ក្រុមមន្ត្រីតុលាការបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីខេត្តព្រះសីហនុកាលពីសប្តាហ៍មុនបានចាត់ចំណាត់ការរារាំងលោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករជនជាតិរុស្ស៊ី មិនឲ្យលក់ឆ្នេរជ័យជម្នះក្នុងខេត្តព្រះសីហនុ បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចថា គាត់បានរំលោភកិច្ចសន្យាផ្ទេរអចលនទ្រព្យនេះទៅឲ្យលោក សេរហ្គេ ប៉ូលុនស្គី ។
លោក ស៊ុន វិសាល ចៅក្រមសាលាឧទ្ធរណ៍បានមានប្រសាសន៍នៅតុលាការកាលពីម្សិលមិញថា “យើងបានចេញសេចក្តីបង្គាប់រារាំងលោក នីកូឡៃ មិនឲ្យលក់ឆ្នេរនេះ ព្រោះគាត់បានលក់គម្រោងវិនិយោគទៅឲ្យ លោក ប៉ូលុនស្គីទៅហើយ ហើយទទួលបានប្រាក់កក់ចំនួន២០០.០០០ដុល្លារ ប៉ុន្តែ បានកាន់កាប់គម្រោងនេះវិញ ហើយព្យាយាមលក់ទៅ ឲ្យអ្នកផ្សេងទៀត” ដោយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
មេធាវីតំណាងលោក ដូរ៉ូសិនកូ អាយុ៥៤ឆ្នាំ បានមានប្រសាសន៍កាលពីម្សិលមិញថាលោកនឹងស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលសើុបអង្កេតការដោះស្រាយរឿងក្តីខុសប្រក្រតីរបស់សាលាឧទ្ធរណ៍។
លោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុបានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានអនុវត្តសេចក្តីបង្គាប់នេះកាលពីថ្ងៃទី២២ ខែមករា ប៉ុន្តែ បានបដិសេធមិននិយាយលម្អិត ឬឆ្លើយសំណួរបន្ថែមឡើយ។
នគរបាលខេត្តព្រះសីហនុបានលើកឡើងថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងករណីនេះទេ។ យោងតាមលោក បែនសុន សម័យ មេធាវីរបស់លោក ប៉ូលុនស្គី បានឲ្យដឹងថា សេចក្តីបង្គាប់នេះក៏មានវិសាលភាពចំពោះអគារ និងអូប័រនៅឆ្នេរជ័យជម្នះផងដែរ។
លោក ស៊ុន សំអុល មេធាវីរបស់លោក ដូរ៉ូសិនកូ បានបដិសេធថា កូនក្តីរបស់លោកមិនបានរំលោភកិច្ចសន្យាណាមួយជាមួយលោក ប៉ូលុនស្គីទេ ហើយបានត្អូញត្អែរថា លោកត្រូវបានជូនដំណឹងអំពីសេចក្តីបង្គាប់របស់សាលាឧទ្ធរណ៍រយៈពេលតែមួយថ្ងៃមុនប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “យើងមានគម្រោងដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីព្រោះ យើងចង់ឲ្យសមាជិកសភាបានដឹងអំពីចំណាត់ការរបស់សាលាឧទ្ធរណ៍ ពីព្រោះវាហាក់ដូចជាខុសប្រក្រតី”។
លោកបានបន្ថែមថា “ខ្ញុំមិនចោទប្រកាន់មន្ត្រីទាំងនោះនៅសាលាឧទ្ធរណ៍ថា ពុករលួយទេ ប៉ុន្តែយើងអាចមើលឃើញថា ករណីនេះត្រូវបានចាត់ការរហ័សពេក”។
កាលពីដើមខែធ្នូ ជនជាតិរុស្ស៊ីដែលជាគូប្រជែងនេះបានប្តឹងតបតគ្នាជុំវិញការអះអាងរបស់លោក ដូរ៉ូសិនកូ ដែលថា លោក ប៉ូលុនស្គី អាយុ៤២ឆ្នាំ បានបញ្ជាឲ្យគេវាយរូបលោក ដែលទីបំផុតបានធ្វើឲ្យកូនប្រុសរបស់លោកឈ្មោះ អូសថេប បាក់ឆ្អឹងថ្គាម។
នៅក្នុងខែដដែលនោះ សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងបង្គាប់ឲ្យលោក ប៉ូលុនស្គី អាយុ៤២ឆ្នាំ ដែលគេចង់ចាប់ខ្លួនក្នុងទីក្រុងមូស្គូ ជុំវិញការចោទប្រកាន់ពីបទកិបកេងប្រាក់រាប់លានដុល្លារ ចាកចេញពីកោះឯកជនរបស់លោកនៅក្នុងសមុទ្រក្រុងព្រះសីហនុ គឺកោះដែកគោល។
កាលពីថ្ងៃទី២៣ ខែធ្នូ តុលាការបានចោទប្រកាន់លោក ដូរ៉ូសិនកូ អាយុ៥៤ឆ្នាំ ពីបទរំលោភសេចក្តីទុកចិត្តដោយមិនបានប្រគល់អាជ្ញាប័ណ្ណវិនិយោគសម្រាប់កោះបួនផ្សេងទៀតទៅឲ្យលោក ប៉ូលុនស្គី។ តុលាការមិនបានចាត់វិធានការអនុវត្តសេចក្តីសម្រេចឡើយ៕សារុន (រាយការណ៍បន្ថែមដោយ Ben Woods)