ប័ណ្ណសារ

តុលាការ​ចោទ​ប្រកាន់​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ពី​បទ​​បើករថយន្ត​បុក ហើយរត់

By

January 27, 2015

កាល​ពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​​អាយុ​២៨​ឆ្នាំ​ម្នាក់ ពីបទ​បង្ក​របួស​ស្នាម​​ ខណៈ​ពេល​បើក​បរ​រថយន្ត​បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង​បុក​រ៉ឺម៉កម៉ូតូ​កង់​បី​ដែល​ដឹក​មនុស្ស​ពេញ ហើយ​បើក​រត់​គេច​ពី​កន្លែង​កើត​ហេតុ។

យោង​តាម​នគរ​បាល​ចរាចរ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ Edrea Chua Ning Wei​ បាន​បើក​រថយន្ត​ម៉ាក​សឺដេស​បុក​រ៉ឺម៉ក​ម៉ូតូកង់បី​តាម​តីរវិថីព្រះស៊ីសុវត្ថិ​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជម្នះ ខណ្ឌ​ដូនពេញ កាលពី​យប់​ថ្ងៃ​សុក្រ។

យោងតាម​នគរបាល​បានឲ្យ​ដឹង​ថា លោក Victor Boyle ​មិត្ត​ប្រុស​របស់​នាង​ជាជន​ជាតិ​អាមេរិក​ បន្ទាប់មក​បាន​បើក​រថយន្ត​ជំនួស​នាង ហើយ​បើក​ចេញ​បាត់​ទៅ​ ដែល​​ភ្លាមៗ​នោះ​ត្រូវ​បាន​​​តាម​ទាន់​ហើយ​ចាប់​ខ្លួន​ពួកគេ​បាន​តែម្តង។

លោក Boyle ជា​អគ្គនាយក​ក្រុម​ហ៊ុន Soh Sei Digital Media ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃសៅរ៍ ប៉ុន្តែ​ស្ត្រី​ឈ្មោះ Chua Ning Wei ត្រូវ​បាន​ឃុំខ្លួន​ ហើយ​នាំខ្លួន​ទៅ​តុលាការ​កាលពី​ម្សិល​មិញ ដែល​នៅទីនោះ​លោក​ព្រះរាជអាជ្ញា​រង​ អ៊ុំ សុភ័ក្ត្រ បាន​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​។

លោក សុភ័ក្ត្រ បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ចោទ​ប្រកាន់​ស្ត្រី​រូប​នេះ​ពីបទ​បើក​បរ​បង្ក​​ឲ្យ​មនុស្ស​រង​របួស​តាម​មាត្រា​៨០ នៃ​ច្បាប់​ចរាចរណ៍។ តាម​មាត្រា​នេះ​គាត់​ប្រឈម​ការ​​ជាប់​ពន្ធនាគារ​​ពី៦ថ្ងៃ​ដល់​១ឆ្នាំ”។

លោក សុភ័ក្ត្រ បាន​បន្ថែម​ថា ស្ត្រី​ឈ្មោះ Chua Ning Wei ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​បង់​ប្រាក់​​ធានា​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​​ឃុំខ្លួន​គាត់​ទេ ពីព្រោះ​យើង​មាន​ហេតុ​ផល​បួន។ ទី១​ មេធាវី​របស់​គាត់​បាន​​ធានា​​​ឲ្យ​គាត់​​នៅ​ក្រៅ​ឃុំ​រួច​ហើយ។ ទី២​គាត់​ព្រមព្រៀង​ទុក​លិខិត​ឆ្លង​ដែន​របស់​គាត់​ជាមួយ​យើង។ ទី៣​ជនរងគ្រោះ​បាន​ដក​ពាក្យ​បណ្ដឹង​។ ហើយ​ទី៤​ជនរងគ្រោះ​ទាំង​នោះ​រងរបួស​ស្រាល​”។

យោង​តាម​លោក សុភ័ក្ត្រ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ Chua Ning Wei បាន​យល់​ព្រម​បង់​ប្រាក់​សំណង​ចំនួន​១.៨០០​ដុល្លារ​ដល់​អ្នក​រត់​រ៉ឺម៉កម៉ូតូកង់បី​​ដើម្បី​​ចំណាយ​ថ្លៃ​ថ្នាំ​ពេទ្យ និង​ជួស​ជុល​រ៉ឺម៉ក​ម៉ូតូ​របស់​គាត់​។

នៅ​ក្រៅ​សាល​សវនាការ​កាលពី​ម្សិលមិញ លោក Boyle ដែល​តាម​​របាយការណ៍​តុលា​ការនោះ ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​​ឧក្រិដ្ឋ​មាន​ស្ថានទម្ងន់​ទោស​កាលពី​ឆ្នាំ​២០០៨ នៅ​ក្នុង​តំបន់​ Monroe រដ្ឋផ្លរីដា ហើយមានដីកា​ចាប់​ខ្លួន​ចំពោះការ​​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​នោះ បាន​បដិសេធ​មិន​និយាយ​អំពី​ករណី​នេះ​ទេ។ លោក​​បាន​និយាយ​ថា “សូម​ទុក​ពេល​ឲ្យ​ពួកយើង​ពីរ​បីថ្ងៃ​មក។ វា​ជា​សុបិន​អាក្រក់​”។

លោក Boyle ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចោទ​ប្រកាន់ និង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​កាលពី​ឆ្នាំ​២០០៨​ដែរ​។ លោក​បាន​និយាយ​ថា “ខ្ញុំ​នឹង​ឆ្លើយ​តប​ចំពោះ​រឿង​នោះ ប៉ុន្តែ​មិន​មែន​ឥឡូវ​នេះទេ​”៕ សារុន​​​​​​​​