កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សអាដហុកបានជំរុញឲ្យរដ្ឋាភិបាលប្រឹងប្រែងធ្វើការឲ្យបានខ្លាំងក្លាដើម្បីជួយស្ត្រីបម្រើការងារតាមផ្ទះជនជាតិខ្មែរដែលនៅតែទទួលរងការរំលោភបំពានពីសំណាក់និយោជករបស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ី ឬពីសំណាក់ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាដែលបានបញ្ជូនពួកគេទៅទីនោះ រួមមានស្ត្រី៦៣នាក់ដែលអង្គការនេះបានលើកឡើងថា បានបាត់ខ្លួន។
នៅសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញអង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងថា ស្ត្រី១២២នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានបាត់ខ្លួន សាច់ញាតិមិនអាចទាក់ទងបាន ធ្វើការក្រោមការបន្តកិច្ចសន្យាដោយបង្ខំ ឬអះអាងពីការមិនបានដោះស្រាយបញ្ហាប្រាក់ខែដែលមិនទាន់បើក ឬការរំលោភបំពានលើរាងកាយ សូម្បីខណៈពេលដែលរដ្ឋាភិបាលត្រៀមបញ្ជូនទៅបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្អាកដោយមិនកំណត់អំពីការបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១១ជាការឆ្លើយតបទៅនឹងរបាយការណ៍អំពីការរំលោភបំពានបែបនេះកើនឡើង។
ក្រុមមន្ត្រីក្រសួងការងារកំពុងធ្វើការចរចាជាមួយប្រទេសម៉ាឡេស៊ីជុំវិញអនុស្សរណៈនៃការយោគយល់ដែលនឹងលើកលែងការផ្អាកនេះ។
កាលពីម្សិលមិញ លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីជួយដល់ស្ត្រីទាំងនោះដែលបានបញ្ជូនរួចហើយនោះទេ។
លោកបានមានប្រសាសន៍ថា “យើងបានធ្វើអន្តរាគមន៍សម្រាប់គ្រួសារជាច្រើនជាមួយទីភ្នាក់ងារជ្រើសរើសពលករ និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ដើម្បីស្វែងរកអ្នកបាត់ខ្លួន ប៉ុន្តែ ពួកគេមិនបានឆ្លើយតបទេ។ រដ្ឋាភិបាលត្រូវធ្វើការសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីស្វែងរកអ្នកទាំងនេះ ពីព្រោះពួកគេមិនមែនជាសត្វធាតុទេ ពួកគេជាមនុស្ស”។
ក្នុងចំណោមស្ត្រី១២២នាក់ ដែលជាជនរងគ្រោះដោយការរំលោភបំពាននោះ អង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងថា សាច់ញាតិនៅក្នុងប្រទេសកម្ពុជាមិនអាចទាក់ទងពួកគេ២៩នាក់បានទេរយៈពេលជាច្រើនខែកន្លងមកហើយ។
អង្គការសិទ្ធិមនុស្សនេះលើកឡើងថា ស្ត្រី៦៣នាក់ទៀតក៏មិនអាចទាក់ទងបានដែរយ៉ាងហោចណាស់រយៈពេលមួយឆ្នាំមកហើយ ហើយត្រូវគេចាត់ទុកថា បានបាត់ខ្លួន។
អ្នកនាំពាក្យក្រសួងការងារបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ។ មន្ត្រីនៅក្រសួងការបរទេសបានលើកឡើងក្នុងពេលកន្លងមកថា ពួកគេកំពុងសហការជាមួយប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកស្ត្រីដែលបានបាត់ខ្លួន។
ប៉ុន្តែ លោក ធន សារាយ បានលើកឡើងថា រដ្ឋាភិបាលក៏ត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីឃ្លាំមើល ហើយឲ្យទីភ្នាក់ងារជ្រើសរើសពលករនៅក្នុងប្រទេសកម្ពុជាទទួលខុសត្រូវដែលបានបណ្តាលឲ្យស្ត្រីបម្រើការងារតាមផ្ទះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ឬមិនបានទទួលប្រាក់ខែពេញ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលរបស់យើងបានប្រកាសថា ខ្លួនបានផ្អាកការបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ី ប៉ុន្តែ ពួកគេមិនបានចាត់វិធានការឃ្លាំមើលទីភ្នាក់ងារជ្រើសរើសពលករឡើយ។ នេះគឺជាកំហុសដ៏ធំ ហើយបណ្តោយឲ្យទីភ្នាក់ងារទាំងនោះបង្ខំពលករឲ្យបន្តធ្វើការងារក្នុងប្រទេសម៉ាឡេស៊ី”។
អាន ស្រីស្រស់ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញកាលពីឆ្នាំ២០១៣ ហើយបានចូលរួមសន្និសីទកាសែតកាលពីម្សិលមិញ បាននិយាយថា នាងនៅរង់ចាំប្រាក់ពាក់កណ្តាលក្នុងចំណោមប្រាក់៣.៦០០ដុល្លារ ដែលគេជំពាក់នាងសម្រាប់ការបម្រើការនៅក្រៅប្រទេសកាលពីឆ្នាំមុន។
អ្នកស្រី ជ័យ ស្រីវន ដែលក៏បានចូលរួមក្នុងសន្និសីទកាសែតដែរនោះបាននិយាយថា កូនស្រីរបស់គាត់បានចាកចេញទៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១០ ហើយត្រូវបានរំលោភបំពានពីសំណាក់និយោជកដំបូងរបស់នាងជាប្រចាំ។
បើទោះទីភ្នាក់ងារជ្រើសរើសពលករនេះ ជាទីភ្នាក់ងារផ្គត់ផ្គង់ការងារដល់ប្រជាជនកម្ពុជា(Cambodian Labor Supply) បានផ្ទេរនាងទៅផ្ទះផ្សេងក៏ដោយ ក៏អ្នកស្រីបាននិយាយថា ទីភ្នាក់ងារនេះមិនព្រមបញ្ជូនកូនស្រីរបស់គាត់មកស្រុកកំណើតវិញដែរ។
អ្នកស្រី ស្រីវន បាននិយាយថា ទីបំផុតទីភ្នាក់ងារជ្រើសរើសពលករនេះបានយល់ព្រមជួយគាត់កាលពីម្សិលមិញ ប៉ុន្តែ បន្ទាប់ពីសុំប្រាក់៥ដុល្លារដើម្បីធ្វើឯកសារចាំបាច់ ដែលត្រូវបកប្រែពីភាសាខ្មែរទៅអង់គ្លេស។
អ្នកស្រីបាននិយាយថា “ខ្ញុំបានយល់ព្រមបង់ប្រាក់នោះ ពីព្រោះខ្ញុំពិតជាចង់យកកូនស្រីរបស់ខ្ញុំមកស្រុកកំណើតវិញណាស់”។
លោក ទូច សារុន បុគ្គលិកផ្នែកទីផ្សារនៅទីភ្នាក់ងារផ្គត់ផ្គង់ការងារដល់ប្រជាជនកម្ពុជាបាននិយាយថា អ្នកស្រី ស្រីវន បានសុខចិត្តផ្តល់ប្រាក់នេះដោយមិនបានស្នើសុំឡើយ ហើយថា លោកបានយកប្រាក់នេះឲ្យគេយកទៅបកប្រែឯកសារ។
លោកបាននិយាយថា “គាត់ចង់ឲ្យយកកូនស្រីរបស់គាត់មកស្រុកកំណើតវិញ ហើយខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងបញ្ជូនឯកសារទៅសហសេវិករបស់ខ្ញុំក្នុងប្រទេសម៉ាឡេស៊ី។ លោក សារុន បាននិយាយថា ករណីរំលោភបំពានប្រឆាំងនិយោជកដំបូងរបស់កូនស្រីគាត់កំពុងដំណើរការតាមរយៈតុលាការម៉ាឡេស៊ីនៅឡើយ៕សារុន