28 C
Phnom Penh

ក្នុងវត្ត​សាមគ្គីរង្សី​សាលា​ក្រុងយល់ឃើញថាជាការគំរាម “អបគមន៍”​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​ភ្នំពេញ​​បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ​​ដើម្បី​ស៊ើបអង្កេត​ថា តើ​ព្រះសង្ឃ​នៅ​វត្ត​សាមគ្គីរង្សី ដែល​ផ្ដល់​កន្លែងស្នាក់​នៅ​​សម្រាប់​សកម្មជន​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ ដែល​​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ខឹង​សម្បាកាលពី​ប៉ុន្មាន​ខែ​មុន​នេះបាន​​បួស​​ស្រប​ច្បាប់​ឬយ៉ាងណា។pagoda-WEB

អង្គការ​សិទ្ធិមនុស្ស និង​ព្រះសង្ឃ​នៅ​វត្ត​នេះ​បាន​លើក​ឡើង​ និង​មាន​សង្ឃដីកា​ថា ចំណាត់​ការ​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​​ដើម្បី​បំភិត​បំភ័យ​​​វត្តមួយ​ក្នុង​ចំណោម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​មិន​ដើរ​តាម​គណបក្ស​ប្រជាជន​កម្ពុជា និង​ដើម្បី​គាប​សង្កត់​​​អ្នក​ប្រឆាំង​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃសុក្រ សាលា​រាជធានី​បាន​លើក​ឡើង​ថា ​គណៈកម្មការ​នេះ​ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ដោះ​ស្រាយ​ភាព​ចម្រូង​ចម្រាស និង​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​នៅ​​វត្ត​សាមគ្គីរង្សី ​បន្ទាប់​ពី​សាមណេរ​មួយ​អង្គ​​​បាន​ចាក់​​សម្លាប់​​គ្រូសូត្រ​ស្ដាំ​មួយ​អង្គ​ កាលពី​ខែ​មុន​នៅ​ក្នុង​វត្ត​នេះ។ សាលារាជធានី​​បាន​លើក​ឡើង​បន្ត​ថា លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​កិច្ច​ប្រជុំមួយ​របស់​គណៈកម្មការ​នេះ​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ត្រួត​ពិនិត្យ​ការ​ងារ​របស់​ព្រះសង្ឃ​ និង​អ្នកភូមិ​ផ្សេងៗ​ទៀត​នៅ​ក្នុង​វត្ត​នេះ​។

កាលពី​​កន្លះ​ឆ្នាំ​មុន ​វត្ត​សាមគ្គីរង្សី​បាន​ផ្ដល់​ជម្រក​ដល់​សហគមន៍​​​​មកពី​ខេត្ត​មួយ​ចំនួន​ ដែល​ធ្វើ​ដំណើរ​​​មក​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​​នៅ​ក្នុង​វិវាទ​ដីធ្លី​របស់​ខ្លួន​​ជាមួយ​ក្រុម​ហ៊ុន​ឯកជន។ នគរ​បាល​​​បាន​រារាំង​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ឲ្យ​អ្នកភូមិ​​ និង​ព្រះសង្ឃ​ដែល​ផ្ដល់​ទីជម្រក​​​​ចាក​ចេញ​ពី​វត្ត​នេះ​ដើម្បី​ធ្វើ​ការ​តវ៉ា​ឡើយ ហើយ​នៅ​ខែ​វិច្ឆិកា នគរ​បាល​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ពីរ​អង្គ​ដែល​កំពុង​​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការ​តវ៉ា​នៅ​ទីនោះ។

នៅ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​​បាន​លើក​ឡើង​ថា ​​គណៈកម្មាធិការ​ដែល​ទើប​តែ​បង្កើត​ថ្មី​នេះ​​​រួម​មាន​តំណាង​មក​ពី​នគរ​បាល​រាជធានី​ កង​រាជអាវុធ​ហត្ថ និង​មន្ទីរ​ធម្មការ​ និង​សាសនា។ លោក​បាន​ចោទ​ប្រកាន់​​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ​ថា ជា​ព្រះសង្ឃ​មិន​ល្អ​​ ដោយ​លើក​ឡើង​​​ថា ​ព្រះសង្ឃ​ទាំង​នេះ​ត្រូវ​បាន​​​​បង្កើត​ឡើង​​ដើម្បី​ផ្ដាច់​ខ្លួន​​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​។

លោក​បាន​មាន​ប្រសាសន៍​ថា “សកម្មភាព​របស់​ព្រះសង្ឃ​ទាំង​អស់​នេះ គឺ​​​មិន​ត្រូវ​តាម​ធម៌​វិន័យ​ឡើយ ហើយ​យើង​មិន​ដែល​ឃើញ​វត្ត​សាមគ្គីរង្សី​​សហការ​ជាមួយ​អាជ្ញាធរ​នោះ​ទេ។ វា​ហាក់​បី​ដូច​ជា​ការ​​ធ្វើ​អបគមន៍​​នៅ​ក្នុង​រាជធានី​អ៊ីចឹង​ ហើយ​យើង​មិន​អាច​បណ្ដោយ​ឲ្យ​ព្រះ​សង្ឃ​ទាំង​នោះ​ធ្វើ​ដូច្នេះ​​បាន​ឡើយ​”។

លោក ឡុង ឌីម៉ង់ បាន​លើក​ឡើង​ទៀត​ថា អាជ្ញាធរ​រាជធានី​​នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​វត្ត​នេះ​ពេល​ណាមួយ​នៅ​ក្នុង​ខែ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​នឹង​ត្រួត​ពិនិត្យ​មើល​ថា តើវត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្រប​ច្បាប់​ឬក៏អត់​។ យើង​​នឹង​​ពិនិត្យ​​​មើល​ច្បាប់​​ថាតើ​ព្រះសង្ឃ​ដែល​គង់​នៅ​ទីនេះ​​មក​បួស​​ស្រប​ច្បាប់​ឬក៏អត់។ យើង​មិន​ដឹង​ថា តើ​វត្ត​សាមគ្គីរង្សី​ស្រប​ច្បាប់​ឬ​ក៏​អត់​​នោះឡើយ​​”។

ព្រះតេជគុណ ថាច់ ហាសំអាង ចៅអធិការ​ស្ដីទី​​វត្ត​សាគ្គីរង្សី​បាន​​​មាន​សង្ឃដីកា​ថា ឃាតកម្មលើ​ព្រះសង្ឃ​កាលពី​ថ្ងៃទី​១២ ខែ​មករា ​គឺ​ត្រូវ​បាន​គេប្រើ​​ជា​លេស​សម្រាប់​​សាលា​រាជធានី​ដើម្បី​បំភិត​បំភ័យ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ចំណោម​វត្ត​មួយ​ចំនួន ដែល​មិន​ព្រម​ដើរ​តាម​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​​ដើម្បី​បិទ​វត្ត​ប៉ុណ្ណោះ​។

ព្រះតេជគុណបាន​មាន​សង្ឃដីកាបន្ត​​ថា “រដ្ឋាភិបាល​ខ្លាច​វត្ត​នេះ​ ព្រោះ​វត្ត​នេះ​គាំទ្រ​ពលរដ្ឋ​ ហើយ​ហ៊ាន​និយាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ វា​មិន​ត្រឹម​ត្រូវ​ទេ ដែល​យក​លេស​នេះ [ឃាតកម្មព្រះសង្ឃ] ​ដើម្បី​បិទ​វត្តនោះ​។ រាល់​សកម្ម​ភាព​ទាំង​អស់​របស់​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី គឺ​ជួយ​ពលរដ្ឋ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​វិវាទ​ដីធ្លី។ នេះ​មិន​មែន​ជា​ការ​​រំលោភ​ច្បាប់​នោះ​ទេ ហើយ​វាជា​រឿង​​ត្រឹម​ត្រូវ​។ យើង​មិន​មែន​បង្ក​ឲ្យ​មាន​អសន្តិសុខ​ឡើយ​”។

លោក អំ សំអាត អ្នកគ្រប់​គ្រង​បច្ចេកទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សាលា​រាជធានី​កំពុង​ចុះ​ត្រួត​ពិនិត្យ​វត្ត​នេះ​​ ពោល​គឺ​ប្រមាណ​១៧​ឆ្នាំ​​បន្ទាប់ពី​វត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើងនោះ​​ ដោយ​សារ​វត្ត​នេះ​គាំទ្រ​អ្នក​តវ៉ា​ គឺ​មិន​មែន​ដោយ​សារ​តែ​រឿង​ឃាតកម្ម​​ព្រះសង្ឃ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​នោះ​ឡើយ​។

លោក​បាន​រិះគន់​ចំពោះ​ការ​លើក​ឡើង​​របស់​អ្នក​នាំពាក្យ​សាលា​រាជធានី​រូប​នេះ​ដែល​ថា ចលនា​អបគមន៍​ត្រូវ​បាន​បង្កើត​ឡើង​នៅ​វត្ត​សាមគ្គីរង្សី​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​មិន​អាច​ប្រើ​ពាក្យ​ ‘អបគមន៍’ ​ដាក់​វត្ត​នេះ​ឡើយ ព្រោះ​វា​គឺ​ជា​ពាក្យ​មួយ​ដ៏ធ្ងន់​។ អបគមន៍​មាន​ន័យ​ថា វត្ត​នេះ​ចង់​ផ្ដាច់​ខ្លួន​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ថា តើ​ព្រះសង្ឃ​ទាំង​នោះ​អាច​ផ្ដាច់​ខ្លួន​ម្ដេច​នឹង​កើត​ទៅ​បើ​គ្មាន​អាវុធ​ផង​នោះ?”។

លោក អំ សំអាត បាន​លើក​ឡើង​ទៀត​ថា គណៈកម្មការ​ថ្មី​នេះ​ក៏​ជា​ភ័ស្តុ​តាង​បន្ថែម​បង្ហាញ​ថា រដ្ឋាភិបាល​​ខ្លាច​បាត់​បង់​ការ​គ្រប់​គ្រង​​របស់​ខ្លួន​លើ​ព្រះសង្ឃ។

មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៣ ព្រះសង្ឃ​រាប់​រយ​អង្គ​​មិន​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​​ព្រះសង្ឃរាជ​ឡើយ​ ដោយ​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ការ​ហែក្បួន​​តវ៉ា​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ និង​​បាន​​ដង្ហែ​ក្បួន​ដោយ​ខ្លួន​ឯង​នៅ​តាម​តំបន់​ជនបទ​។ យោង​តាម​លទ្ធផល​ជា​ផ្លូវ​ការ​ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​​យ៉ាង​ប្រផិត​ប្រផើយ​ ហើយ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​លទ្ធផល​មួយ​​ដ៏អាក្រក់​បំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ​។

កាលពី​ខែ​វិច្ឆិកា សម្ដេច​ព្រះសង្ឃរាជ​ទាំង​ពីរ​​​គណៈ​បាន​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​មួយ​ ដែល​​​នឹង​មិន​អនុញ្ញាត​ឲ្យ​ព្រះ​សង្ឃ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស