មន្ត្រីតុលាការម្នាក់បានលើកឡើងថា កាលពីម្សិលមិញ សាលាដំបូងខេត្តកំពតបានផ្តន្ទាទោសអតីតអធិការនគរបាលស្រុកបន្ទាយមាសឲ្យជាប់ពន្ធនាគារបួនឆ្នាំ និងអតីតអធិការរងរបស់លោកឲ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទកិបកេងប្រាក់ និងទទួលសំណូកចំនួន៦៤.៣៦០ដុល្លារ ក្នុងរយៈពេលប្រាំឆ្នាំ។
កាលពីខែមីនា អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានចាប់ខ្លួនលោក ស្រ៊ុន ឡាំ ដែលពេលនោះជាអធិការនគរបាលស្រុក និងលោក ម៉ុក ហួត ជាអធិការរង ដោយសង្ស័យថា បានយកលុយដាក់ហោប៉ៅខ្លួនឯងដែលលុយនោះទុកសម្រាប់បើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភដល់អ្នកក្រោមបង្គាប់របស់ខ្លួន ទទួលសំណូកពីអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋជាថ្នូរនឹងការមិនបញ្ជូនរឿងក្តីរបស់ពួកគេទៅតុលាការ និងជំរិតទារប្រាក់ពីឈ្មួញរកស៊ីស្រូវ និងនគរបាលចរាចរ។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោក ស្រ៊ុន ឡាំ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារបួនឆ្នាំ និងពិន័យជាប្រាក់ប្រាំបីលានរៀល ហើយលោក ម៉ុក ហួត ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជាប្រាក់ប្រាំលានរៀល”។ លោក ឯក ឆេងហួត បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
កាលពីថ្ងៃទី២៩ ខែធ្នូ តុលាការបានចោទប្រកាន់បុរសទាំងពីរនាក់នេះពីបទកិបកេងថវិការដ្ឋ បិទបាំងភ័ស្តុតាង ជ្រៀតជ្រែកការងារអាជ្ញាធរ និងប្រើប្រាស់អាវុធខុសច្បាប់។
លោក អ៊ូ វុធ មេធាវីរបស់លោក ម៉ុក ហួត បានមានប្រសាសន៍ថា លោកពេញចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ។
លោកបានមានប្រសាសន៍ថា “ខ្ញុំយល់ស្របតាមសេចក្តីសម្រេចរបស់តុលាការ ហើយកូនក្តីរបស់ខ្ញុំបាននិយាយថា គាត់នឹងមិនប្តឹងឧទ្ធរណ៍ទេ”។ លោកបានបន្ថែមថា កូនក្តីរបស់ខ្ញុំអះអាងថា គ្មានទោសទេ ពីព្រោះគាត់ “ធ្វើតាមអ្វីដែលចៅហ្វាយបានបញ្ជាតែប៉ុណ្ណោះ”។
លោក ពៅ ស្រីសួគ៌ មេធាវីតំណាងលោក ស្រ៊ុន ឡាំ បានមានប្រសាសន៍ថា លោកមិនដឹងពីសាលក្រមនេះទេ ហើយមិនអាចធ្វើអត្ថាធិប្បាយបានឡើយ។
លោក ម៉ម កេសី អ្នកឃ្លាំមើលអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះបានមានប្រសាសន៍ថា តុលាការបានធ្វើសេចក្តីសម្រេចត្រឹមត្រូវក្នុងការផ្តន្ទាទោសបុរសទាំងពីរនាក់នេះ។
លោក កេសី បានមានប្រសាសន៍ថា “ខ្ញុំគិតថា វាជាឧទាហរណ៍សម្រាប់មន្ត្រីទាំងឡាយណាដែលកិបកេងប្រាក់រដ្ឋ។ ខ្ញុំសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបន្តព្យាយាមស្វែងរកមន្ត្រីណាដែលមានបំណងប្រព្រឹត្តអំពើពុករលួយ”។
នៅពេលលោក ស្រ៊ុន ឡាំ និងលោក ម៉ុក ហួត ត្រូវបានចាប់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា មន្ត្រីនគរបាលស្រុកបន្ទាយមាសប្រហែល៨០ភាគរយបានដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីទាំងពីរនាក់នេះ ហើយបានជួយផ្តល់ភ័ស្តុតាងប្រឆាំងពួកគេទៀតផង៕សារុន