31 C
Phnom Penh

នគរ​បាល​​រក​ឃើញ​បញ្ជី​ឈ្មោះ​មន្ត្រី​ចំនួន​៤៩​រូប​ ដែល​សង្ស័យ​ថា​ ជា​អ្នក​​ជំរិត​ទារ​ប្រាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​នគរ​បាល​ក្នុង​ខេត្ត​កំពង់ឆ្នាំង​​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​​ដែល​សង្ស័យ​ថា បាន​ដឹក​ឈើ​ដោយ​ខុស​ច្បាប់​កាលពី​ខែ​មុន ពួកគេ​បាន​រក​ឃើញ​​​អ្វី​មួយ​នៅ​ក្នុង​រថយន្ត​នោះ​​ដោយ​នឹក​ស្មាន​មិន​ដល់​ គឺ​បញ្ជី​មួយ​ដែល​មាន​រាយ​នាម​ និង​លេខទូរស័ព្ទ​​របស់​នគរ​បាល និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​ចំនួន​៤៩​រូប​។

លោក ជិន សុផាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​នេះ​បាន​លើក​ឡើង​ថា មន្ត្រី​របស់​លោក​បានឃាត់​រថយន្ត​មួយ​គ្រឿង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​កាលពី​ថ្ងៃទី​២៦ ខែ​មករា។ ហើយ​រថយន្ត​ដែល​​ដឹក​តុ​ចំនួន​ពីរ ទ្វារ​ចំនួន​ប្រាំមួយ និង​គ្រោង​គ្រែ​មួយ​ ដែល​​សុទ្ធ​តែ​ជា​ឈើ​​ប្រភេទ​ធ្នង់​ រួមទាំង​​ឈើ​​ដើម​ម្រះព្រៅ​ចំនួន​ប្រាំដុំ​ផង​ដែរ​នោះ​ត្រូវ​បាន​យក​ទៅរក្សា​ទុក​។

លោក​ សុផាត បាន​លើក​ឡើង​ទៀត​ថា បន្ទាប់​មក​​មន្ត្រី​របស់​លោក​បាន​រក​ឃើញ​បញ្ជី​មួយ​ដែល​មាន​ឈ្មោះ​របស់​នគរ​បាល កងរាជអាវុធហត្ថ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្តក្បែរ​ៗ​នោះ​​ចំនួន​៤៩​រូប។ ហើយ​នៅ​ក្បែរ​ឈ្មោះ​នីមួយ​សុទ្ធតែ​មាន​លេខ​ទូរស័ព្ទ។

លោក​ សុផាត បាន​លើក​ឡើង​បន្ថែម​ទៀត​ថា មន្ត្រី​របស់​លោក​បាន​ប្រាប់​លោក​ថា បញ្ជី​នេះ​ទំនង​ជា​​បង្ហាញ​ថា អ្នក​បើក​បរ​រថយន្ត​នេះ​ត្រូវ​តែ​បង់​ប្រាក់​ទៅ​ឲ្យ​មន្ត្រី​ទាំង​នោះ ខណៈ​ដឹក​​ទំនិញ​ខុស​ច្បាប់​។ ប៉ុន្តែ​​នៅ​ពេល​លោក​​ឲ្យ​ថ្នាក់​ក្រោម​របស់​លោក​បង្ហាញ​បញ្ជី​នេះ​ ពួកគេ​បាន​និយាយ​ថា មិន​ដឹង​ជា​ទៅណា​បាត់​ហើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​បាន​ឃើញ​បញ្ជី​ឈ្មោះ​មន្ត្រី​ទាំង​​៤៩​រូប​នោះ​ដោយ​ផ្ទាល់​ភ្នែក​ឡើយ។ ខ្ញុំ​បាន​សួរ​មន្ត្រី​​​របស់​ខ្ញុំ​រក​បញ្ជី​នេះ​ដែរ ប៉ុន្តែ​ពួកគេ​មិន​បាន​​​ប្រគល់​មក​ឲ្យ​ខ្ញុំ​ឡើយ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា មិន​ដឹង​ជា​វាទៅ​ណា​បាត់​ហើយ​”។

លោក លី វីរៈ ស្នង​ការ​រង​នគរ​បាល​ខេត្ត​នេះ​បាន​លើក​ឡើង​ថា លោក​ក៏​បាន​ដឹង​ពី​បញ្ជី​នេះ​ដែរ ប៉ុន្តែ​ទើប​តែ​ឃើញ​នៅ​ពេល​វា​ត្រូវ​បាន​បង្ហោះ​តាម​​បណ្ដាញ​ទំនាក់​ទំនង​សង្គម។ លោក​បាន​លើក​ឡើង​ទៀត​​ថា លោក​ស្គាល់​​ឈ្មោះ​យ៉ាង​តិច​ម្នាក់​នៅ​ក្នុង​បញ្ជី​នោះ​ គឺ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើកំពង់ត្រឡាច​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​របស់​មន្ត្រី​រូប​នោះ​ឡើយ​។

លោក វីរៈ បាន​បន្ថែម​ទៀត​ថា លោក​បាន​ទទួល​ដំណឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​​ស៊ើបអង្កេត​មន្ត្រី​ទាំង​៤៩​រូប​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ទទួល​បាន​ដំណឹង​មក​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​តើ​នៅ​ពេល​ណា​​នោះ​ឡើយ​”។

គេ​មិន​អាច​ទាក់​ទង​​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឡើយ​កាលពី​ម្សិលមិញ​។

នៅ​ពេល​អ្នក​យក​ព័ត៌មាន​ហៅ​ទូរស័ព្ទ​ទៅ​លេខ​មួយ​ដែល​នៅ​ជាប់​ឈ្មោះ​ថា “បងធី” បុរស​ម្នាក់​បាន​ឆ្លើយ​ថា ខ្លួន​ធ្វើ​ការ​នៅ​​ផ្នែក​រដ្ឋបាល​​​ព្រៃ​ឈើ​ក្នុង​ស្រុក​ឧដុង្គ ក្នុង​ខេត្ត​កំពង់ស្ពឺ។

បុរស​រូប​នេះ​មិន​បាន​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ថា ខ្លួន​ទំនង​ជា​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​នោះ​ ដោយ​សារ​ខ្លួន​បាន​ទិញ​គ្រែ​ឈើ​មួយ​ក្នុង​តម្លៃ​៧០០ដុល្លារ​​ ពីស្រុក​ក្រវាញ​ ខេត្ត​ពោធិ៍សាត់​ក្នុង​ពេល​ថ្មីៗ​នេះ​​។

បុរស​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​សូម​បដិសេធ​ថា ខ្ញុំ​មិន​បាន​យក​លុយ​ពី​ឈ្មួញឈើ​នោះ​ឡើយ។ ប៉ុន្តែ​នគរ​បាល​សេដ្ឋកិច្ច និង​មន្ត្រី​កង​រាជអាវុធ​ហត្ថ​បាន​ធ្វើ​ដូច្នេះ”៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស