34 C
Phnom Penh

អ្នក​​​ភូមិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​តវ៉ា​​​នឹង​​​ការ​​​បន្ត​​​បូម​​​ខ្សាច់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ជាង​១០០នាក់​ក្នុង​ខណ្ឌ​​​ច្បារ​​​អំពៅ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្បែរ​ផ្ទះ​របស់​​​ពួកគាត់​ស្ថិត​នៅ​តាម​ដង​ទន្លេ​បាសាក់​កាលពី​ម្សិលមិញ ប្រឆាំង​ការ​​បន្ត​បូម​ខ្សាច់​ដែល​ពួក​​​គាត់​លើក​ឡើង​ថា អាច​បណ្តាល​​​ឲ្យ​ផ្ទះ​របស់​​​ពួកគាត់​បាក់​រលំ។

លោក សំ ស៊ីណា អាយុ​៥១​ឆ្នាំ​បាន​និយាយ​ថា “យើង​បាន​តវ៉ា​នៅ​ថ្ងៃ​នេះ​ទាមទារ​ឲ្យ​អាជ្ញាធរ​យក​​​ទូក​បូម​ខ្សាច់​ចំនួន​​​ពីរ​ទៅ​កន្លែង​ផ្សេង ពីព្រោះ​អ្នកភូមិ​ទាំង​អស់​ព្រួយ​បារម្ភ​​​​​​ខ្លាច​ផ្ទះ​របស់​​​ពួក​​​គាត់​បាក់​រលំ​ដោយ​សារ​ការ​បូម​ខ្សាច់​នេះ”។

លោក​បាន​និយាយ​ថា “យើង​នឹង​​​ធ្វើការ​​​​តវ៉ា​ម្ដង​ទៀត ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​១ ប្រសិន​បើ​អាជ្ញាធរ​មិន​រក​ដំណោះ​ស្រាយ​តាម​ការ​ទាម​ទារ​របស់​យើង​ទេ​នោះ”។

លោក ណុប ថា អភិបាល​រង​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​សុំ​ឲ្យ​អ្នក​បូម​ខ្សាច់​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​កាលពី​ខែ​ធ្នូ អំឡុង​ពេល​ដែល​​​​ក្រសួង​រ៉ែ និង​ថាមពល​ បាន​សរសេរ​លិខិត​ផ្ញើ​​​ជូន​សាលា​រាជធានី​ ដោយ​លើក​ឡើង​ថា ​​​មាន​បម្រាម​​បូម​ខ្សាច់​នៅ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់។

លោក ណុប ថា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​បញ្ជា​ឲ្យ​ម្ចាស់​បូម​ខ្សាច់​ផ្អាក​បណ្ដោះ​អាសន្ន​ ដើម្បី​សុំ​សេចក្ដី​សម្រេច​ពី​ថ្នាក់​លើ​”។ លោក​បាន​បន្ថែម​ថា ម្ចាស់​ទូក​បូម​ខ្សាច់​​នេះ​​​នៅ​តែ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ដដែល បើ​ទោះ​​ជា​​​មាន​ការ​លើកឡើង​​​របស់​​​ពួក​​​លោក​ក៏ដោយ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ម្ចាស់​បូម​ខ្សាច់​​នោះ​បញ្ឈប់​​​ប្រតិបត្តិការ​របស់​ខ្លួន ពីព្រោះ​អស់​សុពល​​​ភាព​​​ទៅ​ហើយ ប៉ុន្តែ​បុគ្គល​នោះ​មិន​បាន​គោរព​តាម​បទ​បញ្ជា​របស់​ថ្នាក់​លើ​ឡើយ​”។

លោក គឹម ម៉េង ម្ចាស់​​បូម​ខ្សាច់​ដែល​មាន​ទូក​ពីរ​បាន​និយាយ​ថា លោក​បាន​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់​ពី​​អាជ្ញាធរ​បាន​ចុះ​​​មក​មើល​ ប៉ុន្តែ​បាន​បន្ថែម​ថា លោក​មិន​​ជឿ​ថា ការ​បូម​ខ្សាច់​នឹង​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ​ឡើយ​។

លោក គឹម ម៉េង បាន​និយាយ​ថា “ខ្ញុំ​មាន​លិខិត​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​ចេញ​ដោយ​លោក ប៉ា សុជាតិ​​​វង្ស អភិបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​កាល​​​ពី​​​ពេល​ថ្មីៗ​នេះ​គាត់​បាន​ណែនាំ​ឲ្យ​ខ្ញុំ​បំពេញ​បែប​បទ​ថ្មី​សុំ​​​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ធនធាន​ទឹក ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ប្រើ​ប្រាស់​លិខិត​ចាស់​របស់​ខ្ញុំ​ដដែល ពីព្រោះ​វា​នៅ​មាន​សុពលភាព​នៅ​ឡើយ​”។

ម្ចាស់​បូម​ខ្សាច់​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា អ្នកភូមិ​យល់​ច្រឡំ​ថា ការ​បូម​ខ្សាច់​ធ្វើ​ឲ្យ​ផ្ទះ​របស់​​​ពួកគាត់​បាក់​រលំ​ ពីព្រោះ​ពួកគាត់​រស់​នៅ​ច្រាំង​ទន្លេ​ឯណោះ​”។

កាលពី​ខែ​មុន​ នគរ​បាល​រាជធានី​បាន​ដក​ហូត​ទូក​ចំនួន​១០គ្រឿង និង​ម៉ាស៊ីន​បូម​ខ្សាច់​ប្រាំ​​​គ្រឿង​នៅ​ក្បែរ​កោះ​​​ពេជ្រ ចំណុច​ប្រសព្វ​នៃ​ទន្លេ​មេគង្គ និង​ទន្លេ​​​បាសាក់ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រសួង​​​រ៉ែ និង​ថាម​ពល បាន​​​ចេញ​លិខិត​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស