31 C
Phnom Penh

អ្នកភូមិ​​​​​​រារាំង​​​ក្រុមហ៊ុន​​​​​​មិន​​​ឲ្យ​​​រាន​​​ដី​​​នៅ​​​ក្នុង​​​ខេត្ត​​​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​តំណាង​​​អ្នក​​​ភូមិ​​​និង​​​​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នកភូមិ​​​ប្រហែល​​​១០០ នាក់​​​​​​បាន​​​រារាំង​​​ក្រុមហ៊ុន​​​មិន​​​ឲ្យ​​​រាន​​​ដីសម្បទាន​​​មួយ​​​ផ្នែករបស់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ស្រុក​​​លំផាត់ ខេត្ត​​​​​​រតន​​​គិរី កាលពី​​​ថ្ងៃ​​​សៅរ៍ ​​​ក្នុង​​​ការ​​​ប្រឈមមុខ​​​ដាក់គ្នា​​​ថ្មី​​​បំផុត​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដីធ្លី ដ៏​​​អូស​​​បន្លាយ​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វព្រៃ​​​​​​លំផាត់។

ក្រុមហ៊ុន​​​ Daun Penh Agrico ​​​កាន់កាប់​​​ដោយ​​​វៀត​​​ណាម ដែល​​​ទទួល​​​បាន​​​ដីសម្បទាន​​​ទំហំ​​​​​​៨.៨២៥ហិកតា​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០១១នោះ ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​រាន​​​ដី​​​ទំហំ​​​៥០ហិតតា ដែល​​​អ្នកភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិ​​​ច​​​ក្នុង​​​មូលដ្ឋាន​​​លើក​​​ឡើង​​​ថា គួរ​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ព្រៃ​​​សហគមន៍​​​របស់​​​ខ្លួន។

លោក ឌី សាមី ដែល​​​អះ​​​អាង​​​ថា ជា​​​តំណាង​​​​​​អ្នកភូមិ​​​ជន​​​ជាតិ​​​ភាគតិច​​​​​​ប្រហែល​​​២២៥​​​គ្រួសារ​​​​​​ព្យាយាម​​​ការ​​​ពារ​​​​​​ដីដូនតា​​​របស់ ខ្លួន​​ពី ការ​​​អភិវឌ្ឍ​​​របស់ ក្រុមហ៊ុន​​​​​​Daun Penh Agrico នោះ បាន​​​លើកឡើង​​​ថា អ្នកភូមិ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៣០នាក់​​​​​​មិន​​​អាច​​​រារាំង​​​​​​គ្រឿង​​​ចក្រ​​​របស់​​​ក្រុម​​​ហ៊ុ​​​ននេះ​​​កុំឲ្យ​​​រាន​​​ដី​​​បាន​​​ឡើយ​​​កាលពី​​​ថ្ងៃសុក្រ​​​។

យោង​​​តាម​​​លោក សាមី បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ុន្តែ​​​ការ​​​ព្យាយាម​​​របស់​​​អ្នកភូមិ​​​ប្រហែល​​​១០០​​​នាក់​​​លើក​​​ទី​​​២ កាលពី​​​ថ្ងៃសៅរ៍ បាន​​​រារាំង​​​​​​ត្រាក់ទ័រ​​​ប្រាំពីរ​​​គ្រឿង​​​បណ្តោះ​​​អាសន្ន​​​​​​កុំឲ្យ​​​រាន​​​ដី​​​នេះ។ លោក​​​បាន​​​និយាយ​​​ថា “​​​តំណាង​​​ក្រុមហ៊ុន​​​អះ​​​អាង​​​ថា ពួកគេ​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​ពី​​​រដ្ឋ​​​ ប៉ុន្តែ​​​​​​ដី​​​នេះ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​យើង​​​តែ​​​ង​​​តែ​​​យក​​​សត្វ​​​ពាហនៈ​​​​​​ទៅ​​​ចង​​​នៅ​​​ទីនោះ​​​ ពីព្រោះ​​​ជា​​​កន្លែង​​​សុវត្ថិភាព នៅ​​​ពេល​​​មាន​​​ទឹក​​​ជំនន់ ដូច្នេះ​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​​​​ណាមួយ​​​រាន​​​ដី​​​របស់​​​យើង​​​ឡើយ។ យើង​​​នឹង​​​មិន​​​ឈប់​​​តវ៉ា​​​ឡើយ​​​ ប្រសិនបើ​​​​​​ក្រុម​​​ហ៊ុន​​​មក​​​រាន​​​ដី​​​នេះ​​​​​​ទៀត​​​នោះ”។

លោក នូ ថេ អភិបាល​​​ស្តី​​​ទី​​​​​​ស្រុក​​​លំផាត់​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​ផ្តល់​​​ដី​​​សម្ប​​​ទាន​​​សង្គមកិច្ច​​​ទំហំ​​​​​​៧២៣ហិកតា​​​ដល់​​​អ្នក​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ ប៉ុន្តែ​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​នៅ​​​តែ​​​ទាមទារ​​​​​​បន្ថែម​​​ទៀត​​​។

ដោយ​​​សំដៅ​​​ដល់​​​ដី​​​ដែល​​​អ្នក​​​ភូមិ​​​ទុក​​​សម្រាប់​​​ចង​​​សត្វ​​​ពាហនៈ​​​របស់​​​ខ្លួន​​​នោះ លោក​​​បាន​​​មាន​​​បន្ថែម​​​ថា “​​​ពួក​​​គាត់​​​នៅ​​​តែ​​​ទាម​​​ទារ​​​ដី​​​ទំហំ​​​៥០០ហិកតា​​​បន្ថែម​​​ទៀត…​​​និង​​​តំបន់​​​សុវត្ថិភាព។ យើង​​​កំពុង​​​ចរចា​​​ជាមួយ​​​ភាគី​​​ទាំង​​​ពីរ​​​​​​នៅឡើយ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​ជូន​​​ពួកគាត់”។

តំណាង​​​ក្រុមហ៊ុន​​​ Daun Penh Agrico ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​ទេ។ ដីសម្បទាន​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​យ៉ាង​​​ខ្លាំង ​​​​​​ជាពិសេស​​​​​បន្ទាប់ពី​​​​​​មន្ត្រី​​​មូលដ្ឋាន​​​ទទួល​​​ស្គាល់​​​ថា បាន​​​ផ្តល់​​​​​​ដីសម្បទាន​​​ “ក្រៅផ្លូវការ” លើក​​​ទី​​​២ នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​នេះ​​​កាលពី​​​ឆ្នាំ​​​២០១៣ បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ប្រកាស​​​អំពី​​​បម្រាម​​​ហាម​​​មិន​​​ឲ្យ​​​​​ផ្តល់​​​​​​ដីសម្បទាន​​​សេដ្ឋកិច្ច៕សារុន​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស