29.3 C
Phnom Penh

ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​បី​នាក់​ទៀត​មក​ដល់​ក្រុង​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សហ​ប្រជាជាតិ​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ថា ជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​បី​នាក់​បាន​មក​ដល់​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន ហើយ​កំពុង​ដាក់​ពាក្យ​សុំ​ឋានៈ​ជនភៀសខ្លួន​នៅ​នាយកដ្ឋាន​ជន​ភៀសខ្លួន​ក្រសួង​មហាផ្ទៃ។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត រតនគិរី ដែល​នៅ​ខេត្ត​នេះ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​ជិត​៣០​នាក់​បាន​ភៀស​ខ្លួន​ក្នុង​ពេល​បី​ខែ​កន្លង​មុន​នេះ បាន​និយាយ​ថា មនុស្ស​បី​នាក់​បាន​មក​ដល់​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ។

ដោយ​សំដៅ​លើ​ជន​ម៉ុងតាញ៉ា លោក​បាន​និយាយ​ថា “​ថ្ងៃ​នេះ អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ថា គេ​បាន​ទទួល​ចារ៉ាយ​វៀតណាម​បី​នាក់​នៅ​ក្រុង​ភ្នំពេញ”។

លោក ឆាយ ធី បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ភូមិ​ចារ៉ាយ​ខ្មែរ​ម្នាក់ ដែល​ជួយ​បកប្រែ​ឲ្យ​ជន​ម៉ុងតាញ៉ា បាន​ប្រាប់​លោក​ថា ក្រុម​នេះ​មាន​បុរស​ពីរ​នាក់​និង​ស្ត្រី​ម្នាក់។

លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រី​ផ្នែក​ព័ត៌មាន​ប្រចាំ​តំបន់​​នៅ​​​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) បាន​បញ្ជាក់​កាលពី​យប់​មិញ​ថា ជន​ម៉ុងតាញ៉ា​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​មក​ដល់ក្រុង​ភ្នំពេញ​ហើយ។

លោក​ស្រី​ តាន បាន​ឲ្យ​ដឹង​តាម​រយៈ​អុីម៉េល​មួយ​ថា “អ្នក​ទាំង​បី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​នាយកដ្ឋាន​ជន​ភៀសខ្លួន​ហើយ។ យើង​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង​អំពី​ការ​ស្នាក់នៅ​របស់​ពួកគេ”។

ទាំង​លោក ឆាយ ធី ទាំងលោក​ស្រី វីវៀន តាន មិន​បាន​និយាយ​ថា​ជន​ម៉ុងតាញ៉ា​បី​អ្នក​នោះ​បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា​របៀបណា ឬ នៅ​ទីណា​នោះ​ទេ។

លោក កែម សារិន ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​ការ​មក​ដល់​របស់​ក្រុម​នេះ​ទេ ហើយ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ថែម​ទៀត។

ម៉ុងតាញ៉ា​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​ផ្តុំ​គ្នា​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​របស់​ប្រទេស​វៀតណាម​ ដែល​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ហាណូយ​យូរ​មក​ហើយ។

កាលពី​បី​ខែ​មុន​នេះ ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​បី​ក្រុម​ផ្សេង​គ្នា​បាន​ឆ្លង​ពី​ប្រទេស​វៀតណាម​ចូល​ខេត្ត​រតនគិរី។

ពួកគេ​មួយ​ក្រុម​មាន​គ្នា​១៣​នាក់​បាន​មក​ដល់​កាលពី​ចុង​ខែ​តុលា និង​បាន​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​លំផាត់ ខេត្ត​រតនគិរី រហូត​ដល់​អង្គការ​សហ​ប្រជាជាតិ​និង​ក្រសួង​មហាផ្ទៃ​បាន​ទាក់​ទង​ពួកគាត់​កាលពី​ខែ​ធ្នូ។ បន្ទាប់មក​ គេ​បាន​បញ្ជូន​ពួកគាត់​ទៅ​ភ្នំពេញ ជាកន្លែង​ដែល​នាយកដ្ឋាន​ជនភៀសខ្លួន​កំពុង​ពិនិត្យ​សំណុំ​បែបបទ​ឲ្យ​ពួកគេ។

ជន​ម៉ុងតាញ៉ា​ប្រាំ​នាក់​ទៀត​បាន​មក​ដល់​កាលពី​ថ្ងៃ​ទី​៣​ខែ​មករា និង​កំពុង​លាក់​ខ្លួន​ក្នុង​ស្រុក​អូរយ៉ាដាវ​នៅ​ឡើយ។ កាលពី​ថ្ងៃ​ទី​១៧​ខែ​មករា មួយ​ក្រុម​ផ្សេង​ទៀត​មាន​គ្នា​ប្រាំបួន​នាក់​បាន​ចូលរួម​នឹង​ក្រុម​មាន​គ្នា​ប្រាំ​នាក់​នៅ​ក្នុង​ស្រុក​នេះ៕ (រាយការណ៍​បន្ថែម​ដោយ​ អូន ភាព)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស