ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសាលារាជធានីបានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតវត្តសាមគ្គីរង្សីពីបទសង្ស័យថា បានបង្កើត “ចលនាអបគមន៍ប្រឆាំងរដ្ឋាភិបាល” ព្រះសង្ឃមួយក្រុមដែលគង់នៅវត្តនេះបានមានសង្ឃដីកាថា ក្រុមព្រះអង្គកំពុងរៀបចំដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរដោយចោទប្រកាន់ព្រះសង្ឃដែលដឹកនាំវត្តនេះពីបទរៀបចំការវាយដំដ៏ព្រៃផ្សៃលើក្រុមព្រះអង្គ។
វត្តនេះគឺជាវត្តមួយក្នុងចំណោមវត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលហ៊ានប្រឆាំងនឹងវិន័យសង្ឃមិនឲ្យពាក់ព័ន្ធនឹងបញ្ហាដ៏រសើបទាក់ទិនរឿងនយោបាយ ដោយផ្ដល់ជម្រកដល់អ្នកភូមិខេត្តផ្សេងៗដែលមករាជធានីភ្នំពេញដើម្បីប្ដឹងអំពីវិវាទដីធ្លីរបស់ពួកគាត់។ កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យសាលារាជធានីបានចោទប្រកាន់ចៅអធិការវត្តនេះពីបទរៀបចំចលនាអបគមន៍ ហើយថា ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដើម្បីរកឲ្យឃើញថា តើវត្តនេះបង្កើតឡើងដោយស្របច្បាប់ ហើយព្រះសង្ឃនៅទីនេះបានបួសដោយត្រឹមត្រូវឬក៏អត់។
កាលពីម្សិលមិញសាមណេរមួយអង្គគង់នៅវត្តសាមគ្គីរង្សីនេះបានមានសង្ឃដីកាថា ព្រះអង្គនឹងព្រះសង្ឃមួយចំនួនផ្សេងទៀតកំពុងចោទប្រកាន់ចៅអធិការវត្ត សៀង សុវណ្ណារ៉ា ជំនួយការរបស់ព្រះអង្គ គឺព្រះតេជគុណ ឡាយ ឡាត់ និងចៅអធិការស្ដីទី ថាច់ ហាសំអាង ពីបទបញ្ជាឲ្យមានការវាយដំដ៏ព្រៃផ្សៃលើក្រុមព្រះអង្គ។
សាមណេរ សុត ឆាយា បានអះអាងថា ព្រះសង្ឃទាំងបីអង្គខាងលើនេះបានបញ្ជាឲ្យព្រះសង្ឃបីអង្គផ្សេងទៀតមកវាយធ្វើបាបព្រះអង្គដោយប្រើកាំបិត និងដុំថ្មកាលពីថ្ងៃទី២ ខែមករា ខណៈព្រះសង្ឃទាំងបីអង្គនេះសង្ស័យថា ព្រះអង្គព្យាយាមគ្រប់គ្រងវត្តនេះ។ សាមណេរអង្គនេះបានបង្ហាញអ្នកយកព័ត៌មានឲ្យឃើញអំពីស្លាកស្នាមដ៏វែងនៅលើដៃខាងឆ្វេងរបស់ព្រះអង្គ ដែលព្រះអង្គបានលើកឡើងថា បានរងរបួសនៅពេលមានការវាយដំ។
សាមណេរអង្គនេះបានមានសង្ឃដីកាថា “ក្រុមព្រះសង្ឃទាំងនោះបានវាយដំអាត្មា ហើយគំរាមយកជីវិតអាត្មាទៀតផង។ ហើយក្រុមព្រះសង្ឃទាំងនោះមិនមែនគ្រាន់តែវាយដំ និងគំរាមអាត្មានោះទេ ប៉ុន្តែក៏បានវាយដំ និងគំរាមព្រះសង្ឃផ្សេងទៀតដែរ”។
សាមណេរ សុត ឆាយា បានមានសង្ឃដីកាថា ក្រុមព្រះសង្ឃទាំងបីអង្គដែលដឹកនាំវត្តនេះបានបញ្ជាឲ្យមានការវាយដំលើព្រះសង្ឃចំនួនប្រាំពីរអង្គនៅក្នុងពេលខុសៗគ្នា។ ព្រះសង្ឃបួនអង្គក្នុងចំណោមព្រះសង្ឃទាំងប្រាំពីរអង្គនេះបានគាំទ្រចំពោះពាក្យបណ្ដឹងនេះ ហើយកំពុងរង់ចាំព្រះសង្ឃមួយអង្គទៀតចូលរួមមុនពេលដាក់ពាក្យបណ្ដឹងនេះទៅកាន់សាលារាជធានី និងមន្ត្រីធម្មការចាប់ពីថ្នាក់ខណ្ឌរហូតដល់ក្រសួងធម្មការ និងសាសនា។
ចៅអធិការវត្ត សៀង សុវណ្ណារ៉ា បាននិមន្តទៅប្រទេសក្រៅ ហើយមិនអាចទាក់ទងបានឡើយ។ ព្រះតេជគុណ ថាច់ ហាសំអាង បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ ហើយបានចោទប្រកាន់ព្រះសង្ឃដែលដាក់ពាក្យបណ្ដឹងថា ទទួលបញ្ជាពីមន្ត្រីរដ្ឋាភិបាលដែលចង់បិទវត្តសាមគ្គីរង្សីនេះ។
ព្រះតេជគុណបានមានសង្ឃដីកាថា “ពាក្យបណ្ដឹងរបស់សាមណេរអង្គនេះគឺមិនពិតនោះទេ ព្រោះយើងមិនដែលធ្វើអ្វីដូច្នេះឡើយ។ យើងជាសង្ឃ តើយើងអាចវាយដំសាមណេរអង្គនេះម្ដេចនឹងកើតទៅ? វាពិតជាមាននរណាម្នាក់នៅពីក្រោយ ដោយបញ្ជាឲ្យសាមណេរអង្គនេះបង្កភាពចលាចលនៅក្នុងវត្ត”។
ព្រះតេជគុណ ថាច់ ហាសំអាង បានមានសង្ឃដីកាទៀតថា ក្រសួងធម្មការ និងសាសនា បានទទួលស្គាល់វត្តនេះជាផ្លូវការហើយ ប៉ុន្តែព្រះតេជគុណ ឃឹម សន មេគុណរាជធានីភ្នំពេញមានសង្ឃដីកាថា ក្រសួងមិនបានទទួលស្គាល់វត្តនេះជាផ្លូវការឡើយ។ គេមិនអាចទាក់ទងរដ្ឋមន្ត្រី ឬអ្នកនាំពាក្យក្រសួងនេះសុំការធ្វើអត្ថាធិប្បាយបានឡើយ៕ ស៊ុយឈាង