29 C
Phnom Penh

សមាជិក​សភា​ជំរុញ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ទាក់ទិននឹង​ការ​ផ្ទុះ​វីរុស​ហ៊ីវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​មុខ​នៅ​មុខ​គណៈ​កម្មការ​សុខា​ភិបាល​នៃ​រដ្ឋ​សភា ដែល​បាន​ស្នើ​ឲ្យ​លោក​បង្កើត​កញ្ចប់​ថវិកា​មួយ ដើម្បី​ឧបត្ថម្ភ​អ្នក​ភូមិ​ដែល​តស៊ូ​រស់​នៅ​ឃុំ​រកា​ខេត្ត​បាត់ដំបង ដែល​មាន​ការ​ផ្ទុះ​មេរោគ​ហ៊ីវ​ដ៏​អាថ៌​កំបាំង​បាន​ឆ្លង​លើ​មនុស្ស​ជាង​២០០​នាក់។front

មូលហេតុ​នៃ​ការ​ឆ្លង​រាលដាល​នេះ​នៅ​មិន​ដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​បន្ទោស​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​តែង​តែ​ទៅ​ព្យាបាល​អ្នកភូមិ​ ដោយ​ការ​ចាក់​ថ្នាំ​ ហើយ​លោក​បាន​សារភាព​ថា ​លោក​បាន​ប្រើ​សឺរ៉ាំង​ឡើង​វិញ​ជាច្រើន​លើក​ច្រើន​សា។

កាលពី​ថ្ងៃ​ទី​២២​ខែធ្នូ​ តុលាការ​ខេត្ត​បាន​ដាក់​ពន្ធនាគារ លោក យ៉ែម ជ្រិន ពី​បទ​ឃាតកម្ម។

ការ​ចុះ​អង្កេត​អ្នក​ភូមិ​ក្នុង​ឃុំ​នោះ ដែល​ដឹកនាំ​ដោយ​ក្រសួង​សុខាភិបាល ហើយ​បាន​បញ្ចប់នៅ​ដើម​ខែ​នេះ បាន​សន្និដ្ឋាន​ថា វីរុស​នេះ​ទំនង​បាន​ឆ្លង​តាម​រយៈ​ការ​ចាក់​ថ្នាំ ឬ​ការ​ព្យួរ​សេរ៉ូម។

បន្ទាប់ពី​ការ​ប្រជុំ​បិទទ្វារ​កាលពី​ថ្ងៃ​អង្គារ លោក ម៉ម ប៊ុនហេង បាន​ប្រាប់​អ្នក​កាសែត​ថា ចំនួន​អ្នក​ភូមិ​ឆ្លងវីរុស​នេះ​ឥឡូវ​បាន​ឡើង​ដល់​២២៦​នាក់​ហើយ ហើយ​លោក​បាន​ឲ្យ​ដឹង​ថា ក្រសួង​របស់​លោក​បាន​ធ្វើការជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​ធានា​ថា ស្ថានការណ៍​ស្រដៀង​គ្នា​នេះ​នឹង​មិន​កើត​ឡើង​នៅ​ទីណា​ផ្សេងទៀត។

លោក​បាន​និយាយ​ថា “យើង​កំពុង​ចាត់​វិធានការ​ពិនិត្យ​សេវា​[សុខភាព]​ឯកជន និង​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ និង​ដើម្បី​លើក​ទឹកចិត្ត​ប្រជាជន​ឲ្យ​ប្រើ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ”។

លោក ប៊ុនហេង បាន​និយាយ​ថា មន្ត្រី​មូលដ្ឋាន​មិន​បាន​ជូន​ដំណឹង​ដល់​ក្រសួង​របស់​លោក​អំពី​លោក ជ្រិន ដែល​បាន​ព្យាបាល​អ្នកភូមិ​នៅ​តំបន់​នោះ​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​ទេ។​​ លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ទទួល​ឯកសារ​ពី​មន្ត្រី​ថ្នាក់​ក្រោម​ទេ។ ប្រសិនបើ​យើង​ស្គាល់​គាត់​នោះ យើង​បាន​ចាត់​វិធាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ហើយ”។

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​មិន​បាន​និយាយ​ថា តើ​លោក​នឹង​ធ្វើ​តាម​សំណើ​របស់​គណៈ​កម្មការ​នេះ ឲ្យ​លោក​រៀបចំ​ថវិកា​ដោយឡែក​ដើម្បី​ជួយ​ឧបត្ថម្ភ​អ្នក​ភូមិ​ ដែល​ឆ្លង​ជំងឺ ដែល​មាន​៧៨​នាក់​បាន​ទទួល​ការ​ព្យាបាល​នៅ​ចុង​ខែ​ធ្នូ​​ ឬ​យ៉ាងណា​នោះ​ទេ។

លោកស្រី​ កែ សុវណ្ណរតន៍ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ប្រធាន​គណៈ​កម្មការ​នេះ​ បាន​មាន​ប្រសាសន៍​បន្ទាប់ពី​កិច្ច​ប្រជុំ​ថា មូលនិធិ​រដ្ឋាភិបាល​បន្ថែម​ត្រូវការ​ជា​ចាំបាច់ ពីព្រោះ អ្នក​ភូមិ​ឆ្លង​ជំងឺ​នេះ​មួយ​ចំនួន​នៅ​ឃុំ​រកា​លែង​អាច​ធ្វើការ​បាន​ទៀត​ហើយ​បន្ទាប់ពី​ចាប់​ផ្តើម​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​អេដស៍។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ស្នើ​ឲ្យ​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល [លោក ប៊ុនហេង] ស្នើ​ទៅ​រដ្ឋាភិបាល​បង្កើត​កញ្ចប់​ថវិកា​ពិសេស​មួយ ពីព្រោះ​ឥឡូវ​នេះ អ្នក​ភូមិ​នៅ​ឃុំ​រកា មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ទេ។ ឯកឧត្តម​នឹង​យក​ព័ត៌មាន​នេះ​ទៅ​ប្រាប់​រដ្ឋាភិបាល”។

លោកស្រី​ កែ សុវណ្ណរតន៍ បាន​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មការ​របស់​លោក​ស្រី​ក៏​បាន​ស្នើ​ឲ្យ​លោក ប៊ុនហេង បង្កើន​ចំនួន​មន្ត្រី​សុខាភិបាល​ដើម្បី​បណ្តុះ​បណ្តាល​គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នានា ដើម្បី​ធានា​ឲ្យ​មាន​ការ​ព្យាបាល​ល្អ​ប្រសើរ​និង​មាន​លទ្ធភាព​កាន់តែ​ខ្លាំង​ចំពោះ​គ្រូពេទ្យ​ឯកជន។

ស្ត្រី​អាយុ​៥៨​ឆ្នាំ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នកភូមិ​ឃុំ​រកា​ដែល​ធ្វើ​តេស្ត​មាន​វីរុសហ៊ីវ បាន​និយាយ​ថា គាត់​មិន​អាច​ត្រឡប់​ទៅ​ធ្វើការ​បាន​ទេ តាំងពី​ចាប់​ផ្តើម​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​អេដស៍​មក។

ស្ត្រី​រូប​នេះ​ ដែល​ធ្លាប់តែ​លក់​ចេក​នៅ​ផ្សារ បាន​និយាយ​ថា “ពេលណា​ខ្ញុំ​ផឹក​ថ្នាំ ខ្ញុំ​ល្ហិត​ល្ហៃ​និង​ក្តៅ​ក្នុង។ តាំង​ពី​ខ្ញុំ​មាន​វីរុស​ហ៊ីវ ខ្ញុំ​មិន​អាច​ទៅ​ធ្វើ​ការ​អី​បាន​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ខ្សោយ​ទៅៗ”។

អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ឲ្យ​អ្នក​ស្រី​យ៉ាងហោច​ណាស់​៥០​ដុល្លារ​ក្នុង​មួយ​ខែ ទើប​អ្នក​ស្រី​អាច​ទិញ​អាហារ​ផ្គត់ផ្គង់​គ្រួសារ​របស់​អ្នក​ស្រី​ ដែល​មាន​ចៅ​ពីរ​នាក់​អាយុ​តិច​ជាង​១២​ឆ្នាំ ដែល​បាន​ឆ្លង​វីរុស​ហ៊ីវ​ដែរ៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស