26 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រឹត​បន្តឹង​វិន័យ​លើ​មន្ត្រី​ក្នុង​ការ​ទទួល​ជំនូន អំណោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ម្នាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រគល់​អំណោយ​ដែល​ខ្លួន​ទទួល​បាន​មួយ​មុខ គឺ​ស្រា​វីស្គី​មួយ​ដប​តម្លៃ​៣០០​ដុល្លារ​មក​ឲ្យ​ក្រុម​ប្រឹក្សា​វិន័យ​និង​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង ក្រោម​វិន័យ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​ហូប​អាហារ​ខាងក្រៅ​និង​ការ​ទទួល​ជំនូន អំណោយ ដែល​នេះ​សំដៅ​ធ្វើ​ឲ្យ​បុគ្គលិក​របស់​អង្គភាព​នេះ​រួចផុត​ពី​ការ​ជាប់​សង្ស័យ។

យោងតាម​សេចក្តី​ជូនដំណឹង​ដែល​បង្ហោះ​លើ​វិបសាយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ច័ន្ទ​ស្តីពី​កិច្ច​ប្រជុំ​ថ្មី​បំផុត​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ដែល​មើល​ខុសត្រូវ​អង្គភាព​នេះ​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ រាល់​ជំនូន អំណោយ ដែល​មាន​តម្លៃ​លើសពី​២៥​ដុល្លារ​ត្រូវតែ​ប្រគល់​និង​រក្សា​ទុក​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រីឯ​ការ​ចេញ​ទៅហូប​បាយ​ពាក់ព័ន្ធ​នឹង​ការងារ​ទាំងអស់​នៅ​ខាង​ក្រៅ​អង្គភាព​ត្រូវតែ​សុំ​ច្បាប់​អនុញ្ញាត​ជាមុនសិន។

សេចក្តី​ជូនដំណឹង​នេះ​និយាយ​ថា “ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​វាយ​តម្លៃ​ខ្ពស់​នូវ​វិធានការ​ថ្មីៗ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជាពិសេស​ក្នុង​ការ​ពង្រឹង​វិន័យ​ផ្ទៃ​ក្នុង”។ សេចក្តី​ជូនដំណឹង​នេះ​មាន​ការ​ពិនិត្យ​លើ​ការ​អនុវត្ត​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទាក់ទិន​នឹង​វិន័យ​ថ្មី​នេះ​ក្នុង​រយៈ​ពេល​ពីរ​ខែ។

បន្ថែម​ទៅ​នឹង​ស្រា Chivas Regal ២៥​ឆ្នាំ​ដ៏​ថ្លៃ​ដែល​ឲ្យ​ជា​អំណោយ​ទៅ​មន្ត្រី​ម្នាក់​នោះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ក៏​ប្រគល់​អំណោយ​ប្រាំ​មុខ​ក្នុង​ចំណោម​អំណោយ​ប្រាំបី​មុខ​ដែល​លោក​បាន​ទទួល ដែល​មាន​តម្លៃ​លើស​កម្រិត​តម្លៃ​ថ្មី និង​បាន​រាយការណ៍​អំពី​ការ​ទទួល​ហូបបាយ​ខាង​ក្រៅ​មួយ​ដង។ មន្ត្រី​ប្រាំបី​នាក់​ផ្សេងទៀត​បាន​សុំ​ច្បាប់​អនុញ្ញាត​ការ​ទទួល​ហូប​បាយ​ខាងក្រៅ។

ក្រៅពី​ស្រា​វីស្គី សេចក្តី​ជូន​ដំណឹង​មិន​បាន​ប្រាប់​តម្លៃ​ជំនូន អំណោយ ឬ​អាហារ​ក្រៅ​នោះ​ទេ។ សេចក្តី​ជូនដំណឹង​ក៏​មិន​បាន​បញ្ជាក់​អំឡុង​ពេល​នៃ​ការ​ពិនិត្យ​រយៈ​ពេល​ពីរ​ខែ​ដែរ។

ទាំង​លោក ឱម យ៉ិនទៀង ទាំង​លោក ឆាយ សាវុធ ជា​អនុប្រធាន​របស់​លោក មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ពុធ។ លោក ជា ច័ន្ទថូ ប្រធាន​រដ្ឋបាល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ។

លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​​បាន​ស្វាគមន៍​វិន័យ​ផ្ទៃ​ក្នុង​ថ្មី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​អស់​ផ្សេងទៀត​ធ្វើ​តាម​ដូច្នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​នឹង​ជួយ​កាត់​បន្ថយ​អំពើ​ពុករលួយ ពីព្រោះ​វា​បាន​ក្លាយ​ជា​វប្បធម៌​មួយ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​និង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​តែងតែ​មាន​អំណោយ​ថ្លៃៗ។ កូនៗ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ឲ្យ​ជំនូន​ថ្លៃៗ​ដើម្បី​ទទួល​បាន​ការ​ជ្រោម​ជ្រែង​សម្រាប់​មុខ​ជំនួញ​របស់​ខ្លួន ឬ​ដើម្បី​ទទួល​បាន​ការ​ឡើង​តំណែង”។

ប្រទេស​កម្ពុជា​ជារឿយ​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ប្រទេស​ពុក​រលួយ​បំផុត​លើ​ពិភព​លោក។ ក្នុង​សន្ទស្សន៍​បង្ហាញ​អំពើ​ពុករលួយ​ឆ្នាំ​២០១៤​របស់​អង្គការ​តម្លាភាព​កម្ពុជា ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​១៥៦​ក្នុង​ចំណោម​១៧៥​ប្រទេស​ដែល​បាន​ធ្វើ​អង្កេត៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស