​​ការ​​​ហាម​​​ឃាត់​​​ជន​បរទេស​​​​​​មិន​​​ឲ្យ​​​ចូល​​​រួម ឬបញ្ចេញ​​​មតិ​​​ទាក់ទង​​​នយោបាយ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នោះ គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បានទេ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​គាំទ្រ​​​សំណើ​​​នេះ​​​ទេ ពីព្រោះ​​​ប្រសិន​​​បើ​​​ប្ដី​​​ជា​​​បេក្ខជន ប្រពន្ធ​​​ដែល​​​ជា​​​ជនបរទេស​​​​​​មិនអាច​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​យុទ្ធនាការ​ឃោសនា​​​បោះ​​​ឆ្នោត​​​បាននោះ​។ យើង​​​មិន​​​​​​​​​អាច​​​ហាមឃាត់​​បញ្ហា​​ហ្នឹង​បាន​ទេ”៕ សារុន​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស