អ្នកភូមិនិងបុគ្គលិកសិទ្ធិមនុស្សបាននិយាយថា កាលពីថ្ងៃអាទិត្យ ប៉ូលិសនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានចាប់ជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាប្រាំនាក់ និងកំពុងស្វែងរកអ្នកភូមិចារ៉ាយបីនាក់ ដែលបានជួយពួកគេឲ្យគេចពីអាជ្ញាធរ ពេលពួកគេមកដល់ពីប្រទេសវៀតណាម ប្រហែលពីរសប្តាហ៍មុន។
អ្នកភូមិចារ៉ាយម្នាក់ ដែលសុំមិនប្រាប់ឈ្មោះព្រោះខ្លាចមានការសងសឹកពីអាជ្ញាធរ បាននិយាយថា ប៉ូលិសមកពីឃុំសោមធំ ស្រុកអូរយ៉ាដាវ បានចាប់ខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោនប្រាំនាក់ ហើយបួននាក់ផ្សេងទៀតបានរត់ចូលព្រៃ។
ក្រុមមានគ្នាប្រាំបួននាក់ ដែលមានក្មេងពីរនាក់និងទារកម្នាក់នេះ បានមកដល់ខេត្តរតនគិរីកាលពីថ្ងៃទី១៩ខែមករា។
ម៉ុងតាញ៉ា២៣នាក់ផ្សេងទៀត ដែលជាក្រុមអន្តោគ្រាមរស់នៅផ្តុំគ្នានៅតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម ដែលបានឆ្លងចូលក្នុងខេត្តនេះនៅខែមុន ក៏កំពុងលាក់ខ្លួនក្នុងស្រុកអូរយ៉ាដាវដែរ។
ជនស្វែងរកសិទ្ធិជ្រកកោនទាំងអស់អះអាងថា គេបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញខាងសាសនានិងនយោបាយក្នុងប្រទេសកំណើតរបស់ខ្លួន។
អ្នកភូមិចារ៉ាយម្នាក់ទៀត ដែលបានជួយយកអាសាក្រុមមួយមានគ្នាប្រាំបួននាក់ពេលប៉ូលិសមកដល់ បាននិយាយថា ប៉ូលិស១០នាក់ជិះរថយន្តប្រាំគ្រឿងបានចូលភូមិ សូគុល នៅម៉ោងប្រហែល៤និង៣០នាទីល្ងាច។
អ្នកភូមិរូបនេះបាននិយាយថា “ពួកគេបានព្យាយាមចាប់ខ្លួនមនុស្សប្រាំបួននាក់ ពេលអ្នកទាំងនោះស្នាក់នៅក្នុងចម្ការក្នុងព្រៃ”។ គាត់បាននិយាយថា “ខ្ញុំ ប្អូនប្រុសនិងប្អូនស្រីរបស់ខ្ញុំឥឡូវនេះកំពុងលាក់ខ្លួនក្នុងព្រៃ ពីព្រោះប៉ូលិសចង់ចាប់យើងដែរ”។
អ្នកភូមិចារ៉ាយរូបនេះបានបន្ថែមថា ទារក ក្មេងពីរនាក់និងម្តាយរបស់វាស្ថិតក្នុងចំណោមមនុស្សប្រាំនាក់ដែលគេចាប់ខ្លួន។
មន្ត្រីប៉ូលិសនិងមន្ត្រីរដ្ឋាភិបាលក្នុងខេត្តរតនគិរីនៅថ្នាក់ខេត្ត ស្រុកនិងឃុំ មិនអាចទាក់ទងបានទេកាលពីថ្ងៃអាទិត្យ។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បាននិយាយថា លោកបានទទួលសេចក្តីរាយការណ៍ថា រថយន្តប៉ូលិសមានជនម៉ុងតាញ៉ាជិះបានបើកសំដៅទៅព្រំដែនវៀតណាម។
លោក ធី បាននិយាយថា “យើងគិតថា ប៉ូលិសកំពុងបញ្ជូនមនុស្សប្រាំនាក់នោះទៅវៀតណាម ប៉ុន្តែមិនទាន់ច្បាស់ទេ”។
ដោយយោងលើអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ លោកបានបន្ថែមថា “ខ្ញុំយល់ថា ការបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ាទាំងនេះចេញគឺជាការរំលោភសិទ្ធិមនុស្ស និងជាការរំលោភសន្ធិសញ្ញាជនភៀសខ្លួន”។
ប្រទេសហត្ថលេខីនៃអនុសញ្ញានេះយល់ព្រមអនុញ្ញាតឲ្យជនស្វែងរកសិទ្ធិជ្រកកោនទាំងអស់អាចទទួលបាននីតិវិធីសុំសិទ្ធិជ្រកកោន។ ប្រទេសកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងនេះនៅឆ្នាំ១៩៩២។
អាជ្ញាធរខេត្តរតនគិរី និងមន្ត្រីក្រសួងមហាផ្ទៃជាច្រើនលើកបានហៅជនម៉ុងតាញ៉ាជាជនអន្តោប្រវេសន៍ខុសច្បាប់ និងបានគំរាមចាប់ខ្លួននិងនិរទេសពួកគេ នេះគឺជាការរំលោភអនុសញ្ញាជនភៀសខ្លួន ដែលចែងយ៉ាងច្បាស់ថា ការស្វែងរកសិទ្ធិជ្រកកោនតម្រូវឲ្យមនុស្សបំពានច្បាប់អន្តោប្រវេសន៍ និងចែងថា ជនភៀសខ្លួនមិនគួរទទួលរងទណ្ឌកម្មចំពោះទង្វើនេះទេ។
លោកស្រី វ៉ានហៀ លី (Wan-Hea Lee) នាយកប្រចាំប្រទេសនៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឲ្យដឹងតាមរយៈអុីម៉េលមួយថា ការិយាល័យរបស់លោកស្រីបានដឹងអំពីការចាប់ខ្លួននេះ។
លោកស្រីបាននិយាយថា “យើងបារម្ភណាស់អំពីពួកគេ និងអំពីស្ថានភាពនៃជនម៉ុងតាញ៉ាទាំងអស់ដែលកំពុងលាក់ខ្លួន”។
លោកស្រីបានបន្ថែមថា “យើងបន្តព្យាយាមទាក់ទងសហការជាមួយក្រសួងមហាផ្ទៃដើម្បីដោះស្រាយបញ្ហានេះ។ ការពន្យារពេលក្នុងការដោះស្រាយស្ថានការណ៍នេះ បើទោះជាច្បាប់ចែងយ៉ាងច្បាស់ក្នុងករណីនេះក៏ដោយ ក៏ជាថ្មីម្តងទៀតវាបង្ហាញឲ្យឃើញបញ្ហាការគ្រប់គ្រងដ៏ធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា”។
ក្រុមម៉ុងតាញ៉ា១៣នាក់ដែលបានមកដល់ខេត្តរតនគិរីកាលពីខែតុលា ត្រូវបានអង្គការសហប្រជាជាតិនិងក្រសួងមហាផ្ទៃបញ្ជូនមកក្រុងភ្នំពេញកាលពីចុងឆ្នាំមុន។
នាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃកំពុងរៀបចំពិនិត្យសំណុំបែបបទការសុំសិទ្ធិជ្រកកោនរបស់ក្រុមនេះ រួមទាំងការសុំសិទ្ធិជ្រកកោនរបស់ម៉ុងតាញ៉ាបីនាក់ផ្សេងទៀតដែលបានមកដល់ក្រុងភ្នំពេញដោយឡែកពីគ្នាកាលពីថ្ងៃទី២១ខែមករាផងដែរ៕ មានិត (រាយការណ៍បន្ថែមដោយ Chris Mueller)