គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានស្វាគមន៍សមាជិកថ្មីចូលគណៈកម្មាធិការកណ្តាលនៅថ្ងៃបញ្ចប់នៃមហាសន្និបាតគណបក្សរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយបញ្ចូលសមាជិកថ្មីជាច្រើននាក់ក្នុងជួរគណៈកម្មាធិការកណ្តាលបក្ស ដែលសឹងតែបាត់បង់ការគ្រប់គ្រងអំណាចជាច្រើនទសវត្សរ៍របស់ខ្លួនក្នុងការបោះឆ្នោតជាតិចុងក្រោយនេះ។
ការបន្ថែមនេះកើនជាងពីរដងនៃសមាជិកគណៈកម្មាធិការកណ្តាលគឺឡើងដល់៥៤៥នាក់ និងបញ្ចូលមន្ត្រីយោធានិងប៉ូលិសជាន់ខ្ពស់មួយចំនួន ព្រមទាំងកូនប្រុសបីនាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
និយាយជាមួយអ្នកយកព័ត៌មាននៅពេលបិទមហាសន្និបាត លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអួតអំពីការបន្ថែមស្ត្រី៤៥រូបចូលគណៈកម្មាធិការកណ្តាល និងសមាជិក “វ័យក្មេង” ៧០រូបអាយុក្រោម៥០ឆ្នាំ។
ក្នុងចំណោមសមាជិក២៦៨នាក់ក្នុងបញ្ជីគណៈកម្មាធិការកណ្តាលដែលដឹកនាំសមាជកាលពីថ្ងៃសុក្រ ២៧រូបបានទទួលមរណភាពចាប់តាំងពីគណៈកម្មាធិការនេះបានកោះប្រជុំចុងក្រោយកាលពីឆ្នាំ២០១៣ មួយរូបបានលាលែងចេញពីតំណែង និងបណ្តេញចេញពីគណបក្សមួយរូប។
លោក កាញារីទ្ធ បានមានប្រសាសន៍ថា “យើងបានបន្ថែមសមាជិក ពីព្រោះសមាជិកចាស់កាន់តែចាស់និងទទួលមរណភាព។ យើងត្រូវជ្រើសរើសយុវជន ពីព្រោះចំនួន៥០ភាគរយនៃប្រទេសនេះមានអាយុតិចជាង៣០ឆ្នាំ ដូច្នេះយើងបានជ្រើសរើសយុវជនដែលមានបទពិសោធន៍…។ យើងត្រូវការអ្នកស្នងដែលមានសមត្ថភាពគ្រប់គ្រាន់”។
លោកបានមានប្រសាសន៍ថា គណបក្សមិនបានកែប្រែគណៈកម្មាធិការអចិន្ត្រៃយ៍ទេ ហើយថាប្រធានគណៈកម្មាធិការកណ្តាលដែលមានជំងឺ គឺលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែលមិនបានចូលរួមក្នុងមហាសន្និបាតនេះ ពីព្រោះកំពុងទទួលការព្យាបាលជំងឺនៅប្រទេសវៀតណាមនោះ បានទទួលអាសនៈរបស់លោកដដែល។
លោក កាញារីទ្ធ មិនបានប្រាប់ឈ្មោះនរណាម្នាក់ក្នុងចំណោមសមាជិកថ្មីរបស់គណៈកម្មាធិការកណ្តាលនេះទេ។
ប៉ុន្តែបើយោងតាមបញ្ជីមួយបង្ហោះតាមគេហទំព័រព័ត៌មានភាសាខ្មែរក្នុងស្រុកបានឲ្យដឹងថា បញ្ជីនោះមានឈ្មោះកូនប្រុសទាំងបីនាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមនុស្សដ៏មានឥទ្ធិពលមួយចំនួនក្នុងជួរយោធានិងប៉ូលិសផងដែរ។
បញ្ជីនោះមានឈ្មោះលោក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងដ៏មានអំណាចនៅក្រសួងមហាផ្ទៃ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី លោក ទូច ណារុថ ប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ជួន សុវណ្ណ ស្នងការនគរបាលក្រុងភ្នំពេញ លោក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញ។
ការបន្ថែមសមាជិករបស់ពួកគេទំនងជាបញ្ឆេះឲ្យមានការរិះគន់ពីក្រុមប្រឆាំងនិងក្រុមសិទ្ធិមនុស្សថា គណបក្សប្រជាជនកម្ពុជាកំពុងរឹតបន្តឹងការក្តោបក្តាប់អំណាចរបស់ខ្លួនថែមទៀតលើកម្លាំងយោធានិងប៉ូលិសដែលពាក់ព័ន្ធនឹងនយោបាយស្រាប់ ឲ្យខំថែមទៀតដើម្បីការពារគណបក្សកាន់អំណាចជាងការពារប្រជាជន។
ឈ្មោះថ្មីមួយចំនួនក្នុងគណៈកម្មាធិការកណ្តាលនេះជាអ្នកចេញមុខជាងគេក្នុងការបង្ក្រាបដោយរដ្ឋាភិបាល ជួនកាលមានបង្ហូរឈាមផង លើបក្សប្រឆាំងនិងការតវ៉ារបស់កម្មករកាត់ដេរ បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣។
មហាសន្និបាតនេះ ដែលជាលើកដំបូងហើយរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីជិតចាញ់ឆ្នោតរបស់ខ្លួនក្នុងការបោះឆ្នោតជាតិ គឺមានការពិភាក្សាគ្នាផុលផុសអំពីសេចក្តីត្រូវការរបស់បក្សដើម្បីរៀនសូត្រពីបទពិសោធនិងកំណែទម្រង់។ លោក កាញារីទ្ធ មិនបានឲ្យដឹងច្រើន ថាកំណែទម្រង់ទាំងនោះជាអ្វីខ្លះនោះទេ។ លោកបានឲ្យដឹងអំពីការដំឡើងប្រាក់ខែនៅពេលខាងមុខសម្រាប់មន្ត្រីរាជការនិងកម្មករកាត់ដេរ និងបានអំពាវនាវឲ្យការិយាល័យរដ្ឋាភិបាលជាតិនិងមូលដ្ឋានជួលយុវជនច្រើនថែមទៀត និងប្រើហ្វេសប៊ុក និងធ្វីតធឺដើម្បីផ្សព្វផ្សាយការងាររបស់ខ្លួន។
លោកបានសន្មតថា ភាពខ្លាំងរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតចុងក្រោយនេះគឺដោយសារការរួមបញ្ចូលគ្នារបស់បក្សប្រឆាំងធំៗកាលពីឆ្នាំ២០១២ ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ។
លោកបាននិយាយថា “អាសនៈរបស់យើងបានថយចុះដោយសារបក្សផ្សេងបានរួមកម្លាំងគ្នា ដូច្នេះវាមានអាសនៈច្រើន។ ដូច្នេះឥឡូវនេះ យើងពិនិត្យចំណុចខ្វះខាតដើម្បីពង្រឹង និងដាក់ចេញយុទ្ធសាស្ត្រដើម្បីបោះជំហានទៅមុខ”។ លោកបានបន្ថែមថា “ប្រសិនបើគណបក្សមិនរួបរួមគ្នាទេ ទ្រាំនឹងព្យុះមិនបានទេ”។
របាយការណ៍លេចធ្លាយមួយដែលគណបក្សប្រជាជនបានចែកឲ្យទៅសមាជិកនៅថ្ងៃដំបូងនៃមហាសន្និបាត មានភាពស្មោះត្រង់អំពីបញ្ហារបស់បក្ស ដោយចង្អុលបង្ហាញបញ្ហាទាំងនោះ រួមមានដូចជាអ្វីគ្រប់យ៉ាងចាប់ពីអំពើពុករលួយនិងញាតិបក្សនិយមរហូតដល់ការរំលោភអំណាច កង្វះជំនឿប្រជាជនលើប្រព័ន្ធយុត្តិធម៌និងអសមភាពសង្គមយ៉ាងខ្លាំង។
បើទោះជាមានការលើកឡើងចំៗដ៏កម្រនេះក៏ដោយ ក៏លោក កែម ឡី អ្នកសង្កេតការណ៍នយោបាយបាននិយាយថា គណបក្សប្រជាជននឹងមិនធ្វើតាមកំណែទម្រង់ស៊ីជម្រៅ ដែលខ្លួនត្រូវការដើម្បីឈ្នះការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនោះទេ មិនថាបន្ថែមមនុស្សប៉ុន្មាននាក់ចូលគណៈកម្មាធិការកណ្តាលរបស់ខ្លួនឡើយ ល្គឹកណាមនុស្សដដែលនៅកាន់តំណែងជាន់ខ្ពស់នោះ។
វប្បធម៌ស្ថាប័ន…មិនទាន់បានកែសម្រួលទេ។ ទោះជាមានសមាជិកច្រើនថែមទៀតក៏ដោយ ក៏ពួកគេចាំតែទទួលការបង្គាប់បញ្ជាពីមេ…។ ពួកគេរៀនសូត្រពីមនុស្សចាស់ វប្បធម៌ចាស់”។
ជាអ្នករិះគន់រដ្ឋាភិបាលញឹកញាប់ លោក កែម ឡី បានបង្កើតក្រុមកំណែទម្រង់មួយកាលពីឆ្នាំមុន ដែលមានបំណងបង្កើតគណបក្សនយោបាយមូលដ្ឋានថ្មីនៅទូទាំងប្រទេសសម្រាប់ការបោះឆ្នោតលើកក្រោយ។
លោកបាននិយាយថា ការពង្រីកគណៈកម្មាធិការនឹងមិនកែប្រែអ្វីឡើយ បើសមាជិកថ្មីមិនមានអំណាចកែប្រែបក្សពីខាងក្នុងទេនោះ។
លោកបាននិយាយថា “ប៉ុន្តែពួកគេគ្រាន់តែដាក់[សមាជិកថ្មី]ក្នុងគុកឥតជញ្ជាំងប៉ុណ្ណោះ។ ពួកគេគ្មានសេរីភាពនិយាយអ្វីដែលពួកគេចង់និយាយឡើយ”។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ ដែលថ្មីៗនេះបានចូលរួមក្នុងបក្សប្រឆាំង ជាទីប្រឹក្សារបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយថា ការពង្រីកគណៈកម្មាធិការកណ្តាលគឺគ្មានអ្វីក្រៅតែពីឲ្យគណបក្សប្រជាជនកម្ពុជារួបរួមគ្នា លើកទឹកចិត្តសមាជិកក្មេងៗរបស់ខ្លួនឲ្យនៅមានភក្តីភាព ដោយឲ្យពួកគេចូលជួរសំខាន់របស់បក្ស និងធ្វើឲ្យមនុស្សចាស់សប្បាយចិត្ត ដោយទុកឲ្យពួកគេបន្តនៅតទៀត។
លោក ឡៅ ម៉ុងហៃ បាននិយាយថា “គ្មាននរណាចាញ់ទេតាមមធ្យោបាយនេះ”៕ មានិត (រាយការណ៍បន្ថែមដោយ Zsombor Peter)