29 C
Phnom Penh

ប្រជាពលរដ្ឋ​ស្នាក់​នៅ​​ក្នុង​អគារ​​ប៊ូឌីង​​​ភិត​ភ័យ​ដោយ​សារ​​​​អគារ​នេះ​ចេញ​ស្នាម​ប្រេះ​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុង​​ “អគារ​ស” ឬ​ហៅ​ថា អគារ​ប៊ូឌីង បាន​ជួប​​ជាមួយ​មន្ត្រី​មកពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​រៀបចំ​ដែន​ដី​កាលពី​ម្សិលមិញ ដើម្បី​​លើក​ឡើង​ពី​ក្ដី​បារម្ភ​របស់ពួកគាត់​ចំពោះ​ស្នាម​ប្រេះ​មួយ​ដែល​មាន​​​ទំហំ​៥សង់ទីម៉ែត្រ​នៅ​ជញ្ជាំង​បែរ​ទៅ​ទិស​ខាង​ត្បូង​នៃ​ប្លុក​អគារ​ដ៏ទ្រុឌទ្រម​នេះ​កាលពី​ល្ងាច​ម្សិលម្ងៃ​។_white-building2

យោង​តាម​លោក ខាត់ ណារិទ្ធ ចៅសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន បាន​ឲ្យ​ដឹង​ថា ស្នាម​ប្រេះ​ដែល​មាន​ចាប់ពី​ដី​រហូត​ដល់​ដំបូល​​នៃ​អគារ​​កម្ពស់​បួន​ជាន់​នេះ ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​គ្រឹះ​​ដែល​ទើប​តែ​ជីក​បាន​ពាក់​កណ្ដាល​សម្រាប់​សាង​សង់​សណ្ឋាគារ​​ ហើយ​ស្នាម​ប្រេះ​នេះ​បាន​កើត​​ឡើង​នៅ​មុន​ម៉ោង​៦ល្ងាច​ថ្ងៃ​អាទិត្យ នៅ​ពេល​គ្រឿង​ចក្រ​មួយ​បាន​បុក​គ្រឹះ​នៅ​ខាង​ក្នុង​ការដ្ឋាន​សំណង់​ជាប់​គ្នា​។

លោក​​បាន​មាន​ប្រសាសន៍​ថា ទីតាំង​នេះ​​ត្រូវ​បាន​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ 7NG ដែល​បាន​​​បណ្ដេញ​ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​​ដោយ​ហិង្សា​ចេញពី​ដី​ដែល​មាន​ហាង​ឆេង​ខ្ពស់​នៅ​ពីក្រោយ​អគារ​ស​​កាលពី​ឆ្នាំ​២០០៩​ លក់​ឲ្យ​ទៅ​ពាណិជ្ជករ​​ខ្មែរ​ម្នាក់​ឈ្មោះ រិទ្ធី សំណាង។

លោក​បាន​លើក​ឡើង​ថា “សហគមន៍​ដីក្រហម​បាន​លក់​វា​ឲ្យ​ទៅ​ក្រុម​ហ៊ុន 7NG ហើយ​ក្រុម​ហ៊ុន​​ 7NG ​បាន​លក់​វា​ [មួយ​ផ្នែក​] ឲ្យ​ទៅ​ពាណិជ្ជករ​រូប​នេះ​”។ លោក​បាន​លើក​ឡើង​ថា លោក​ រិទ្ធី សំណាង បាន​​ជួល​​ក្រុម​ហ៊ុន​សំណង់ឈ្មោះ Biaxis របស់​​ម៉ាឡេស៊ី​​ឲ្យ​ចាប់​ផ្ដើម​ជីក​បុក​គ្រឹះ​សម្រាប់​សាង​សង់​សណ្ឋាគារ​កាលពី​ប្រហែល​១ខែមុន​។

លោក​ ឈាង បូណា អ្នក​នាំពាក្យ​ក្រុម​ហ៊ុន 7NG បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​​​មិន​ដឹង​អ្វី​ទេ​​ជុំវិញ​កិច្ច​ព្រមព្រៀង​រវាង​ក្រុម​ហ៊ុនរបស់​លោក​​ និង​លោក​ រិទ្ធី សំណាង​។ ចំណែក​ឯ​លោក​ រិទ្ធី សំណាង មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេទាក់​ទង​នឹង​បញ្ហា​នេះ​។​

លោក​ មាស ស៊ីថន អាយុ​៥០​ឆ្នាំ​ ដែល​រស់​នៅ​ជាមួយ​គ្រួសារ​របស់គាត់​ក្នុង​អគារ​​ស​នេះ​​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក បាន​និយាយ​ថា នៅ​ពេល​អគារ​នេះ​លេច​ចេញ​ស្នាម​ប្រេះ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ គាត់​និង​អ្នក​ជួល​បន្ទប់​ប្រហែល​១២​នាក់​ទៀត​បាន​ប្រញាប់​ទៅ​បញ្ឈប់​សកម្មភាព​​ជីក​ដី​បុកគ្រឹះ​​នៅ​ការដ្ឋាន​ខាង​លើ​នេះ​ មុន​ពេល​​វា​​បង្ក​ការ​ខូច​ខាត​បន្ថែម​ទៀត។

គាត់​និយាយ​ថា “យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ការ​ងារ​ទៀត​​បាន​ទេ ពីព្រោះ​អគារ​​អាច​​នឹង​បាក់​រលំ​ ដូច្នេះ​យើង​ត្រូវ​រារាំង​ពួកគេ​​កុំ​ឲ្យ​ជីក​ដី”។ លោក​បាន​លើក​ឡើង​បន្ថែម​ថា ប្រជាពល​រដ្ឋ​ស្នាក់​នៅ​ទីនោះ​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​​ជួប​ជាមួយ​ពួកគាត់​នៅ​ព្រឹក​បន្ទាប់​។

លោក កើត សារ៉េត អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី ដែល​បាន​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ទាំង​នេះ​កាលពី​ម្សិលមិញ​ បាន​មាន​ប្រសាសន៍​ថា ស្នាម​ប្រេះ​នេះ​​មិន​មែន​បង្ក​ឡើង​ដោយ​សារ​ការ​សាង​សង់​​នៅ​ជាប់​គ្នា​ឡើយ។

ទោះ​ជាយ៉ាង​ណា លោកបាន​មាន​ប្រសាសន៍​ថា ​លោក​បានស្នើ​សុំ​ឲ្យ​លោក រិទ្ធី សំណាង ​​បញ្ឈប់​ការ​ជីក​បុកគ្រឹះ​នេះ​ហើយ​។

លោក​មាន​ប្រសាសន៍​អំពី​ការ​បុកគ្រឹះ​សម្រាប់​សាង​សង់​អគារ​ការិយាល័យ​ដែល​មិន​មែន​​សម្រាប់​សណ្ឋាគារ​នេះ​​ថា ” ខ្ញុំ​បាន​ប្រាប់​ក្រុម​ហ៊ុន​ឲ្យ​​ឈប់​ជីក​ដី​ ពីព្រោះ​យើង​​ពិនិត្យ​មើល​រាល់​ហេតុ​ផល​ដែល​ធ្វើ​​ឲ្យ​ជញ្ជាំង​ប្រេះ​”។ លោក​បាន​បន្ថែម​ថា លោក​បាន​ដាក់​កញ្ចក់​ធំមួយ​នៅ​ពី​លើ​ស្នាម​ប្រេះ​លើ​ជញ្ជាំង​ខាង​ក្នុង​។ លោក​បាន​ពន្យល់​ថា ប្រសិន​បើ​ស្នាម​ប្រេះ​រីក​កាន់​​តែ​ធំ​ កញ្ចក់​នឹង​បែក​។

លោក កើត សារ៉េត បាន​មាន​ប្រសាសន៍​ថា ការដ្ឋាន​សំណង់​របស់​ក្រុម​ហ៊ុន​លោក រិទ្ធី សំណាង ​​មាន​ទំហំ​មិន​លើស​ពី​​៣.០០០​ម៉ែត្រ​ក្រឡា​ឡើយ​ ​ហើយ​ត្រូវ​ការ​តែ​ការ​​អនុម័តពី​សាលា​រាជធានីប៉ុណ្ណោះ​​ ពីព្រោះ​​​ទាល់​តែ​គម្រោង​ដែល​មាន​​ផ្ទៃ​ដី​លើស​ពី​៣.០០០​ម៉ែត្រ​ក្រឡា​ឡើង​ទៅ​​ ទើប​ត្រូវ​ការ​​អាជ្ញាប័ណ្ណ​​ពី​ក្រសួង​របស់​លោក​។

នៅ​ពេល​សាក​សួរ​ថា តើ​សាលា​រាជធានី​បាន​អនុញ្ញាត​ឲ្យ​លោក រិទ្ធី​ សំណាង​ សាង​សង់​អគារ​មួយ​ជាប់​នឹង​អគារ​ស​ឬយ៉ាង​ណានោះ លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​នេះ​ទេ។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​ 7NG ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ផ្នែក​ខ្លះ​នៃ​ដី​ដែល​ខ្លួន​បាន​សន្យា​អភិវឌ្ឍ​ទៅ​ជា​សំណង់​លំនៅ​ដ្ឋាន និង​ការិយាល័យ​​ ដោយ​ទុក​ចោល​ឲ្យ​នៅ​ទំនេរ​សម្រាប់​យក​កន្លែង​ចត​រថយន្ត​ និង​​តារាង​បាល់​ទាត់​នោះ លោក ឡុង ឌីម៉ង់ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏​បាន​​លើ​ដីនេះ​។​

លោក​បាន​​លើក​ឡើង​បន្ថែម​ទៀត​ថា “ត្រង់​ពួកគេ​អភិវឌ្ឍឬ​ធ្វើ​អ្វី​ផ្សេង ​​វា​ស្រេច​​លើ​ក្រុម​ហ៊ុន​។ ក្រុម​ហ៊ុន​បាន​ដោះ​ដូរ​​ជាមួយ​សហគមន៍​ ដូច្នេះ​ដី​នេះ​គឺ​​ជា​ដី​របស់​ក្រុម​ហ៊ុន​។ តើ​វា​ខុស​ច្បាប់​ត្រង់​ណា? បើ​ពួកគេ​សាង​សង់​សង្វៀន​ជល់​មាន់ នោះ​ទើប​វា​ខុស​ច្បាប់​”។

កាលពី​ខែ​សីហា​ ប្រជាពល​រដ្ឋ​ជា​ច្រើននាក់​ដែល​​ស្នាក់​នៅ​អគារ​ស​ ជា​គម្រោង​លំនៅដ្ឋាន​​តម្លៃ​ថោក​ ដែល​ត្រូវ​បាន​សាង​សង់​​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអង្គម្ចាស់​ នរោត្តម សីហនុ នៅ​ក្នុង​ឆ្នាំ​១៩៦៣ ដែល​ពេល​នេះ​​ក្លាយ​ជា​​កន្លែង​ស្នាក់​នៅ​របស់​ប្រជា​ពលរដ្ឋ​ជាង​៦០០​គ្រួសារ​នោះ​ បាន​​លើក​ឡើង​ថា តំណាង​ក្រុម​ហ៊ុន 7NG បាន​លួច​ទិញ​ផ្ទះ​ល្វែង​នៅ​ក្នុង​អគារ​នេះ​ដោយ​ស្ងាត់​ៗ។

នៅ​ខែ​បន្ទាប់​លោក ប៉ា សុជាតិវង្ស ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា អគារ​ស​នេះ​​​​បាន​ទទួល​​រង​ការ​​ថ្កោល​ទោស​​​​​ ហើយ​ចាំបាច់​ត្រូវ​​វាយ​កម្ទេច​ចោល​ ប៉ុន្តែ​ក្រោយ​មក​​សាលា​រាជធានី​​បាន​ផ្លាស់​ប្ដូរ​គំនិតវិញ ​​ចំពេល​សាធារណជន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​នេះ​៕ សុខុម​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស