ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ដែលជាប់ចោទពីបទកាប់ប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ដោយការប្រចណ្ឌនៅក្នុងខេត្តកណ្ដាលនោះ កំពុងរត់គេចខ្លួននៅឡើយបន្ទាប់ពីប្រព្រឹត្តអំពើមនុស្សឃាតរួចកាលពីថ្ងៃអាទិត្យ។
យោងតាមលោក ម៉ែន សុខឃឿន អធិការនគរបាលស្រុកបានឲ្យដឹងថា លោក រិទ្ធ ជ្រឿន អាយុ៥៨ឆ្នាំត្រូវបានចោទប្រកាន់ពីបទកាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ហ៊ីង រឿង អាយុ៥៣ឆ្នាំរហូតដល់ស្លាប់អំឡុងពេលឈ្លោះប្រកែកគ្នានៅផ្ទះរបស់ខ្លួនក្នុងស្រុកខ្សាច់កណ្ដាល នៅម៉ោងប្រហែល១០និង៣០នាទីព្រឹក។
លោកបានមានប្រសាសន៍ថា “អំឡុងជម្លោះនោះ ជនសង្ស័យបានខ្ទាស់គន្លឹះទ្វារបន្ទប់ដេក ខណៈដែលប្រពន្ធរបស់គាត់បានស្រែក ហើយយកដំបងឈើវាយទ្វារ។ នៅពេលនោះ រិទ្ធ ជ្រឿន បានបើកទ្វារ រួចយកកាំបិតប៉័ងតោកាប់ផ្ទៃមុខនិងករបស់នាងពីរកំាបិត”។លោកបានបន្ថែមថា អ្នកស្រី ហ៊ីង រឿង ត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងកើតហេតុតែម្ដង។
លោក ឆែម ម៉េង មេឃុំព្រែកអំពិលបានមានប្រសាសន៍ថា ជនសង្ស័យរូបនេះបានសម្លាប់ប្រពន្ធរបស់ខ្លួនដោយតែការប្រចណ្ឌ ពីព្រោះគាត់ជឿថា ស្ត្រីជាប្រពន្ធមានចិត្តមិនស្មោះត្រង់នឹងខ្លួន។
លោកបានមានប្រសាសន៍ថា “បុរសរូបនេះបានសង្ស័យលើប្រពន្ធរបស់ខ្លួន បន្ទាប់ពីស្ត្រីរូបនេះត្រឡប់មកពីធ្វើការជាកម្មករនៅតាមចម្ការក្បែរព្រំដែនកម្ពុជា-ថៃ”។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា អង្គការសិទ្ធិមនុស្សនេះបានកត់ត្រាអំពើហិង្សាក្នុងគ្រួសារចំនួន១៦៣ករណី ហើយ៨ករណីបណ្ដាលឲ្យមនុស្សស្លាប់នៅក្នុងខេត្តក្រុងចំនួន១៤ ដែលអង្គការនេះបានឃ្លាំមើលកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹងអំពើហិង្សាកើតឡើង១៨១ករណី និង១៤ករណីបណ្តាលឲ្យមនុស្សស្លាប់ក្នុងឆ្នាំ២០១៣៕ សារុន