29 C
Phnom Penh

អង្គការ​សិទ្ធិមនុស្ស​និយាយ​ថា កូន​ក្រមុំខ្មែរ​ដែល​រង​ការ​រំលោភ​បំពាន​នៅ​​ចិន​មាន​ចំនួន​​កើន​ឡើង​គួរ​ឲ្យ​បារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ដែល​កាលពី​ឆ្នាំ​មុន​បានជួយ​ធ្វើ​មាតុភូមិ​និវត្ត​កូនក្រមុំខ្មែរ​ជិត​៥០​នាក់ ដែល​ត្រូវ​គេ​ជួញដូរ​នៅ​បរទេស​ ឬ​​ត្រូវ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​​ដោយ​ការ​សន្យារ​ថា ពួកគេ​នឹង​មាន​ជីវភាព​ធូរធារនោះ ចំនួន​ស្ត្រី​ខ្មែរ​ដែល​​​​បាន​រង​ការ​រំលោភ​បំពាន​ក្រោយ​រៀបការ​ជាមួយ​ប្ដី​នៅ​ក្នុង​ប្រទេស​ចិន កំពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។

អង្គការ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​លីកាដូ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​ខ្លួន​បាន​ជួយ​ស្ត្រី​ចំនួន​៤៩​នាក់​ឲ្យ​វិល​ត្រឡប់​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញនៅ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​នឹងចំនួន​២៩​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៣។

លោកស្រី ឆន សុគន្ធា ប្រធាន​កម្មវិធី​សិទ្ធិស្ត្រី និង​​កុមារ​នៃ​អង្គការ​អាដហុក​ បាន​មាន​ប្រសាសន៍​ថា អង្គការ​អាដហុក​បាន​ជួយស្ត្រី​​២១​នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​កាលពី​ឆ្នាំមុន​ បើ​ប្រៀបធៀប​នឹង​ចំនួន​តែ​បួន​នាក់​ក្នុង​ឆ្នាំ​២០១៣។

លោកស្រី​បានមាន​ប្រសាសន៍​ទៀត​ថា ” ជនរងគ្រោះ​ទាំង​នេះ​ត្រូវ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​ឲ្យ​ធ្វើ​​ដំណើ​ទៅ​ប្រទេស​ចិន​ជាមួយ​ការ​សន្យា​ផ្ដល់​ការ​ងារ​មាន​ប្រាក់​ខែ​ខ្ពស់​ និងរៀបការ​ជាមួយ​​ប្ដី​ចិន​អ្នក​មាន។ ប៉ុន្តែ​ទីបំផុត​ពួកគេ​​ត្រូវ​គេ​លក់​ឲ្យទៅ​បុរស​ៗ​ចិន ដែល​ពេល​ខ្លះ​លក់​ក្នុង​តម្លៃ​ពី​១៥.០០០​ដុល្លារ​ទៅ​២០.០០០​ដុល្លារ​ ឲ្យ​ធ្វើ​​ជា​ទាសករ​សិច​។ វា​ជា​​​ការ​ជួញដូរ​មនុស្ស​​មួយ​ប្រភេទ​ក្រោម​លេស​រៀបការ​”។

លោក អំ សំអាត ប្រធាន​​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​​ស៊ើបអង្កេត​នៅ​អង្គការ​សិទ្ធិមនុស្ស​​លីកាដូ បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​​បាន​ជួយ​នាំស្ត្រី​២៨​នាក់​ទៀតឲ្យ​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បើ​ប្រៀបធៀប​នឹង​ចំនួន​២៥​នាក់​កាលពី​ឆ្នាំ​២០១៣។

លោក​មាន​ប្រសាសន៍​ថា “ពួកគេ​ភាគ​ច្រើន​បាន​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវ​កាយ និង​ផ្លូវ​ភេទ”។ លោក​បាន​បន្ថែម​ថា លោក​ចាត់​ទុក​ស្ត្រី​ទាំង​អស់​នេះ​ថា ជា​ជនរងគ្រោះ​​នៃ​ការ​ជួញដូរ​​។

ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​របស់​ប្រទេស​កម្ពុជា​​​ដែល​​ត្រូវ​បាន​​អនុម័ត​​កាលពី​ឆ្នាំ​២០០៨ ចាត់​ទុក​​ការ​នាំ​អ្នក​ណា​ម្នាក់​ចេញពី​ប្រទេស​ថា​​​គ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​​ ប្រសិន​បើ​ធ្វើ​ឡើង​ “តាម​មធ្យោបាយ​ប្រើ​កម្លាំង​ ការ​គំរាម​កំហែង ការ​បោក​បញ្ឆោត ការ​បំពាន​កម្លាំង​ ឬ​ការ​លួង​លោម។ ការ​យល់​ព្រម​របស់​ជនរងគ្រោះ​​មិន​ពាក់​ព័ន្ធ​គ្នា​​ទេ​”។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសកម្ពុជា​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្រសួង​របស់​លោក​បាន​កត់​ត្រា​​ចំនួន​ស្ត្រី​ដែល​ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៤មាន​ចំនួន​សរុប​៥៨​នាក់​ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា ក្រសួង​គ្មាន​តួលេខ​សម្រាប់​ឆ្នាំ​២០១៣​ទេ​។

លោក​បានមាន​ប្រសាសន៍​បន្ត​ថា “យើង​ជឿ​ថា មាន​ជនរងគ្រោះ​បន្ថែម​​ទៀត​ [នៅ​ក្នុង​ប្រទេស​ចិន​] ដែល​បានទៅ​ទីនោះ​ដោយ​ស្ងាត់ៗ​ជាមួយ​មេខ្យល់​”។ លោក​បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ស្ត្រី​ប្រហែល​១០​នាក់​ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្ត​រួច​ហើយ រហូត​មក​ទល់ពេល​នេះ​នៅ​ឆ្នាំ​នេះ​។

លោកក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា តួលេខ​របស់​អង្គការ​សិទ្ធិមនុស្ស​ទាំង​នេះ​​​ជាន់​គ្នា​ជាមួយ​នឹង​តួលេខ​​របស់​ក្រសួង​ការ​បរទេស ប៉ុន្តែ​បាន​អះអាង​ថា តួលេខ​របស់​ក្រសួង​​មាន​លក្ខណៈ​ផ្លូវ​ការ​។

លោក​បាន​មាន​ប្រសាសន៍​ថា “អង្គការ​មិនមែន​រដ្ឋាភិបាលដែល​ធ្វើ​ការ​លើ​បញ្ហា​នេះ​គ្រាន់​តែទទួល​​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ ឬក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ប៉ុណ្ណោះ ប៉ុន្តែ​​ពួកគេ​បញ្ជូន​​ករណី​ទាំង​នោះ​មក​ឲ្យ​យើង​ ពីព្រោះ​មាន​តែ​រដ្ឋាភិបាល​កម្ពុជា​ទេ​​ដែល​អាច​ដោះ​ស្រាយ​ជាមួយ​អាជ្ញាធរ​​ពាក់​ព័ន្ធ​របស់​ចិន​”។

ក្រសួង​ការ​បរទេស​​បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា ស្ត្រីពីរ​នាក់​មកពី​ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ថ្ងៃ​នោះ។

​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ក្រសួង​នេះ​កាលពី​ម្សិលមិញឲ្យដឹងថា ស្ត្រី​ប្រាំនាក់​បន្ថែម​ទៀត គ្រោង​នឹង​មក​ដល់​រាជធានី​​ភ្នំពេញ​នៅ​ម៉ោង​៣រសៀល​ថ្ងៃ​នេះ បន្ទាប់ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​​ដោយ​ស្ថាន​កុងស៊ុល​កម្ពុជា​នៅ​ក្នុង​ទីក្រុង​គ័ងចូវ​ (Guangzhou) ប្រទេស​ចិន ។ សេចក្ដី​ថ្លែង​ការណ៍​នេះ​លើក​ឡើង​ថា ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​ខ្លួន​បញ្ជូន​ទៅ​​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ជាំង​ស៊ី (Jiangxi) ប្រទេស​ចិន៕ សុខុម​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស