លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ត្រូវតែ “ផ្ដោតការយកចិត្តទុកដាក់ឡើងវិញ” និងជួបពិភាក្សាគ្នាជាប្រចាំដើម្បីធានាថា គណបក្សទាំងពីរមិនងាករេចេញពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនយោបាយថ្ងៃ២២ កក្កដា កាលពីឆ្នាំមុន។
នៅក្នុងសន្និសីទកាសែតរួមគ្នាក្រោយពីជំនួបជាមួយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅឯរដ្ឋសភា ដែលជាជំនួបលើកដំបូងចាប់តាំងពីលោកទាំងពីរត្រូវបានតែងតាំងជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សទាំងពីរ លោក ស ខេង បានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់សម្រាប់គណបក្សទាំងពីរបន្តការចរចា។
លោកបានមានប្រសាសន៍ទៀតថា “រឿងសំខាន់គឺថា ជំនួបនេះសម្រាប់យើងពិភាក្សាអំពីរបៀបដែលយើងត្រូវធ្វើការនៅពេលអនាគតឆ្ពោះទៅរកអ្វីដែលឯកឧត្ដម [លោក សម រង្ស៊ី] បានលើកឡើងថា យើងត្រូវតែខិតខំប្រឹងប្រែងអនុវត្តតាមកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា ឆ្នាំ២០១៤ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀត”។
លោក ស ខេង បានមានប្រសាសន៍បន្ថែមថា លោក និងលោក សម រង្ស៊ី បានពិភាក្សាគ្នាថាតើប្រធានក្រុមតំណាងរាស្ត្រទាំងពីរគួរតែជួបគ្នា១ខែម្ដង ឬក៏៣ខែម្ដង។ លោកបានមានប្រសាសន៍ថា មិនទាន់មានការសម្រេចណាមួយនៅឡើយទេលើបញ្ហានេះ ប៉ុន្តែលោកបានមានប្រសាសន៍ថា ជំនួបញឹកញាប់គឺជារឿងសំខាន់។
លោកបានលើកឡើងថា ” យើងអាចពិនិត្យផ្ទៀងផ្ទាត់បានថា តើសកម្មភាពទាំងអស់ដែលគណបក្សទាំងពីរបានធ្វើកន្លងមក ស្ថិតនៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា ឆ្នាំ២០១៤ ឬក៏ងាកឆ្ងាយចេញពីវា។ ដូច្នេះ យើងត្រូវតែផ្ដោតការយកចិត្តទុកដាក់ឡើងវិញ ដើម្បីត្រឡប់ទៅរកកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា ឆ្នាំ២០១៤”។
កាលពីដើមខែនេះ លោក ស ខេង និងលោក សម រង្ស៊ី ត្រូវបានតែងតាំងជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដោយទទួលយកមុខតំណែងដែលត្រូវបានបង្កើតឡើងនៅក្នុងការចរចារវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា។
ទាំងមុនពេលការចរចាទាំងនោះ និងចាប់តាំងពីពេលនោះមក គណបក្សប្រជាជនកម្ពុជាបានរងការចោទប្រកាន់ម្ដងហើយម្ដងទៀតថា បានបំពានកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា តាមរយៈការដាក់ពន្ធនាគារសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិសរុបចំនួន១៩នាក់ពីបទចោទប្រកាន់ព្រហ្មទណ្ឌ ដែលជាទូទៅគេជឿថា ត្រូវបានប្រឌិតឡើង ឬហួសហេតុ។
កិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា បានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេល១០ខែរបស់គណបក្សសង្គ្រោះជាតិ និងបានធ្វើឲ្យលទ្ធផលចម្រូងចម្រាសនៃការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ ទៅជាស្របច្បាប់ជាថ្នូរនឹងការសន្យាធ្វើកំណែទម្រង់ពីសំណាក់គណបក្សប្រជាជនកម្ពុជា។
កាលពីម្សិលមិញ នៅពេលអ្នកយកព័ត៌មានម្នាក់សាកសួរថា តើលោកគិតថា គណបក្សប្រជាជនកម្ពុជាបានបំពានកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា ឬយ៉ាងណានោះ លោក ស ខេង បានមានប្រសាសន៍ថា បញ្ហានេះមិនមែនជារបៀបវារៈមួយនៃការពិភាក្សារបស់លោកជាមួយលោក សម រង្ស៊ី នៅព្រឹកនោះទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា លោកខកចិត្តចំពោះ “វប្បធម៌នៃការសន្ទនា” បន្ទាប់ពីមានការវាយប្រហារពាក្យសម្ដីមកលើរូបលោកជាបន្តបន្ទាប់ពីសំណាក់ក្រុមមេដឹកនាំគណកប្សប្រឆាំង ដែលលោកបានលើកឡើងថា បានរំលោភស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា ហើយបានមានប្រសាសន៍ថា វាដល់ពេលដែលនយោបាយវិលទៅរកភាពប្រក្រតីវិញហើយ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានមានប្រសាសន៍កាលពីម្សិលមិញថា ជំនួបរវាងប្រធានក្រុមតំណាងរាស្ត្រមតិភាគតិច និងប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើន នឹងជួយពន្យារអាយុកាលនៃ “វប្បធម៌នៃការចរចា”។
ប្រធានគណបក្សប្រឆាំងរូបនេះបានការពារការវាយប្រហារដោយពាក្យសម្ដីថា ជាការបញ្ចេញមតិដែលអាចទទួលយកបាន ដោយសន្យា ” អនុវត្តតាមពាក្យសម្ដី និងស្មារតី” នៃកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា។
លោកបានមានប្រសាសន៍ថា “ទោះបីជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិប្រជែងគ្នាក៏ដោយ ក៏ការប្រកួតប្រជែងនេះគឺដើម្បីផលប្រយោជន៍ជាតិ និងដើម្បីសន្តិសុខ សន្តិភាព ស្ថិរភាព និងភាពសុខដុមរបស់ប្រជាពលរដ្ឋខ្មែរ”។
លោក សម រង្ស៊ី បានលើកឡើងថា ទោះបីជាលោក ហ៊ុន សែន បានធ្វើអត្ថាធិប្បាយបែបនេះក្ដី ក៏វប្បធម៌នៃការសន្ទនានៅតែមានសារៈសំខាន់សម្រាប់ការពារសន្តិភាពនៅក្នុងប្រទេសកម្ពុជា ខណៈការបោះឆ្នោតជាតិឆ្នាំ២០១៨ខិតជិតមកដល់ និងគំរាមបង្កភាពតានតឹងផ្នែកនយោបាយជាថ្មីម្ដងទៀត។
លោកមានប្រសាសន៍ថា “មិនថាគណបក្សណាឈ្នះឆ្នោតលើកក្រោយទេ គឺប្រជាពលរដ្ឋខ្មែរនៅតែមានសុខដុមរមនា ពីព្រោះគណបក្សទាំងពីរបានរកឃើញការសម្រុះសម្រួល និងគោរពគ្នា។ យើងដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលនេះ និងពេលក្រោយ។ វប្បធម៌នៃការសន្ទនាគឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ដរាបណាយើងមានវប្បធម៌នៃការសន្ទនា លទ្ធិប្រជាធិបតេយ្យនឹងលូតលាស់រឹងមាំពិប្រាកដ”៕ សុខុម