31.8 C
Phnom Penh

អភិបាល​ក្រុង​ចង់​ឲ្យ​​នយោបាយ​ចេញ​​ផុតពី​វត្តអារាម​នានា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឆ្លៀត​ឱកាស​ក្នុង​ពិធី​សម្ពោធ​​កុដិ​​ថ្មី​នៅ​វត្ត​ស្រះចក​កាលពី​ម្សិលមិញ ដើម្បី​អំពាវ​នាវ​ឲ្យ​បណ្ដា​អ្នក​នយោបាយ​​ និង​អង្គការ​សង្គម​ស៊ីវិល​ឈប់​​ទាក់ទាញ​ព្រះសង្ឃ​ឲ្យ​ចាប់​អារម្មណ៍​លើ​សកម្មភាព​ដែល​មិន​ពាក់​ព័ន្ធ​​នឹង​សាសនា។

ថ្លែង​ទៅកាន់​មនុស្ស​រាប់រយ​នាក់​​​ក្នុង​ពិធី​សម្ពោធ​កុដិ​ថ្មី​ និង​សមិទ្ធផល​ផ្សេងៗ​ទៀត​នៅ​​វត្ត​ដែល​ស្ថិត​ក្នុង​ខណ្ឌដូនពេញ​នេះ លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា ព្រះសង្ឃ​គួរ​តែ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សាសនា​។

លោក​បានមាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​សូម​អំពាវ​នាវ​ទៅ​ដល់​អ្នក​នយោបាយ​ និង​សង្គម​ស៊ីវិល​​ មេត្តា​ឈប់​ប្រើ​ប្រាស់​​ប្រជាពលរដ្ឋ​​ជា​វិធី​សម្រាប់​ធ្វើ​សកម្មភាព​ដែល​បម្រើ​មហិច្ចតា​នយោបាយ​ផ្ទាល់​ខ្លួន​។ សូម​ទុក​ឱកាស​ឲ្យ​ប្រជាពល​រដ្ឋ​របស់​យើង​​ និង​ព្រះសង្ឃ​របស់​យើង​​បំពេញ​ការ​ងារ​របស់​ខ្លួន​នៅ​តាម​វត្ត​អារាម និង​ពង្រឹង​​កម្រិត​ជីវភាព​​​រស់​នៅ​​សម្រាប់​ក្រុម​គ្រួសារ។ សូម​បញ្ឈប់​វាទៅ​ដើម្បី​ឲ្យ​ព្រះសង្ឃ​អាច​មាន​ឱកាស​​​កសាង​វត្ត​អារាម​ឡើង​វិញ”។

ទោះបី​ជា​លោក ប៉ា សុជាតិវង្ស មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ ឬគណបក្ស​ណា​មួយ​ក្ដី ក៏​កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​​​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ព្រះសង្ឃ​រាប់​រយ​អង្គ​ចូល​រួម​ការ​តវ៉ា​តាម​ផ្លូវនានា​ ក្រោយ​ពីការ​បោះ​ឆ្នោត​ជាតិក្នុង​ពី​ឆ្នាំ​២០១៣។ អភិបាល​រាជធានី​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ” អ្នក​ខ្លះ​​” បាន​ព្យាយាម​ ” បំផ្លាញ​” អ្នក​ដទៃ​តាម​រយៈការ​​ជំរុញ​ឲ្យ​​ពួកគាត់​ចូល​រួម​​បាតុកម្ម​។

​​​លោក​បាន​មាន​ប្រសាសន៍​ថា ” អ្នក​ខ្លះ​មិន​ចង់​ឲ្យ​ [អ្នក​ដទៃ] ប្រកប​របរ​ទទួល​ទាន​​ទេ ពួកគេ​បំផ្លាញ​ប្រជាពលរដ្ឋ​ [តាម​រយៈ​ការ​​ធ្វើ​ឲ្យ​​ពួកគាត់] គិត​តែ​ពី​បញ្ចេញ​មតិ​។ ពួកគេ​បំផ្លាញ​ប្រជា​ពលរដ្ឋ​ [តាម​រយៈ​ការ​ធ្វើ​ឲ្យ​ពួកគាត់] គិត​តែ​​ពី​ធ្វើ​ការ​តវ៉ា​តាម​ដង​ផ្លូវ​ ហើយ​ពួកគេ​ក្លាយ​ជា​អ្នក​អាជីព​ខាង​​បញ្ចេញ​មតិ​អំពី​ប្រធាន​បទ​ផ្សេងៗ”។

លោក​បាន​លើក​ឡើង​ទៀត​ថា សាសនា​អាច​រុង​រឿង​​ទៅ​បាន​លុះ​ត្រា​សង្គម​មាន​ស្ថិរភាព ដោយ​លោក​បាន​គូស​បញ្ជាក់​ពី​ភាព​​ជោគ​ជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ការ​នាំ​មក​នូវ​​សន្តិភាព​ជូន​ប្រទេស​ជាតិ​ បន្ទាប់ពី​មាន​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍។

លោក​បាន​បន្ត​ថា ” សាសនា​គឺ​ដូច​ជា​ទូ​ក​នៅ​លើ​ទឹក​ ប្រជាពលរដ្ឋ​គឺ​ជា​ទឹក​ទ្រទូក​។ ដូច្នេះ​ នោះ​មាន​ន័យ​ថា សាសនា​មិន​អាច​រុង​រឿង​​ទៅ​​បានទេ ប្រសិន​បើ​ស្ថានភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​គ្មាន​ស្ថិរភាព​”។

ការ​អត្ថាធិប្បាយ​​បែប​នេះ​របស់​លោក ប៉ា សុជាតិវង្ស ដែល​ពីមុន​ធ្លាប់​បាន​​ព្រមាន​ថា ​ព្រះសង្ឃ​ដែល​ជា​សកម្មជន​នយោបាយ​នឹង​បំផ្លាញ​ព្រះពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​នោះ កើត​មាន​ឡើង​​ជាង​១ខែ​បន្ទាប់ពី​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ដែល​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ស្នើ​សុំ​ឲ្យ​​អនុម័ត​​ច្បាប់​ហាម​ឃាត់​ព្រះសង្ឃ​មិន​ឲ្យ​បោះ​ឆ្នោត​។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​​ដើម្បី​យុត្តិធម៌សង្គម ដែល​ជាញឹកញាប់​បាន​ដឹកនាំ​ ឬគាំទ្រ​បាតុកម្ម​តវ៉ា​ជុំវិញ​​បញ្ហា​សង្គម​ និង​សាសនា​ បាន​មាន​សង្ឃដីកា​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក ប៉ា សុជាតិវង្ស ជា​ពាក្យ​សម្ដី​លាក់​ពុត ពីព្រោះ​ជា​យូរ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើ​ប្រាស់​ព្រះសង្ឃ​​​ដើម្បី​កៀរគរ​ការ​គាំទ្រ​សម្រាប់​គណបក្ស​កាន់​អំណាច។

ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា “ធាតុ​ពិត​ ហ៊ុន សែន និង​ ប៉ា សុជាតិវង្ស ប្រើ​ប្រាស់​ក្រសួង​ធម្មការ​ និង​សាសនា​ដើម្បី​គ្រប់គ្រង​ព្រះសង្ឃ។ ហ៊ុន​ សែន ចង់​ឲ្យ​គ្រប់​វត្ត​អារាម​នៅ​ក្នុង​ប្រទេស​ការ​ពារ​​ផលប្រយោជន៍​នយោបាយ​របស់​គណកប្ស​ប្រជាជន​កម្ពុជា​”។

ព្រះតេជគុណ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ព្រះពុទ្ធជា​ម្ចាស់​លើក​កម្ពស់​សេរីភាព​នៅ​ក្នុង​ការ​បង្រៀន​របស់​ព្រះអង្គ ហើយ​បាន​លើក​ឡើង​ថា វត្ត​អារាម​ជា​កន្លែង​សាធារណៈ​ដែល​បើក​ចំហ​សម្រាប​់​មនុស្ស​មកពី​គ្រប់​និន្នាការ​នយោបាយ​។​ ព្រះអង្គបាន​មាន​សង្ឃដីកា​បន្ត​ថា “អាត្មា​គិត​ថា អភិបាល​រាជធានី​រូប​នេះ​គួរ​តែ​សិក្សា​បន្ថែម​ទៀត​អំពី​ព្រះពុទ្ធសាសនា ហើយឈប់​​​និយាយ​ច្រើន​ទៀត​​អំពី​ព្រះពុទ្ធសាសនា​”៕ សុខុម (Colin Meyn)​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស