32 C
Phnom Penh

លោក ជា ស៊ីម ទំនង​ជា​មិន​​ចូល​រួម​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​សប្ដាហ៍​នេះទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប្រធាន​អង្គរក្ស​របស់លោក ជា ស៊ីម​ ​បាន​បញ្ជាក់​កាលពី​ម្សិលមិញថា​ បច្ចុប្បន្ន​​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ពិនិត្យ​តាម​ដាន​​​ស្ថានភាព​ជំងឺ​នៅ​ក្នុង​​ប្រទេស​​វៀត​ណាម ហើយ​​ប្រហែល​ជា​មិន​អាច​​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ទាន់​ពេល​សមាជ​ទូទាំង​ប្រទេស​របស់​គណបក្ស​កាន់​អំណាច​ ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​​នេះ​​។WEB_cam-photo-chea-sim

លោក យឹម លាង ប្រធាន​អង្គរក្ស​របស់​លោក​ ជា ស៊ីម ​បាន​មាន​ប្រសាសន៍​ថា “សម្ដេច​ទៅ​វៀតណាម ​​​ដើម្បី​ពិនិត្យ​តាម​ដាន​​ស្ថាន​ភាព​សុខភាព​តាម​កាល​កំណត់​ដូច​សព្វ​ដង។​សម្ដេច​មិន​កើតអីទេ សម្ដេច​ទៅ​វៀតណាម​​ ប្រហែល​បួន​ប្រាំថ្ងៃ​។ ​​ការ​ពិនិត្យ​តាម​ដាន​នឹង​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ ហើយ​​សម្ដេច​ប្រហែល​ជា​​ត្រឡប់​មក​វិញ​​មិន​ទាន់ពេល​ទេ”។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និង​ជា​សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា តាម​ពិត​លោក​ ជា ស៊ីម កំពុង​ស្ថិត​​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​មែន​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​​នឹង​មិន​អាច​ចូល​រួម​សមាជ​នេះ​បាន​ទេ ដោយ​សារ​តែ​លោក​មាន​ជំងឺ​ធ្ងន់​។ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “សុខភាព​របស់​​គាត់​ខ្សោយ​​ណាស់ ដូច្នេះ​គាត់​​មិន​អាច​ចូល​រួម​បានទេ។ សោកស្តាយណាស់​ ពីព្រោះ​​គាត់ជា​មនុស្សស្ងាត់​ស្ងៀម​​​”។

គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​រៀបចំ​សមាជ​ទូទាំង​ប្រទេស​ជាលើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​​​នេះ​ចាប់​តាំង​ពី​​ខែ​មីនា ឆ្នាំ​២០១៣​ ជា​កិច្ច​ប្រជុំ​មួយ​ដែល​បាន​កើត​ឡើង​៤​ខែ​មុន​ពេល​គណបក្ស​កាន់​អំណាច​បាត់​បង់​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ​ចាប់​តាំង​ពីការ​បោះ​ឆ្នោត​កាលពី​ខែ​ឧសភា ឆ្នាំ​១៩៩៣​ ដែល​រៀប​ចំ​ឡើង​ដោយ​​អង្គការ​សហប្រជាជាតិ​មក​។

លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ​​សមាជ​នៅ​សប្ដាហ៍​នេះ​​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា ​ទោះ​បីជា​គ្មាន​វត្តមាន​របស់​លោក ជា ស៊ីម ក៏ដោយ​។ លោក​បានមាន​ប្រសាសន៍​ទៀត​ថា “វា​ជា​រឿង​របស់​បក្ស​ មិន​មែន​ជា​រឿង​ផ្ទាល់​ខ្លួន​​ទេ​។ បក្ស​ត្រូវ​ធ្វើ​​ទៅ​តាម​​ពេល​វេលា​កំណត់​របស់​ខ្លួន។បក្ស​បាន​ខិត​ខំ​​អស់​ពី​សមត្ថភាព​ហើយ​ក្នុង​ការ​ព្យាបាល​គាត់​ឲ្យ​​មានសុខភាព​ប្រសើរ​ឡើង ប៉ុន្តែ​យើងឃាត់​ជំងឺ​​មិន​​បាន​ទេ ហើយ​វាជា​​រឿង​​ធម្មតា​ដែល​មនុស្ស​កើត​ ចាស់ ឈឺ ស្លាប់​។ យើង​មិន​សប្បាយ​ចិត្ត​ទេ​ដែល​គាត់​មិន​អាច​ចូល​រួម​ក្នុង​សមាជ​បាន​”។

លោក ជា ស៊ីម វ័យ​៨២​ឆ្នាំ បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ចាប់​តាំង​ពី​គណបក្ស​កាន់​អំណាច​​នេះ​បាន​ប្ដូរ​មក​ប្រើ​ឈ្មោះ​បច្ចុប្បន្ន​​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​១៩៩១ ប៉ុន្តែ​​លោក​​​ចេះ​តែ​ប្រឈម​​បញ្ហា​សុខភាព​ចុះ​ខ្សោយ​កាន់​តែ​ខ្លាំង​ឡើងៗ។ លោក​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​កាលពី​ខែ​តុលា ឆ្នាំ​២០០០ ហើយ​លោក​​បាន​អវត្តមាន​​ក្នុង​ព្រឹត្តិ​ការណ៍​​សំខាន់ៗ​របស់​បក្ស​ជា​ញឹកញាប់​។

នៅ​ពេល​សាកសួរ​ថា តើ​សមាជ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ចុង​សប្ដាហ៍​​​នេះ​នឹង​ផ្ដោត​លើ​អ្វី​នោះ ​លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា គណបក្ស​នឹង​ព្យាយាម​អនុវត្ត​​តាម​ការ​អំពាវ​នាវ​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​អំពាវ​នាវ​ឲ្យ​មន្ត្រីរបស់​ខ្លួន​បន្ត​អនុវត្ត​តាម​ការ​អំពាវ​នាវ​របស់​គណបក្ស​តាម​រយៈ​ការ​ដុស​ក្អែល​ខ្លួន​ឯង​។

​រដ្ឋ​​​មន្ត្រី​ការពារ​ជាតិ​រូប​​នេះ​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ពិនិត្យ​មើល​ចំណុច​ខ្សោយ​របស់​យើង ហើយ​កែលម្អ​ចំណុច​ខ្សោយ​ទាំង​នោះ​ដូច​ដែលសម្ដេច​ [លោក ហ៊ុន សែន​] បាន​ដាក់​ចេញ​នៅ​ក្នុង​គោល​​នយោបាយ​ទូលំទូលាយ​របស់​សម្ដេច​ឲ្យ​ឆ្លុះ​កញ្ចក់ និង​ដុស​ក្អែល​ខ្លួនឯង​​។ វា​មាន​សារៈ​សំខាន់​ណាស់​”។

អវត្តមាន​ដែល​អាច​កើត​មាន​របស់​លោក ជា ស៊ីម នៅ​ក្នុង​សមាជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កើត​មាន​​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​មិន​បាន​ចូល​រួម​ពិធី​ប្រារព្ធ​​ខួប​អបអរ​ថ្ងៃ​៧មករា របស់​គណបក្ស​នេះ​ដើម្បី​បង្ហាញ​ពីការ​ដួល​រលំ​​នៃ​របប​ ប៉ុល ពត នៅ​ក្នុង​ឆ្នាំ​១៩៧៩ ដែល​គណបក្ស​របស់​លោក ជា ស៊ីម ចាត់​ទុក​ជា​ថ្ងៃ​កំណើត​ទី២​របស់​កម្ពុជា​។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩១​មក លោក ហ៊ុន សែន បាន​ធ្វើ​ជា​អនុប្រធាន​របស់​លោក​ ជា ស៊ីម នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ចំណែកឯ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ដែល​បាន​ដឹកនាំ​គណបក្ស​កុម្មុនីស្ត​មួយ​នេះ​ជា​ផ្លូវ​ការ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ បច្ចុប្បន្ន​គឺ​ជា​ប្រធាន​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ចាប់​តាំង​ពី​​សម័យ​កុម្មុយនីស្ត​​នៅ​ក្នុងទសវត្សរ៍​ឆ្នាំ​១៩៨០​មក លោក ជា ស៊ីម និង​លោក ហ៊ុន សែន ​បាន​ប្រឈម​នឹង​ពាក្យ​ចចាម​អារ៉ាម​​​ថា លោក​ទាំង​ពីរ​​​គឺ​ជា​មេដឹកនាំ​ក្រុម​ប្រជែង​គ្នា​ដោយ​​មាន​​ការ​រំពឹង​ទុក​ថា លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ជំនួស​លោក ជា ស៊ីម ​នៅ​ក្នុង​ការ​បា៉ន់​ស្មាន​បែប​នេះ។

ប៉ុន្តែ​​​គណបក្ស​ប្រជាជន​កម្ពុជា ​​បាន​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​បែ​ក​បាក់​គ្នា​នេះ​​ ហើយ​​បាន​បង្ហាញ​​​ពី​សាមគ្គី​ភាព​ទៅ​ដល់សាធារណជន​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ឯ​សមាជ​បក្ស​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​ក្នុង​ឆ្នាំ​១៩៩៧​ថា “ដរាប​ណា​សម្ដេច​ ជា ស៊ីម ​នៅ​ជា​ប្រធាន​​​បក្ស​ ហ៊ុន សែន នឹង​មិន​ [ទាម​ទារ​​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​​] ឡើយ ហើយ​ដរាប​ណា ហ៊ុន​ សែន ជា​នាយករដ្ឋមន្ត្រី ​ក៏គ្មាន​សមាជិក​​ផ្សេង​ណា​ប្រជែង​យក​តំណែង​នាយករដ្ឋមន្ត្រី​នេះ​ដែរ ដូច្នេះការ​ស្រមើ​ស្រមៃ​អំពីកា​របែក​បាក់​នៅ​ក្នុង​គណប​ក្ស​ប្រជាជន​កម្ពុជា​​ គឺ​មិន​ត្រឹម​ត្រូវ​ទេ​”។

ទោះ​ជាយ៉ាង​ណា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា លោក ហ៊ុន សែន នឹង​ជំនួស​លោក​ ជា ស៊ីម ជា​ប្រធាន​គណបក្ស​ នៅ​ពេល​​ពេល​វេលា​មក​ដល់។ កាលពី​ដើម​ខែ​នេះ​ លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ផ្ញើ​ថ្វាយ​​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ៊នស៊ីនប៉ិច ក្នុង​ឋានៈ​ជា​ “ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្ដីទី”៕ សុខុម​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស