40.9 C
Phnom Penh

អត្ថបទ​វិភាគៈ ការ​គំរាម​ប្រើ​កម្លាំង​មាន​ឥទ្ធិពល​លើ​ ‘វប្បធម៌​សន្ទនា’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​រយៈពេល​ប្រាំមួយ​ខែ​បណ្តោយ​ទៅ​តាម​ការ​ប្រកាស​អំពី​ “វប្បធម៌​សន្ទនា” ថ្មី​របស់​លោក​ សម សង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​ប្តូរ​របប​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្អាក​នៅ​ដើម​សប្តាហ៍​នេះ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ខេត្ត​ស្វាយរៀង​ថា “ខ្ញុំ​សូម​និយាយ​ឲ្យ​ច្បាស់​​និង​សូម​ផ្តាំ​ផ្ញើ​ទៅ​ឯកឧត្តម​ សម រង្ស៊ី ថា វប្បធម៌​សន្ទនា​លែង​មាន​ប្រសិទ្ធភាព​ហើយ។ អូខេ​ទៅ​បាន​មិន​ចាំបាច់​សន្ទនា​អី​ទេ “។

នៅ​ថ្ងៃ​ដដែល​នោះ នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ជ្រោយ​ចង្វា​ក្រុង​ភ្នំពេញ ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​កាពារ​ជាតិ​ដែល​បម្រើ​ការ​យូរ មាន​សារ​ទៅ​កាន់​ទាហាន​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា រឹតតែបង្ហាញ​ច្បាស់​ថែមទៀត។

លោក​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​ “កម្តៅ​កំពុង​តែ​កើន​ឡើង​ដោយសារ​ការ​ប្រើ​វោហារ​សាស្ត្រ ការ​ញុះញង់ [និង]​ការ​បង្ក​ហេតុ​…​ វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពួកគេ​និយាយ​ថា មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​អាច​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន បាន”។

លោក​បាន​បន្ថែម​ថា “ពីមុន យើង​ការពារ​[រដ្ឋាភិបាល]​ដោយ​ចូល​សមរភូមិ​បញ្ចប់​សង្គ្រាម ប៉ុន្តែ​ឥឡូវ​វា​មិន​ដូច​នោះ​ទេ។ ទោះជាយ៉ាង​នេះ​ក្តី យើង​នៅតែ​ត្រូវ​មាន​ជំហរ​របស់​យើង​ច្បាស់លាស់”។ “ពួកគេ​បាន​ប្រមូល​មនុស្ស​មួយ​ចំនួន ហើយ​បាន​ចាប់​ផ្តើម​វាយប្រហារ ហើយ​វា​បាន​ចាប់​ផ្តើម​មាន​កម្តៅ​ខ្លាំង ដូច្នេះ​យើង​ត្រូវ​វាយ​បក​វិញ”។

នៅ​ថ្ងៃ​បន្ទាប់ លោក សម រង្ស៊ី ដែល​បង្ហាញ​ឲ្យ​ឃើញ​ភាព​ប្រេះស្រាំ​នៃ​វប្បធម៌​ថ្មី​នេះ និយាយ​មិន​សូវ​លះ ពេល​ដែល​ត្រូវ​គេ​សួរ​អំពី​ការ​គំរាម​ពី​លោក​ ហ៊ុន សែន ​ថា​នឹង​ដាក់​គុក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា “ជា​តួនាទី​របស់​ខ្ញុំ ខ្ញុំ​ជឿ​ថា ដើម្បី​បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ណាមួយ​ទៀត​នោះ ហើយ​ខ្ញុំ​មិន​ចាំ​បាច់​ធ្វើ​អត្ថាធិប្បាយ​ទៀតទេ​អំពី​បញ្ហា​នេះ”។

លោក លី ម័រហ្គិនបេសឺ អ្នក​ស្រាវជ្រាវ​នៅ​មណ្ឌល​អភិបាលកិច្ច​និង​គោល​នយោបាយ​សាធារណៈ នៅ​សាកល​វិទ្យាល័យ ហ្គ្រីហ្វហ្វីត Griffith University ប្រទេស​អូស្ត្រាលី ដែល​សិក្សា​អំពី​ការ​បោះ​ឆ្នោត​ ធ្វើ​ឡើង​ក្រោម​របប​ផ្តាច់ការ​នានា បាន​និយាយ​ថា នេះ​ជា​ការ ប្រលយ​ឲ្យ​ដឹង​អំពី​វាសនា​ដែល​ចៀស​មិន​ផុត​នៃ​ការ​រៀបចំ​សំដៅ​ឲ្យ​មាន​ការ​កែប្រែ​របប​ដោយ​ផ្អែក​លើ​ការ​សហការ​របស់​របប​នេះ។

លោក ម័រហ្គិនបេសឺ បាន​និយាយ​ថា “ប្រវត្តិ​សាស្ត្រ​បង្ហាញ​ថា លោក រង្ស៊ី មាន​សង្ឃឹម​តិចតួច​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទៅ​តាម​វិធី​ដែល​នយោបាយ​កម្ពុជា​មាន​ដំណើរការ”។

លោក​បាន​និយាយ​ថា “លោក​ ហ៊ុន សែន មិន​បាច់​ធ្វើ​ការ​ជ្រើសរើស​រវាង​ការ​ធ្វើ​តាម ‘វប្បធម៌​សន្ទនា’ របស់​លោក​ រង្ស៊ី និង​ការ​រក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ។ គាត់​រក្សា​សមត្ថភាព​ចរចា​ពេលណា​វា​មាន​ប្រយោជន៍​ដល់​រដ្ឋាភិបាល និង​ទប់​វិញ​ពេលណា​រដ្ឋាភិបាល​ទទួល​រងការ​គំរាម”។ “ការ​ពិត​គឺថា លោក រង្ស៊ី​ ខ្លួន​ឯង​​ចាំបាច់​ត្រូវ​បង្កើត​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាង​នេះ [ជាមួយ]​ក្រុម​មន្ត្រី​យោធា​ដែល​មាន​គំនិត​កែ​ទម្រង់​ក្នុង​ជួរ​យោធា ដើម្បី​ចៀសពី​ភាព​មាន​ប្រៀប​របស់​លោក ហ៊ុន សែន។

ភាព​ផ្តាច់មុខ​លើ​កងកម្លាំង

ប៉ុន្តែ ទាហាន​និង​ប៉ូលិស​កម្ពុជា​ត្រូវ​បាន​គេ​រៀបចំ​យូរ​មកហើយ​ឲ្យ​នៅ​ជាមួយ​ក្រុម​អ្នក​ស្មោះត្រង់​របស់​លោក​ ហ៊ុន សែន ដែល​យល់​ច្បាស់​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​បំពេញ ​ក្នុង​ពេល​ដែល​គណបក្ស​កាន់​អំណាច​ដ៏​យូរ​របស់​លោក ទទួល​រង​ការ​គំរាម​ពីសំណាក់​បក្ស​ប្រឆាំង។

ថ្លែង​កាលពី​សប្តាហ៍​មុន​​​​នៅ​អង្គ​​​សន្និបាត​​​បូក​​​សរុប​​​ការងារ​​​ប្រចាំ​​​ឆ្នាំ​​​នៃ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​​​​ផ្ទៃ​​​ប្រទេស លោក ប៉ា សុជាតិវង្ស អភិបាល​ក្រុង​ភ្នំពេញ ​ក៏​បាន​រ៉ាយរ៉ាប់​ប្រាប់​របៀប​ដែល​កង​កម្លាំង​បាន​អនុវត្ត​យ៉ាង​ល្អ​ពេល​ហៅ​ឲ្យ​មក​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ការ​តវ៉ា​កាលពី​ខែ​មករា​ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយគណបក្ស​ប្រឆាំង​របស់​លោក​ សម រង្ស៊ី ដែល​លោក​បាន​ហៅ​ថា ជា​”អមិត្ត”។

លោក ប៉ា សុជាតិវង្ស បាន​និយាយថា “យើង​ទទួល​ខុសត្រូវ​រាជ​ធានី ហើយ​យើង​ចង់​ឲ្យ​រាជ​ធានី​មាន​ស្ថិរភាព​និង​សន្តិសុខ​ល្អ ប៉ុន្តែ​អមិត្ត ដែល​ជា​ពាក្យ​ផ្សេង មាន​ន័យ​ថា​បក្ស​ប្រឆាំង​នោះ ចង់​រុញ​ច្រាន​ស្ថានការណ៍​ឲ្យ​ធ្លាក់​ក្នុង​ជម្លោះ​ថែម​ទៀត”។

លោក​បាន​និយាយ​ថា លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​ជាមួយ​លោក សៅ សុខា មេបញ្ជាការ​កម្លាំង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ ហើយ​បាន​សម្រេច​បង្ក្រាប​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បាន​និយាយ​ថា “យើង​មិន​អាច​បណ្តោយ​ឲ្យ​បន្ត​ទៀត​បាន​ទេ។ យើង​មិន​អាច​បក់​ផ្សែង​បាន​ទេ ហើយ​ត្រូវ​ពន្លត់​ភ្លើង”។

សុន្ទរកថា​របស់​លោក​បាន​ធ្វើ​ឡើង​បន្ត​ដោយ​សុន្ទរកថា​របស់​ឧត្តម​សេនីយ៍​ សៅ សុខា ដែល​បាន​លើក​ទឡ្ហីករណ៍​ថា​ កម្លាំង​រាជ​អាវុធហត្ថ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ ដើម្បី​ឲ្យ​ប្រាកដ​ថា ពួកគេ​ត្រៀម​បង្ក្រាប​ការ​គំរាម​កំហែង​ផ្ទៃ​ក្នុង ដែល​បង្ក​ឡើង​ដោយ “ពួក​បំផ្លាញ” ដែល​ជា​ការ​និយាយ​សំដៅ​គណបក្ស​ប្រឆាំង។

លោក​បាន​ប្រាប់​កម្លាំង​មក​ជុំ​គ្នា​នោះ​ថា “បើ​យើង​និយាយ​អំពី​ល្បិចកល​របស់​អ្នក​បំផ្លាញ​វិញ វា​ជ្រៅណាស់។ ពួកគេ​ចង់​ប្តូរ។ ប៉ុន្តែ​ពួកគេ​មិន​អាច​ប្តូរ​បាន ដោយសារ​យើង គឺ​កម្លាំង​រាជ​អាវុធហត្ថ នគរបាល​ជាតិ អាជ្ញាធរ ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព។ យើង​មិន​អាច​បណ្តោយ​បាន​ទេ យើង​រួបរួម​គ្នា។ យើង​ទប់​ស្កាត់​ព្រឹត្តិការណ៍​នោះ…។ ប្រសិនបើ​យើង​មិន​បាន​ធ្វើ​អ្វី​ដើម្បី​ទប់​ស្កាត់​ល្បិចកល​បំផ្លាញ​នេះ​ទេ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨​[កក្កដា] នឹង​ត្រូវ​បាន​គេ​ទាត់​ចោល​ហើយ”។

ឧត្តមសេនីយ៍ សុខា និង​ឧត្តម​សេនីយ៍ សាវឿន ព្រមទាំង​លោក ប៉ុល សារឿន អគ្គ​​​មេបញ្ជាការ​​​កង​​​យោធ​​​ពល​​​ខេមរភូមិន្ទ សុទ្ធតែ​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។

លោក សុក សំអឿន ជា​មេធាវី​លេចធ្លោ​ម្នាក់​ដែល​បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ធ្វើ​ឲ្យ​កម្លាំង​សន្តិសុខ​លែង​មាន​ភាព​ស្មោះ​ត្រង់​នឹង​បក្ស បាន​និយាយ​ថា ការ​បណ្តេញ​នាយក​រដ្ឋមន្ត្រី​ទី១ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពី​តំណែង​កាលពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ដោយ​លោក​ ហ៊ុន សែន ស​ឲ្យ​ឃើញ​នូវ​ការ​ប្រើ​កម្លាំង​ឡើងវិញ​ក្នុង​ប្រទេស​កម្ពុជា កាល​ណា​ការ​ចរចា​ទទួល​បរាជ័យ។

ដោយ​សំដៅ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ រវាង​ទាហាន​ស្មោះ​ត្រង់​នឹង​នាយក​រដ្ឋមន្ត្រី​នីមួយៗ​នា​ពេល​នោះ លោក សុក សំអឿន បាន​និយាយ​ថា “ប្រសិនបើ​អ្នក​ក្រឡេក​មើល​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៩៧​នោះ កម្លាំង​ប្រដាប់​អាវុធ​មិន​ឯករាជ្យ​ទេ ហើយ​ក្រុម​នីមួយៗ​គាំទ្រ​បក្ស​មួយ”។

លោក​បាន​និយាយ​ថា “ដូចតែ​ឥឡូវ​អ៊ីចឹង ប៉ុន្តែ​មាន​តែ​គណបក្ស​តែ​មួយ​ប៉ុណ្ណោះ​គ្រប់គ្រង​ពួកគេ។ ប្រសិនបើ​អ្នក​ក្រឡេក​មើល​ការ​ចុះ​សួរ​សុខទុក្ខ​តាម​មូលដ្ឋាន​ដោយ​អ្នក​នយោបាយ​បក្ស​កាន់​អំណាច អ្នក​ក៏​អាច​មើល​ឃើញ​មនុស្ស​មកពី​កម្លាំង​ប្រដាប់​អាវុធ​ចូលរួម​ដែរ”។

“ប្រសិនបើ​ពួកគេ​មិន​មែន​ជា​កងកម្លាំង​អព្យាក្រឹត​ទេ ពួកគេ​មាន​អារម្មណ៍​ដូច​ពួកគេ​គាំទ្រ​បក្ស​កាន់​អំណាច​អ៊ី​ចឹង។ ដូច្នេះ​ប្រសិនបើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត តើ​មាន​អ្វី​នឹង​កើត​ឡើង?”។

លោក ម័រហ្គិនបេសឺ ​នៅ​សាកល​វិទ្យាល័យ ហ្គ្រីហ្វហ្វីត ​បាន​និយាយ​ថា គណបក្ស​ជាជន​កម្ពុជា​ទំនង​ជា​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ជួយ​ផ្ចុង​ផ្តើម​យោធា ដើម្បី​ភាព​យូរ​អង្វែង​របស់​បក្ស។

លោក​បាន​និយាយ​ថា “ខ្លួន​អាច​បន្ត​ជ្រើសតាំង​ទាហាន​វ័យ​ក្មេង​ថែមទៀត ដោយ​ការ​ដំឡើង​ប្រាក់​ខែ​របស់​ពួកគេ។ ដោយសារតែ​ខ្វះ​ឱកាស​ផ្សេង​ទៀត ទង្វើ​នេះ​តំណាង​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​យោធា”។

មួយ​ថ្ងៃ​មុន​សុន្ទរកថា​របស់​លោក​ ប៉ា សុជាតិវង្ស កាលពី​សប្តាហ៍​មុន លោក ហ៊ុន សែន បាន​ប្រកាស​ថា ទាហាន​ថ្នាក់​ទាប​នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​របស់​ខ្លួន​៥០​ភាគរយ ពីរ​៣៥៥.០០០រៀល​ដល់​៥៣៣.០០០​រៀល។

ការ​ទទួល​ស្គាល់​របស់​បក្ស​ប្រឆាំង

បើទោះជា​មាន​ការ​ប្រកាស​ថ្មីៗ​ថា “វប្បធម៌​សន្ទនា”​របស់​ខ្លួន​នឹង​សម្រួល​ឲ្យ​មាន​ការ​ប្តូរ​របប និង​បន្ថយ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ក៏ដោយ ក៏បក្ស​ប្រឆាំង​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ភក្តីភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ដែរ។

ពីរ​សប្តាហ៍​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ដ៏​មាន​ជម្លោះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ផ្តល់​ប្រាក់​ខែ​២៥០​ដុល្លារ​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​និយាយ​ថា យោធា​ភាគ​ច្រើន​តាម​ពិត​បាន​គាំទ្រ​បក្ស​ប្រឆាំង បើទោះជា​មាន​ភក្តីភាព​នឹង​មេ​បញ្ជាការ​របស់​ខ្លួន​ក៏ដោយ។

លោក សុខា បាន​និយាយ​កាលពី​ថ្ងៃ​ទី​៦​ខែ​សីហា​ថា “យោងតាម​ការ​ស្រាវជ្រាវ​ពីក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​ជាង​៧០​ភាគរយ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​និង​មន្ត្រី​ស៊ីវិល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ”។

ការ​អះអាង​នេះ​បាន​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ សម រង្ស៊ី កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៤ ក៏​បាន​អះអាង​ដែរ​ថា មន្ត្រី​យោធា​ថ្នាក់​ក្រោម​បាន​គាំទ្រ​គណបក្ស​ប្រឆាំង។ “ខ្ញុំ​ជឿ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ស្រឡាញ់​ប្រទេស​ដែរ និង​មាន​សាច់ញាតិ​របស់​ពួកគេ​ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា​ដែរ។ លើកក្រោយ ពេល​យើង​ធ្វើ​ការ​តវ៉ា តើ​ពួកគេ​នឹង​នៅ​តែ​ហ៊ាន​បាញ់យើង​ទៀត​ទេ?”។

“ប្រសិនបើ​អ្នក​ចង់​បាន​ដំណោះស្រាយ​មួយ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម និង​អំពើ​ឃោរឃៅ អ្នក​គួរ​បញ្ឈប់​ទៅ ពីព្រោះ​ថ្ងៃ​ណាមួយ​អ្នក​ដែល​ទទួល​បញ្ជា​ពី​អ្នក​នឹង​ធុញ​ទ្រាន់ ភ្ញាក់​ខ្លួន ហើយ​ពួកគេ​នឹង​ឈប់​ធ្វើ​តាម”។

មួយ​ខែ​បន្ទាប់​ពី​កម្លាំង​រាជ​អាវុធហត្ថ​និង​ទាហាន​ឆត្រយោង​បានដាក់​កម្លាំង​យ៉ាង​ច្រើន​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​កាត់ដេរ បណ្តាល​ឲ្យ​ស្លាប់​អ្នក​តវ៉ា​ប្រាំ​នាក់​ក្នុង​ប្រតិបត្តិការ​ដ៏​ជោគ​ជ័យ​ដែល​បាន​បញ្ចប់​ការ​តវ៉ា​តាម​ដងផ្លូវ​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ការ​អះអាង​របស់​លោក សម រង្ស៊ី និង​ការ​អះអាង​របស់​លោក​ កឹម សុខា ថា​មាន​ការ​គាំទ្រ​៧០​ភាគរយ​ពី​យោធា​នោះ គឺ​ហាក់​ដូចជា​មាន​ការ​ជឿជាក់​ជ្រុល​ខ្លាំង​ពេក។

លោក ខាល ថាយឺ ជា​សាស្ត្រាចារ្យ​នៅ​សាលា​កង​កម្លាំង​ការពារ​ជាតិ​អូស្ត្រាលី ដែល​មាន​ជំនាញ​ខាង​នយោបាយ​អាស៊ី​អាគ្នេយ៍​បាន​ពន្យល់​ថា “ការ​អធិប្បាយ​របស់​លោក​ កឹម សុខា ទំនង​ជា​ឧបាយកល​មួយដើម្បី​ធ្វើ​ឲ្យ​សាធារណជន​ជឿជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​គាំទ្រ​ពី​សាធារណជន ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មែន​មិន​ចេះ​ចាញ់​នោះ​ទេ”។

លោក ថាយឺ បាន​និយាយ​ថា ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​ទាហាន​ឋានន្តរសក្តិ​ទាប ដោយ​យល់​ថា ភក្តីភាព​របស់​ពួកគេ​អាច​មាន​សារៈ​សំខាន់​ចំពោះ​ទំនាក់​ទំនង​អំណាច​ជាង​ការ​សន្ទនា​ដែល​អូស​បន្លាយ​ពេល​ទៅ​ទៀត។

លោក ថាយឺ បាន​និយាយ​ទៀត​ថា “រដ្ឋាភិបាល​នឹង​ខ្វល់ខ្វាយ​ខ្លាំង​ដោយសារ​ការ​បាត់បង់​ការ​គាំទ្រ​ពី​ទាហាន​ថ្នាក់​ទាប​ចំពោះ​មូលហេតុ​ពីរ​យ៉ាង។ ទី​១​គឺ​ថា ទាហាន​ថ្នាក់​ទាប​ប្រហែល​រួញរា ប្រសិនបើ​ត្រូវ​បញ្ជា​ឲ្យ​ប្រើ​កម្លាំង​ផ្តាច់ផ្តិល​ជីវិត​លើ​ការ​តវ៉ា​សាធារណៈ។ មូលហេតុ​ទី២​គឺ​ថា ទាហាន​ថ្នាក់​ក្រោម​ប្រហែល​គាំទ្រ​ទាហាន​ថ្នាក់​ខ្ពស់​ដែល​ប្រកាន់​ជំហរ​ប្រជាប្រិយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​អំណាច​នៅ​ពេល​សំខាន់​មួយ”។

ការ​សន្ទនា ឬ បរាជ័យ

ទោះជា​យ៉ាងណា ចំពោះ​គណបក្ស​ប្រឆាំង​របស់​លោក សម រង្ស៊ី វិញ​គឺ​ថា ភាព​អាច​កើត​ឡើង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រក្សា​បាន​ការ​ត្រួតត្រា​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​លើ​កម្លាំង​សន្តិសុខ មាន​ន័យ​ថា ភាព​អាច​មាន​ជោគជ័យ​របស់​ខ្លួន​គឺ​ត្រង់​សង្ឃឹម​ថា វប្បធម៌​នយោបាយ​ថ្មី​នឹង​ចាក់ឫស។

ចំពោះ​លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) អ្នក​​​សរសេរ​​​ប្រវត្តិសាស្ត្រ​​​ខ្មែរ​​​ដ៏ល្បី​​​ឈ្មោះ​បាន​កត់​សម្គាល់​ថា ចំពោះ​លោក រង្ស៊ី “វប្បធម៌​សន្ទនា” គឺ​ស្ថិត​នៅ​ជា​កម្លាំង​ស្នូល ជា​ឧបករណ៍​នយោបាយ​ជួយ​សម្រួល​កា​រឡើង​កាន់​អំណាច​របស់​លោក​ដោយ​ប្រឈម​នឹង​អតុល្យ​ភាព​ធំធេង​ក្នុង​ការ​គាំទ្រ​ប្រដាប់​អាវុធ។

លោក ឆាណ្ឌល័រ បាន​និយាយ​ថា “លោក រង្ស៊ី មិន​ចាប់​អារម្មណ៍​ក្នុង​ការ​សន្ទនា​ជាមួយ​លោក ហ៊ុន សែន​ ដែល​បន្ថយ​ឱកាស​ក្នុង​ការ​ទទួល​បាន​អំណាច​ផ្ទាល់​ខ្លួន​របស់​ខ្លួន​នោះ​ទេ”។

លោក​បាន​បន្ត​ទៀតថា “គាត់​មិន​អាច​បាន​អំណាច​ដោយ​ប្រើ​កម្លាំង​ទេ។ គាត់​អាច​បាន​អំណាច​ដោយ​ការ​ឈ្នះ​ឆ្នោត​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន ប្តេជ្ញា​មិន​បណ្តោយ​ឲ្យ​រឿង​នេះ​កើត​ឡើង​បាន​ឡើយ”។

ប៉ុន្តែ​ប្រសិនបើ​ លោក ហ៊ុន សែន បន្ត​សម្រេច​មិន​ចូលរួម​ក្នុង​វប្បធម៌​ថ្មី​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​សល់​ឥទ្ធិពល​តិចតួច​ដើម្បី​ជំរុញ​ករណី​របស់​ខ្លួន ប្រសិនបើ​ជាថ្មី​ម្តងទៀត លោក​នាយករដ្ឋមន្ត្រី អំពាវនាវ​រក​ការ​គាំទ្រ​ប្រដាប់​អាវុធ​សម្រាប់​ការ​កាន់​អំណាច​របស់​លោក​នោះ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ដែល​ឥឡូវ​ក៏​ជា​ទី​ប្រឹក្សា​របស់​លោក​ កឹម សុខា អនុ​ប្រធាន​បក្ស​ប្រឆាំង​ដែរ​នោះ បាន​ទទួល​ស្គាល់​ថា “ការ​សន្ទនា​មាន​ន័យ​ថា មាន​គណបក្ស​ពីរ។ ប្រសិនបើ​ភាគី​មួយ​មិន​ចូល​ចិត្ត វា​នឹង​មិន​អាច​មាន​ការ​សន្ទនា​ទេ”។

នេះ​ជា​ទស្សន​មួយ​យល់​ស្រប​ដោយ​លោក រង្ស៊ី ដែល​បាន​និយាយ​ថា ដំណើរ​រអាក់​រអួល​ចំពោះ​”វប្បធម៌​សន្ទនា”របស់​លោក​ គឺ​មាន​ការ​រំពឹង​ទុក​ជាមុន ប៉ុន្តែ​ថា​កម្រ​មាន​ការ​បាក់​ស្រឹប​រវាង​វប្បធម៌​ផ្អែក​លើ​កម្លាំង​ និង​វប្បធម៌​ផ្អែក​លើ​ការ​សន្ទនា​ណាស់។

លោក​បាន​និយាយ​ថា “ខ្ញុំ​អាច​បង្ហាញ​គំរូ​ប្រវត្តិ​សាស្ត្រ។ ព្រឹត្តិការណ៍​ថ្មី​បំផុត​ជាច្រើន​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំកន្លង​មក​នេះ គឺ​ថា មាន​មនុស្ស​មួយ​ចំនួន របប​មួយ​ចំនួន ដែល​បាន​គិត​ថា ពួកគេ​មាន​យោធា​ការពារ ប៉ុន្តែ​ដោយសារ​ការ​ប្តូរ​ចិត្ត​គំនិត លទ្ធិប្រជា​ធិបតេយ្យ​ក៏​មាន​ជ័យ​ជម្នះ”។

លោក រង្ស៊ី បាន​និយាយ​ថា “យើង​អាច​មាន​ការ​យល់​ច្រឡំ និង​មាន​ដំណើរ​ថយ​ក្រោយ​ជា​បណ្តោះ​អាសន្ន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប៉ុន្តែ​និន្នាការ​នេះ ខ្ញុំ​គិត​ថា ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ។ យើង​ត្រូវ​ខំ​ព្យាយាម​និង​ព្យាយាម​ជានិច្ច ដោយសារ​អ្វី​ដែល​អាច​នឹង​មាន​ផល​អាក្រក់។ គ្មាន​វប្បធម៌​សន្ទនា​ទេ យើង​នឹង​មិន​អាច​សម្រេច​បាន​លទ្ធិប្រជាធិបតេយ្យ​ឡើយ៕ មានិត​ (ប្រែ​សម្រួល​ពី​អត្ថបទ​អង់គ្លេស​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០១៥)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស